ភ្នំពេញ ៖ កិច្ចប្រជុំ ក្រុមប្រឹក្សាភិបាលគ្រឹះស្ថានអង្គរ អាណត្តិទី ៣ លើកទី ៤ ដើម្បីពិនិត្យ និងពិភាក្សាអំពី « ការងារកំណែទម្រង់ការលក់បណ្ណ និងនីតិវិធីប្រតិបត្តិ ក្នុងការត្រួតពិនិត្យបណ្ណ ចូលទស្សនារមណីយដ្ឋានអង្គរ ឱ្យកាន់តែប្រសើរឡើង» សម្រេចដាក់ចេញនូវការកែសម្រួលមួយចំនួន ដើម្បីបង្ករភាពងាយស្រួលដល់ភ្ញៀវទេសចរ ។
កិច្ចប្រជុំនេះត្រូវបានរៀបចំធ្វើ នៅថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២៤ ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង មានការចូលរួមពីលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់សំខាន់ៗពាក់ព័ន្ធជាច្រើនរូបចូលរួម។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បញ្ជាក់ថា ដើម្បីបង្ករភាពងាយស្រួល ជូនភ្ញៀវទេសចរបន្ថែមទៀត កិច្ចប្រជុំ បានសម្រេច៖ សម្រាប់បណ្ណទស្សនានារយៈពេល ១ ថ្ងៃ ត្រូវបាន លុបចោលទាំងស្រុង នូវតម្រូវការព័ត៌មានរបស់ភ្ញៀវទេសចរដូចជា រូបថត សញ្ញជាតិ ក្រុមអាយុ និងភេទ រាល់ពេលភ្ញៀវទេសចរ បរទេសចូលទិញបណ្ណទស្សនារមណីយដ្ឋានអង្គរ ពីគ្រឹះស្ថានអង្គរ ចាប់ពីចុងខែកញ្ញា ឆ្នាំ ២០២៤ តទៅ។
ប្រភពដដែលបន្តថា សម្រាប់បណ្ណទស្សនារយៈពេល ៣ ថ្ងៃ និង ៧ ថ្ងៃ ត្រូវ បន្តអនុវត្តតម្រូវការថតរូបភ្ញៀវសម្រាប់បណ្ណចូលទស្សនា រហូតដល់ចុងឆ្នាំ ២០២៤។ និង កែសម្រួលប្រព័ន្ធត្រួតពិនិត្យ ដែលមានភាពសាំញុំា ត្រូវ ធ្វើការកាត់បន្ថយទីតាំងត្រួតពិនិត្យ នៅតាមច្រកចូលទាំង ៤ និងរក្សាទីតាំងត្រួត ពិនិត្យនៅតែច្រកចូលប្រាសាទតែប៉ុណ្ណោះ ។
ប្រភពដដែលសង្កត់ទៀតថា កិច្ចប្រជុំបានឯកភាព ជូនគ្រឹះស្ថានអង្គរ អភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់លក់បណ្ណ៖ ដោយប្រើ Self Service Machine និងបង្កើត Mobile App និងជំរុញការទូទាត់ប្រាក់ជាទម្រង់អេឡិចត្រូនិក។ គ្រឹះស្ថានអង្គរ ត្រូវសិក្សាលើការការផ្តល់ទម្រង់សំបុត្រពាក់នៅកដៃ ដើម្បីផ្តល់ភាពងាយស្រួល ក្នុងការត្រួតពិនិត្យជូនភ្ញៀវទេសចរ ។
បើតាមកិច្ចប្រជុំខាងលើ បានស្នើឱ្យមានការ បង្កើតក្រុមការងារចម្រុះ ពិនិត្យ និងសិក្សាលើការកែទម្រង់ការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដំណាក់កាលទី២ ដើម្បីធ្វើការសិក្សា និងដាក់ឱ្យដំណើការកំណែទម្រង់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងការលក់បណ្ណចូលទស្សនា ជាក្រុមប្រាសាទ ដោយអនុវត្តចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៥ តទៅ។
ជាមួយគ្នានោះ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ក៏បានផ្តល់អនុសាស្ត្រណែនាំដល់ថ្នាក់ដឹកនាំគ្រឹះស្ថាន ត្រូវបង្កើនការរៀបចំកែលម្អ បង្គន់អនាម័យក្នុង តំបន់រមណីយដ្ឋានអង្គរឱ្យកាន់តែប្រសើរថែមទៀត និងបន្តពង្រឹងប្រសិទ្ធិភាព នៃការគ្រប់គ្រងការប្រមូលចំណូលពីការលក់បណ្ណ ពង្រឹងនីតិវិធីត្រួតពិនិត្យបណ្ណ ឱ្យបានកាន់តែល្អប្រសើរ និងបង្ករភាពងាយស្រួល ជូនភ្ញៀវទេសចរបន្ថែមទៀត៕