ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ បានទទួលជួបសម្ដែង ការគួរសម និងពិភាក្សាការងារជាមួយ គណៈប្រតិភូធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដឹកនាំដោយ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ARDB ខណៈភាគីទាំងពីរ នឹងសហការគ្នាជួយសហគមន៍ ដាំឬស្សី ដើម្បីបង្កើនគម្របបៃតង និងជួយបង្កើនជីវភាពសហគមន៍។
ក្នុងជំនួបនោះ លោក កៅ ថាច បានលើកឡើងថា ធនាគារអភិវឌ្ឍន៍ ជនបទ និងកសិកម្ម ធ្វើប្រតិបត្តិការចម្បង ផ្ដោតលើការផ្ដល់ឥណទាន ដល់អតិថិជន ដើម្បីជួយសម្រួលការពង្រឹង និងពង្រីកការងាររកចំណូល ឱ្យកាន់តែមានប្រសិទ្ធភាព។ បច្ចុប្បន្ន ធនាគារARDB កំពុងស្វែងរកឱកាសហប្រតិបត្តិការជាមួយក្រសួងនានា ស្ថាប័នជាតិ និងអន្តរជាតិពាក់ព័ន្ធបន្ថែម ដើម្បីពង្រីកការផ្ដល់ឥណទានជូនអតិថិជន។
លោកបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍លើកឡើងពី គម្រោងការលើកកម្ពស់ជីវភាពសហគមន៍ តាមរយៈយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញនាពេលកន្លងទៅ ផ្តោតលើសរសស្តម្ភចំនួន៣ គឺស្អាត បៃតង និងចីរភាព។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានស្នើឱ្យ មានរៀបចំអនុស្សារណៈយោគយល់ រវាងក្រសួងបរិស្ថាន និងធនាគារARDB ផ្តោតទៅលើកិច្ចសហប្រតិបត្តិការមូល និធិអាកាសធាតុបៃតង Green Climate Fund ជាពិសេសលើគម្រោងការ លើកកម្ពស់ជីវភាពសហគមន៍ដាំឫស្សី។
លោករដ្ឋមន្រ្តី បានបញ្ជាក់ថា គម្រោងនេះអាចជួយឱ្យសហគមន៍ដាំដុះឬស្សី ដើម្បីបង្កើនគម្របព្រៃ និងជួយបង្កើនជីវភាពសហគមន៍ ព្រោះឫស្សីដាំដុះលឿន និងងាយស្រួលក្នុងការយកមកធ្វើការកែច្នៃ៕