ភ្នំពេញ៖ កម្ពុជា-អាស៊ែបៃហ្សង់ បានគូសបញ្ជាក់ពីការប្តេជ្ញាពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនថែមទៀត ជាពិសេសលើវិស័យបរិស្ថាន ។
ការប្ដេជ្ញានេះធ្វើឡើងក្នុងជំនួបរវាងលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជាមួយលោក Shovgi Mehdizada ឯកអគ្គរដ្ឋទូតអាស៊ែបៃហ្សង់ ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាន នៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ។

ក្នុងជំនួបនោះលោកបណ្ឌិត អ៊ាង សុផល្លែត និងលោក Shovgi Mehdizada បានគូសបញ្ជាក់ពីការប្តេជ្ញា ពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ កម្ពុជា-អាស៊ែបៃហ្សង់ ឱ្យបានកាន់តែរីកចម្រើនថែមទៀត ដោយក្នុងនោះ មានកិច្ចសហប្រតិបត្តិការ មួយចំនួនទាក់ទង នឹងវិស័យបរិស្ថាន ដូចជា ការប្រយុទ្ធប្រឆាំង នឹងការប្រែប្រួល អាកាសធាតុ និង ការអញ្ជើញប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលនៃក្របខ័ណ្ឌ អនុសញ្ញាអង្គការ សហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ UNFCCC (COP 29) និងកិច្ចការអាទិភាពនានាដែលប្រទេស ទាំងពីរនឹងធ្វើរួមគ្នាជាដើម។

ក្នុងឱកាសនោះ លោកទូតបានអញ្ជើញ លោករដ្ឋមន្រ្តី និងប្រតិភូក្រសួងបរិស្ថាន ទៅបំពេញទស្សនកិច្ចនៅប្រទេសអាស៊ែបៃហ្សង់ ក្នុងអំឡុងកិច្ចប្រជុំកំពូលនៃកិច្ចប្រជុំ UNFCCC (COP 29) ព្រមទាំងស្នើសុំការអនុញ្ញាតពីលោក អ៊ាង សុផល្លែត ទទួលជួបពិភាក្សាការងារលើវិស័យបរិស្ថាន ជាមួយរដ្ឋមន្រ្តីក្រសួងបរិស្ថាននិងធនធានធម្មជាតិ អាស៊ែបៃហ្សង់ផងដែរ។

លោករដ្ឋមន្ត្រី បានទទួលស្វាគមន៍ ចំពោះគំនិតផ្តួចផ្តើមនេះ ដើម្បីពង្រឹងនិងពង្រីកិច្ចសហប្រតិបត្តិការ ក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិ រវាងប្រទេសទាំងពីរកម្ពុជា-អាស៊ែបៃហ្សង់ ។ លោកបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងពី ប្រទេសកម្ពុជា ដែលមានការប្តេជ្ញាចិត្តខ្ពស់ និងការចូលរួមយ៉ាងសកម្ម ជាមួយពិភពលោក ក្រោមការដឹកនាំ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងការទប់ស្កាត់ និងដោះស្រាយបញ្ហា ពីការប្រែប្រួល អាកាសធាតុ ។ ក្រសួងបរិស្ថានបានដាក់ចេញ យុទ្ធសាស្រ្តចក្រា វិស័យបរិស្ថាន អនុលោមជាមួយយុទ្ធសាស្រ្ត បញ្ចកោណ របស់រាជរដ្ឋាភិបាល ដែលបង្ហាញពិភពលោកអំពីសុខសន្តិភាព និងស្ថេរភាពកម្ពុជា បន្ថែមទៅដោយភាពស្អាត ភាពបៃតង និងការអភិវឌ្ឍប្រកបដោយបរិយាប័ន ឈានឆ្ពោះទៅជាប្រទេសអភិវឌ្ឍន៍ ប្រកបដោយចីរភាព និងអព្យាក្រិតកាបូននៅឆ្នាំ២០៥០។
សូមបញ្ជាក់ ឆ្នាំ២០២៤ គឺខួបអនុស្សាវរីយ៍រយៈពេល៣០ឆ្នាំ នៃការបង្កើតទំនាក់ទំនង ការទូតរវាងកម្ពុជា និងអាស៊ែបៃហ្សង់ (១៩៩៤-២០២៤) ហើយប្រទេសទាំងពីរ បានប្តេជ្ញាចិត្តក្នុងការពង្រឹង បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាពង្រីកការគាំទ្រគ្នាទៅវិញទៅមក លើឆាកអន្តរជាតិ ដើម្បីជាផលប្រយោជន៍ទៅវិញទៅមក។ ប្រទេស Azerbaijan នឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសិទលើកទី 29 នៃភាគីនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ UNFCCC (COP 29) ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខ៕
