ភ្នំពេញ ៖ លោក សំហេង បូរ៉ា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងលោក ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក វីននី ប្រធានគណៈកម្មាធិការរៀបចំ និង នាយកគ្រប់គ្រងក្រុមហ៊ុន VEAS នៅព្រឹកថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៤ បានអញ្ញើញចូលរួម ពិធីបើកសម្ភោធ ពិព័រណ៍អន្តរជាតិ ជាបន្តបន្ទាប់ស្តីពីកសិកម្ម សត្វចិញ្ចឹម វារីវប្បកម្ម សម្រស់ ឱសថ មន្ទីរពិសោធន៍ ឧបករណ៍វេជ្ជសាស្រ្ត អាហារ និងភេសជ្ជៈ និងឧស្សាហកម្មសត្វចិញ្ចឹម នៅអគារ H DIECC កោះពេជ្រ ។
លោក លោក វីននី បានប្រាប់ឲ្យដឹងថា ការតាំងពិព័រណ៍នេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ នៅអគារ G & H, DIECC នៅកោះពេជ្រ ដោយមានអ្នកតាំងពិព័រណ៍ជាង ១៥០ មកពីជាង ១៣ ប្រទេសដាក់បង្ហាញផលិតផល បច្ចេកវិទ្យា និងសេវាកម្មរបស់ពួកគេ ។ ការតាំងពិព័រណ៍នេះរំពឹងថានឹងមានភ្ញៀវទេសចរពាណិជ្ជកម្មជាង ៤៥០០ នាក់មកពីទូទាំងប្រទេសកម្ពុជា និងបណ្តាប្រទេសក្នុងតំបន់ ដែលសន្យាថានឹងក្លាយជាវេទិកាអាជីវកម្មផ្តាច់មុខសម្រាប់សហគ្រាសកម្ពុជាក្នុងការអភិវឌ្ឍអាជីវកម្ម និងបណ្តាញអន្តរជាតិរបស់ពួកគេ។
បន្ទាប់ពីភាពជោគជ័យ នៃរៀបចំកន្លងទៅ ស៊េរីការតាំងពិព័រណ៍ឆ្នាំនេះត្រូវបានពង្រីកកាន់តែធំដោយអ្នករៀបចំ ជាមួយនឹងការកើនឡើង គួរឲ្យកត់សម្គាល់ នៃចំនួនអាជីវកម្ម។ អ្នកតាំងពិព័រណ៍ជាង ១៥០ មកពីជាង ១៣ ប្រទេស និងដែនដីដូចជា បេឡារុស្ស កម្ពុជា ចិន កូរ៉េ ម៉ាឡេស៊ី ប៉ាគីស្ថាន ប៉ូឡូញ សិង្ហបុរី តៃវ៉ាន់ ថៃ អារ៉ាប់រួម វៀតណាមនឹងបង្ហាញផលិតផលធម្មតា និងបច្ចេកវិទ្យាទំនើបក្នុងវិស័យនីមួយៗ ។
លោក ឃុន សាវឿន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាមានចក្ខុវិស័យវែងឆ្ងាយក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសមានប្រាក់ចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។ ក្នុងន័យនេះ រាជរដ្ឋាភិបាល ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាសេនាធិការ មានចក្ខុវិស័យក្នុងការធ្វើទំនើបកម្មវិស័យកសិកម្មឲ្យកាន់តែមានភាពប្រកួតប្រកែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងមាននិរន្តភាព ដែលនឹងនាំមកនូវ ការបង្កើនប្រាក់ចំណូលគ្រួសារកសិករវិបុលភាព និងសុខមាលភាពយូរអង្វែងសម្រាប់ប្រជាជន។ ជាមួយគ្នានេះ ការងារកសិកម្ម គឺជាវិស័យស្នូល និង មានសក្តានុពល ដែលបានចាក់គ្រឹះយ៉ាងជ្រៅ ក្នុងប្រពៃណីទំនៀម ទម្លាប់និងវប្បធម៌ នៃសង្គមជាតិខ្មែរជាយូរលង់ណាស់មកហើយ ។
លោកបានបញ្ជាក់ថា ការរៀបចំតាំងពិព័រណ៍នេះ គឺជាព្រឹត្តិការណ៍ដ៏មានសារសំខាន់មួយក្នុងការរួមចំណែកក្នុងការជំរុញ ការធ្វើពាណិជកម្ម និងសេដ្ឋកិច្ចកម្ពុជា និងជួយការងារកសិកម្ម ហើយក៏ជាឱកាសដ៏សំខាន់សម្រាប់ការទំនាក់ទំនងពាណិជ្ជកម្មនិងកសិកម្មព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងភាគីពាក់ព័ន្ធក្នុងស្រុក និងក្រៅស្រុកផងដែរ។
ព្រឹត្តិការណ៍ពាណិជ្ជកម្មអន្តរជាតិប្រចាំឆ្នាំ រៀបចំឡើងដោយក្រុមហ៊ុន Minh Vi Exhibition and Advertising Services Co., Ltd (VEAS) ដោយមានការគាំទ្រ ពីក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសុខាភិបាល សមាគមពាណិជ្ជកម្មកម្ពុជា សមាគមអ្នកចិញ្ចឹម សត្វកម្ពុជា (CLRA) សមាគមសហព័ន្ធ កសិករកម្ពុជា (CFAP) សមាគមអ្នកចិញ្ចឹមវារីវប្បកម្មកម្ពុជា (CAA) សម្ព័ន្ធសហប្រតិបត្តិការ កសិកម្មកម្ពុជា (CACA) សមាគមជាងកាត់សក់ និងកែសម្ផស្សនៅកម្ពុជា សមាគមអភិវឌ្ឍន៍មន្ទីរពិសោធន៍វេជ្ជសាស្រ្ត (AMLD) សមាគមផលិតចំណីអាហារកម្ពុជា (CFMA) និងទីភ្នាក់ងារឯកទេស និងសមាគមផ្សេងទៀត ៕