ព័ត៌មានជាតិ

យុវជន សាន សម្ភស្ស ៖ TVET បានធ្វើឱ្យខ្ញុំមានការងារល្អ និងក្លាយជាជន បង្គោលក្នុងគ្រួសារ

ភ្នំពេញ៖ យុវជន សាន សម្ភស្ស តូចចិត្តនឹងការមាក់ងាយ ពីមិត្តភក្ដិរួមការងារ បានខំប្រឹងស្រវ៉ាចាប់យក ជំនាញ តបណ្ដាញអគ្គិសនីក្នុងអគារ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន និងប្រែក្លាយ ជាជនបង្គោលនៅក្នុងគ្រួសារ ។

យុវជនរូបនេះបាននិយាយថា៖ «ខ្ញុំធ្លាប់បានឆ្លងកាត់ការមើលងាយពីមិត្តភក្ដិរួមការងារ ហើយពួកគេបានបញ្ជាខ្ញុំ ឱ្យធ្វើការងារច្រើនជំនាញជំនួសពួកគេ ដោយសារពួកគាត់យល់ឃើញថា ខ្ញុំគ្មានជំនាញ គ្មានប្រាជ្ញាលើការងារ ទាំងនោះច្បាស់លាស់ទេ។ ដូច្នេះពួកគេបានបញ្ជាឱ្យធ្វើការងារគ្មានពេលវេលាសម្រាក ហើយថែមទាំងចង្អក ឱ្យខ្ញុំទៀតផង»។

លោកបន្តថា៖ «ខ្ញុំមានអារម្មណ៍ឈឺចាប់ដែលមិត្តភក្ដិមិនសូវឱ្យតម្លៃ ដោយសារយើងគ្មានជំនាញណាមួយពិតប្រាកដ។ ដូច្នេះខ្ញុំដេកគិតម្ដងហើយម្ដងទៀត គឺខ្ញុំត្រូវតែរកជំនាញគោលណាមួយឱ្យច្បាស់លាស់ ទើបខ្ញុំសម្រេចចិត្ត មកចុះ ឈ្មោះចូលសិក្សាតាមរយៈកម្មវិធី TVET ជាមួយមិត្តភក្តិផ្សេងទៀត»។

យុវជន សម្ភស្ស បានសិក្សារៀនសូត្រជាមួយលោកគ្រូ អ្នកគ្រូ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺអស់រយៈពេល ៤ខែ បូករួមទាំងមានទេពកោសល្យពីកំណើតផងនោះ ធ្វើឱ្យយុវជន សម្ភស្ស យល់ដឹងពីជំនាញត បណ្ដាញអគ្គិសនី នៅតាមអគារបានយ៉ាងជោគជ័យ។

យុវជនរូបនេះបានធ្វើឱ្យជីវិតរបស់ខ្លួនប្រែប្រួលស្ទើរតែមិននឹកស្មានដល់ ហើយថែមទាំងមានឱកាស រកប្រាក់ចំណូល សមល្មមដែលដោះស្រាយជីវភាពប្រចាំថ្ងៃរបស់ខ្លួន ។ លើសពីនេះ យុវជនរូបនេះបានក្លាយ ជាមនុស្សម្នាក់ ដ៏សំខាន់ នៅក្នុងរង្វង់ក្រុមគ្រួសាររបស់គាត់ និងក្លាយជាយុវជនគំរូ សម្រាប់សង្គមជាតិផងដែរ ។

យុវជន សម្ភស្ស បានកែប្រែពីការមើលងាយរបស់មិត្តភក្ដិ ឱ្យក្លាយជាឱកាសមាសដ៏កម្រមួយដែលអាច ជួយដោះស្រាយ បញ្ហាជីវភាពគ្រួសារ និងក្លាយជាយុវជនគំរូរបស់សង្គមជាតិ។ ខណៈដែលបច្ចុប្បន្ន យុវជន សម្ភស្ស បានប្រើប្រាស់ ជំនាញរបស់ខ្លួនឱ្យក្លាយជាឱកាសបញ្ជាទៅមិត្តរួមការងារផង និងបានណែនាំដល់យុវជន ផ្សេងៗទៀតទាក់ទង នឹងជំនាញតបណ្ដាញអគ្គិសនី តាមអគារផងដែរ៕

To Top