ភ្នំពេញ ៖ ជនល្មើសចំនួន ៦នាក់រួមជាមួយថ្នាំញៀន ជិត ៤០០គីឡូក្រាម ត្រូវបានមន្ទីរប្រឆាំងគ្រឿងញៀន ចុះបង្ក្រាបនៅ ៣ទីតាងផ្សេងគ្នា ក្នុងរាជធានីភ្នំពេញ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក មន្ទីរប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២៧ សីហា។
ប្រតិបត្ដិការនេះ អនុវត្តតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និង ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរង ទទួលសហការដឹកនាំមន្ទីរប្រឆាំងគ្រឿនញៀន និងដឹកនាំបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន។
កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៤) សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការដឹកនាំ និងសម្របសម្រួលដោយលោក គឹម ហុងសាន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី២៤ សីហា បានចុះស្រាវជ្រាវស៊ើបអង្កេត រហូតឈានទៅបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ស្ថិតនៅ ០៣ទីតាំង។
ប្រភព ដដែល បន្ដថា ចំនួន ៣ទីតាំងនោះ រួមមាន ៖ ទីតាំងទី១ ស្ថិតនៅចំណុច បុរីផុងស៊ុយ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។ ទីតាំងទី២ ស្ថិតនៅចំណុច ផ្ទះលេខ WG ផ្លូវលេខ៦ ភូមិទួលសំពៅ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ។ ទីតាំងទី៣ ស្ថិតនៅចំណុច បុរីលឹមឈាងហាក់ ហ្គ្រីនហូម ផ្ទះលេខ១៦D ផ្លូវលេខ២A ភូមិកំរៀង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
ជាលទ្ធផលចាប់ខ្លួនជនល្មើស ចំនួន ៦នាក់ ចំពោះ វត្ថុតាងចាប់យក រួមមាន៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ២៥៤ ២៩២. ៤០ក្រាម, គ្រឿងញៀនប្រភេទកេតតាមីន (Ketamine) ១២៧ ៦០៦.៨០ក្រាម, គ្រឿងញៀនហេរ៉ូអ៊ីន (Heroine) ៧៧០០ក្រាម សរុបគ្រឿងញៀន ៣៨៩ ៥៩៩.២០ក្រាម (៣៨៩គីឡូ ៥៩៩.២០ក្រាម)។ សម្ភារចាប់យករួមមាន៖ រថយន្ត Pruise ០១គ្រឿង។
បច្ចុប្បន្នជនល្មើស និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនខ្លួន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕