កណ្ដាល៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានណែនាំអង្គភាពច្រកចេញចូលតែមួយខេត្ត ត្រូវខិតខំដោះស្រាយនូវរាល់សេវាដែលមានការយឺតយ៉ាវជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ពិសេសអង្គភាពត្រូវរៀបចំក្រុមការងារ ដើម្បីចុះជួបផ្ទាល់ដល់មូលដ្ឋានជាមួយអ្នកត្រូវទទួលសេវា។
នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការបម្រើសេវាដោយអង្គភាពច្រកចេញចូលតែមួយ របស់សាលាខេត្តកណ្ដាល ដើម្បីឱ្យការបម្រើសេវាសាធារណៈកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ នៅថ្ងៃទី២៧ សីហា លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានណែនាំដល់អង្គភាពច្រកចេញចូលតែមួយ កាត់បន្ថយភាពស្មុកស្មាញ់ ដើម្បីជួយសម្រួល និងចំណេញពេលវេលាដល់ប្រជាពលរដ្ឋងាយស្រួលមើល ក្នុងការស្វែងរកសេវាដែលពួកគាត់ត្រូវការ។
លោកអភិបាលខេត្ត បានជំរុញឱ្យអង្គភាពច្រកចេញចូលតែមួយខេត្ត ត្រូវខិតខំដោះស្រាយនូវរាល់សេវាដែលមានការយឺតយ៉ាវជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ជាពិសេសអង្គភាពត្រូវរៀបចំក្រុមការងារ ដើម្បីចុះជួបផ្ទាល់ដល់មូលដ្ឋានជាមួយអ្នកដែលត្រូវទទួលសេវា ដើម្បីផ្សព្វផ្សាយ ពន្យល់ណែនាំ និងលើកទឹកចិត្តឱ្យពួកគាត់មកទទួលយកសេវារបស់អង្គភាពច្រកចេញចូលតែមួយខេត្ត សំដៅងាយស្រួលដល់ការងារគ្រប់គ្រងរវាងអ្នកដែលមកទទួលសេវា និងអ្នកដែលមិនព្រមមកទទួលសេវា ជាពិសេសមន្ទីរដែលមិនមានអ្នកមកទទួលសេវា ក៏ត្រូវចុះធ្វើការស្វែងយល់ ជាមួយអ្នកទទួលសេវា ដើម្បីជំរុញលើកទឹកចិត្តឱ្យពួកគាត់មកទទួលសេវារបស់មន្ទីរតាមរយៈអង្គភាពច្រកចេញចូលតែមួយរបស់សាលាខេត្តផងដែរ។
លោកអភិបាលខេត្ត បានស្នើដល់មន្ទីរព័ត៌មានខេត្ត ត្រូវជូនដំណឹងដល់ម្ចាស់ស្លាកគ្រឿងស្រវឹងទាំងឡាយណា ដែលបានដាក់តាមដងផ្លូវ មិនមានច្បាប់អនុញត្តិត្រូវរុះរើចេញឱ្យអស់ទាំងស្លាកនិងគ្រឹះ ដើម្បីចៀសវាងបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ ជួយលើកសោភ័ណភាពតាមដងផ្លូវសាធារណៈ ចំពោះការផ្សព្វផ្សាយដែលមានច្បាប់អនុញ្ញាតសូមលើកទឹកចិត្តឱ្យដាក់ស្លាកផ្សព្វផ្សាយតាមជញ្ជាំងផ្ទះវិញ ហើយចំពោះការឌីហ្សាញរូបភាព ក៏ត្រូវពិនិត្យឱ្យបានសមស្រប ចៀសវាងដាក់ពាក្យស្នើសុំផ្សេង តែពេលដាក់ស្លាកផ្សព្វផ្សាយផ្សេងខុសពីអ្វីដែលបានស្នើសុំ។
បន្ថែមពីលើនេះ លោក គួច ចំរើន អភិបាលខេត្ត ក៏បានជំរុញដល់អង្គភាពច្រកចេញចូលតែមួយខេត្ត ត្រូវខិតខំដោះស្រាយបញ្ហាក្នុងការផ្តល់សេវាដែលមានភាពយឺតយ៉ាវលើវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សេវាពន្ធដារត្រូវភ្ជាប់ប្រព័ន្ធតាមដានជាមួយក្រសួងមហាផ្ទៃ វិស័យសាធារណការ និងដឹកជញ្ជូន ត្រូវខិតខំដោះស្រាយបញ្ហាម្ចាស់កំពងចំលងឱ្យមានច្បាប់ត្រឹមត្រូវក្នុងការប្រកបអាជីវកម្មត្រូវណែនាំឱ្យម្ចាស់កំពង់ចម្លងមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការដឹកជញ្ជូនប្រជាពលរដ្ឋប្រកបដោយសុវត្ថិភាពខ្ពស់៕