ភ្នំពេញ៖ ស្ថានទូតថៃប្រចាំកម្ពុជា សហការជាមួយក្រុមប្រឹក្សាធុរកិច្ចថៃនៅកម្ពុជា និងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា រៀបចំសិក្ខាសាលាក្រោមប្រធានបទ “ការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម : ស្វែងយល់អំពីច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធ នឹងការងារគយនៅកម្ពុជា” ដែលមានអ្នកចូលរួមប្រមាណ ១៥០ រូប ដែលជាពីតំណាងមកពីក្រុមហ៊ុននាំចេញ-នាំចូល, ក្រុមហ៊ុនដឹកជញ្ជូន, ក៏ដូចជាតំណាងមកពីរដ្ឋបាលគយថៃ។
នាឱកាសអញ្ជើញចូលរួម សិក្ខាសាលាខាងលើនៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៤ លោក Cherdkiat Atthakor ឯកអគ្គរាជទូត ថៃ ប្រចាំ ជា បានលើកឡើងពីលើសារៈសំខាន់ នៃការយល់ដឹងអំពីការវិវត្តនៃគោលនយោបាយ ច្បាប់គយ និងបទប្បញ្ញត្តិពាក់ព័ន្ធសម្រាប់ពាណិជ្ជកម្មអន្តរជាតិ ជាពិសេសពាណិជ្ជកម្មរវាងប្រទេសថៃ និង កម្ពុជា។
ជាមួយគ្នានោះ លោក ក៏បានបន្ថែមថា សិក្ខាសាលានេះជាផ្នែកមួយនៃកម្មវិធី របស់ស្ថានទូតថៃ ក្នុងការគាំទ្រធុរកិច្ចថៃនៅកម្ពុជា ដើម្បីលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្មតាមរយៈ ការចែករំលែកចំណេះដឹងនិងការអនុវត្តល្អៗ ជាពិសេសក្នុងប្រតិបត្តិការគយនិងព្រំដែន និងបង្កើនទំនាក់ទំនងពាណិជ្ជកម្ម រវាងព្រះរាជាណាចក្រថៃ និងព្រះរាជាណាចក្រកម្ពុជា។
ថ្លែងក្នុងកម្មវិធីបើកសិក្ខាសាលាលោក បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានគូសរំលេចពីការសម្រេចព្រមព្រៀងគ្នា ដោយប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីកម្ពុជា-ថៃដល់កម្រិត “ភាពជាដៃគូយុទ្ធសាស្ត្រ” ក្នុងអំឡុងពេល សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសថៃ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤។
លោកបន្តថា ក្នុងពេលនោះដែរ រដ្ឋបាលគយកម្ពុជានិងរដ្ឋបាលគយថៃ ដែលបានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា (MoU) ស្តីពី “ទំនិញឆ្លងកាត់” ដើម្បីជួយសម្រួលបន្ថែមទៀតដល់ចរាចរណ៍ ទំនិញឆ្លងកាត់រវាងប្រទេសទាំងពីរ។
លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ក៏បានគូសរំលេចអំពីសារៈសំខាន់ នៃសិក្ខាសាលានាពេលនេះ ក្នុងការលើកកម្ពស់ការយល់ដឹង របស់ធុរជនដែលប្រកបអាជីវកម្មពាក់ព័ន្ធ នឹងសកម្មភាពនាំចេញ-នាំចូលទំនិញរវាងប្រទេសទាំងពីរ អំពីច្បាប់និងបទប្បញ្ញត្តិ ពាក់ព័ន្ធនឹងការអនុវត្តនីតិវិធីគយ ជាពិសេសនីតិវិធីគយក្នុងការសម្រួលពាណិជ្ជកម្ម ដែលត្រូវបានដាក់ឱ្យអនុវត្តនាពេលថ្មីៗកន្លងមកនេះ ស្របតាមវិធានការរបស់រាជរដ្ឋា-ភិបាលកម្ពុជា ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។
លោកបណ្ឌិត គុណ ញឹម សង្កត់ថា ការលើកកម្ពស់ចំណេះដឹងរបស់ផ្នែកឯកជន ជាកត្តាដ៏ចំបងក្នុងការលើកកម្ពស់ បរិយាកាសធុរកិច្ចនៅកម្ពុជា ក៏ដូចជាក្នុងការលើកកម្ពស់អនុលោមភាព ក្នុងការអនុវត្តនីតិវិធីគយ ឈានដល់ការទទួលបានអត្ថប្រយោជន៍ ជាអតិបរមាពីវិធានការសម្រួលពាណិជ្ជកម្មនានា ផ្ដល់ដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ)។
ជាមួយគ្នានោះ លោក រដ្ឋមន្ត្រីប្រតិភូ បានលើកទឹកចិត្តឱ្យតំណាង វិស័យឯកជនខិតខំស្វែងយល់ និងអនុវត្តឱ្យបានពេញលេញនូវកាតព្វកិច្ចរបស់ខ្លួន ក្រោមបញ្ញត្តិនៃច្បាប់ស្ដីពីគយនិងបទប្បញ្ញត្តិពាក់ព័ន្ធ និងប្រើប្រាស់យន្តការភាពជាដៃគូគយ-ផ្នែកឯកជន ដើម្បីជំរុញកែលម្អបរិយាកាសធុរកិច្ច នៅកម្ពុជាឱ្យបានកាន់តែប្រសើរឡើងទៀត។
គួរបញ្ជាក់ផងដែរថា ក្នុងកិច្ចដំណើរការនៃសិក្ខាសាលានេះ មានការធ្វើបទបង្ហាញដោយ តំណាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា អំពីការអនុវត្តនីតិវិធីពាក់ព័ន្ធគយកម្ពុជា ដែលទើបដាក់អនុវត្តនាពេលថ្មីៗ, យន្តការសម្រួលពាណិជ្ជកម្ម និងទិសដៅជាយុទ្ធសាស្ត្ររបស់ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។
ទន្ទឹមនេះ ក៏មានការធ្វើបទបង្ហាញដោយរដ្ឋបាលគយថៃ អំពីការអនុវត្តនីតិវិធីគយនៅប្រទេសថៃ, និងការចែករំលែកបទពិសោធន៍ដោយ ក្រុមហ៊ុនថៃប្រកបរបរអាជីវកម្មដឹកជញ្ជូន និងនាំចេញ-នាំចូល នៅកម្ពុជា ក៍ដូចជាវេទិកាសំណួរ-ចម្លើយ យ៉ាងផុលផុសតាមវគ្គនីមួយៗ៕