ពោធិ៍សាត់ ៖ អភិបាលខេត្តពោធិ៍សាត់ លោកខូយ រីដា នៅព្រឹកថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០២៤បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យវឌ្ឍនភាព គម្រោងស្តារប្រឡាយមេចរឹក (MC2) ដែលបម្រើដល់ការងារបង្កបង្កើនផល និងការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ក្នុងភូមិផ្ទះគរឃុំអន្លង់វិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ និង បានចុះពិនិត្យស្រូវរបស់ប្រជាកសិករ និងបន្តចុះសួរសុខទុក្ខ ប្រជាពលរដ្ឋដាំបន្លែធម្មជាតិ ស្ថិតនៅឃុំស្វាយលួង ក្នុងស្រុកកណ្តៀងផងដែរ ។
បើយោងតាមផេកផ្លូវការ របស់រដ្ឋបាលខេត្តពោធិ៍សាត់ បានអោយដឹងថា ប្រឡាយមេចរឹក គឺជាប្រឡាយមេចាស់វស្សាដែលបានកសាងឡើងក្នុងឆ្នាំ ១៩៧៧មានតួនាទីទទួលយកទឹកពីស្ទឹងពោធិ៍សាត់ និងផ្ទៃរងទឹកភ្លៀង ក្នុងតំបន់ជួរភ្នំក្រវាញ មកធ្វើការស្រោចស្រប់បន្ថែមលើផ្ទៃដី កសិកម្ម ក្នុងស្រុកកណ្តៀងប្រមាណ ៥ ពាន់ហិចតា ។
កាលពីអំឡុងរដូវវស្សាឆ្នាំកន្លងទៅ ប្រឡាយមេចរឹកនេះ បានទទួលរងនូវជំនន់ទឹកភ្លៀង ពីជួរភ្នំក្រវាញបណ្តាលអោយហូរច្រោះដាច់ភ្លឺ និង តួប្រឡាយជាច្រើន កន្លែងធ្វើអោយប្រជាពលរដ្ឋេ ជួបការលំបាកក្នុងការឆ្លងកាត់ទៅមក និងកង្វះទឹកប្រើប្រាស់ ក៍ដូចជាការស្រោចស្រប់ការងារ បង្កបង្កើនផលកសិកម្មជាដើម ។
ក្រោយពីការស្តារប្រឡាយនេះឡើងវិញ ប្រជាពលរដ្ឋប្រមាណជិត ២ ពាន់គ្រួសារក្នុងភូមិចំនួន ៩ នៃឃុំអន្លង់វិល និង ឃុំកញ្ជរ ស្រុកកណ្តៀង ទទួលបានប្រឡាយមេនាំទឹក មកស្រោចស្រប់បន្ថែមលើផ្ទៃដី បង្កបង្កើនផលកសិកម្មស្រូវវស្សាប្រមាណ ៩៧៥ ហិចតា,ស្រូវប្រាំងប្រមាណ ១១២៥ ហិចតា និង ដំណាំរួមផ្សំចំនួន ២០ ហិចតា។ដោយឡែកភ្លឺប្រឡាយមេ បានក្លាយជាផ្លូវសម្រាប់ធ្វើដំណើរឆ្លងកាត់ សម្រាប់ប្រជាពលរដ្ឋបានល្អប្រសើរផងដែរ។
បើតាមរបាយការណ៍ របស់មន្ទីរធនធានទឹក និង ឧតុនិយមខេត្តពោធិ៍សាត់ បានអោយដឹងថា វឌ្ឍនភាព នៃគម្រោងនេះ សម្រេចបានមួយរយភាគរយហើយ ដែលក្នុងនោះរួមមាន:
១-ការស្តារប្រឡាយមេប្រវែង ៥ ពាន់ម៉ែត្រ។
២-ជួសជុលភ្លឺប្រឡាយមេសងខាងប្រវែង ៥ ពាន់ម៉ែត្រ ។
៣-ក្រាលគ្រួសក្រហមប្រវែង ៥ ពាន់ម៉ែត្រ។
៤-ជួសជុល និង សាងសង់សំណង់សិល្បការ្យចំនួន ៣ កន្លែង ៕