ព័ត៌មានជាតិ

លោក ប៉ាវ ស៊ីណា៖សហជីពនឹងលើកយកតួលេខ២១៨ដុល្លារសម្រាប់ ចរចាប្រាក់ឈ្នួល អប្បបរមាឆ្នាំ២០២៥

ភ្នំពេញ៖លោក ប៉ាវ ស៊ីណា ប្រធានសហជីពចលនាកម្មករកម្ពុជាបានឱ្យដឹងថាសម្រាប់ការចរចាប្រាក់ឈ្នួលកម្មករនិយោជិតលើវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូបឆ្នាំ២០២៥ខាងមុខនេះភាគីសហជីពនឹងលើកយកតួលេខ២១៨ដុល្លារទៅជជែកចរចារជាមួយភាគីនិយោជក និង ភាគីរាជរដ្ឋាភិបាល។


លោក ប៉ាវ ស៊ីណាប្រធានសហជីពចលនាកម្មករកម្ពុជាបានឲ្យដឹងតាមប្រព័ន្ធតេឡេក្រាមនៅយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ថានៅថ្ងៃទី២៩សីហានេះគឺជាការចរចាប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតឆ្នាំ២០២៥ជាលើកទី២ហើយបន្ទាប់ពីការចរចាលើកទី១កន្លងមកនេះ។

លោក ប៉ាវ ស៊ីណាបានបញ្ជាក់យ៉ាងដូច្នេះថា៖”ថ្ងៃស្អែកនេះជាថ្ងៃចរចាលើកទី២នៃក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលសម្រាប់ឆ្នាំ២០២៥ខាងមុខនេះ។កាលពីម្សិលមិញភាគីសហជីពទាំងអស់ដែលជាសមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលបានជួបប្រជុំគ្នាដើម្បីកំណត់យកតួលេខរួមមួយដូច្នេះភាគីសហជីពបានឯកភាពគ្នា ជារួមគឺសម្រេចស្នើសុំប្រាក់ឈ្នួលចំនួន២១៨ដុល្លារ”។
ប្រធានសហជីពរូបនេះបានឲ្យដឹងទៀតថាការស្នើសុំប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៥មានចំនួនកើនឡើងចំនួន១៤ដុល្លារបន្ថែមពីលើប្រាក់ឈ្នួលដែលកម្មករមានស្រាប់។

ទាក់ទិននឹងស្ថានភាពសេដ្ឋកិច្ចកលលោកវិញលោកប៉ាវ ស៊ីណាប្រធានសហជីពដដែលបានទទួលស្គាល់ថាពិតជាមានការជួបបញ្ហាមែន ប៉ុន្តែលោកថាសម្រាប់ទិដ្ឋភាពនៃការនាំចេញសម្លៀកបំពាក់ វិស័យកាត់ដេរ ស្បែកជើង កាបូបនៅកម្ពុជាទៅកាន់ទីផ្សារបរទេសនៅតែមានភាពល្អប្រសើរ។


ចំពោះលទ្ធភាពការនាំចេញទៅទីផ្សាបរទេសល្អបែបនេះប្រធានសហជីពរូបនេះបានគូសបញ្ជាក់ថា៖” ដូច្នេះយើងឃើញថាការនាំចេញនៅមានភាពល្អបែបនេះ ខ្ញុំគិតថានៅឆ្នាំ ២០២៥ខាងមុខនេះការចរចារប្រាក់ឈ្នួលកម្មករនិយោជិកនឹងល្អប្រសើរជាង ឆ្នាំ២០២៤”។


ជាមួយគ្នានោះដែរលោក ប៉ាវ ស៊ីណាក៏បានស្នើសុំដល់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈគួរតែគិតគូរបន្ថែមចំពោះករណីរថយន្តដឹកកម្មករ ប្រកបដោយសុវត្ថិភាព ការធ្វើប័ណ្ណបសសជូនកម្មករបន្ថែមទៀត ក៏ដូចជាសិទ្ធិសេរីភាពសម្រាប់កម្មករក្នុងការចងក្រងសហជីព ការបង្កើតសហជីពនៅតែជួបបញ្ហាដូចជាការពាក់ព័ន្ធនិងការបញ្ឈប់បញ្ចប់កិច្ចសន្យាការងារពីភាគីនិយោជកដែលចំណុចនេះនៅតែបន្តការជួបប្រទះ និងនៅតែជាចំណុចប្រឈមដដែល ដូច្នេះចំណុចទាំងនេះគួរតែពិនិត្យ ឲ្យបានដិតដល់ ពិសេសសិទ្ធិសេរីភាពសហជីពតែម្តង។

សូមរំលឹកថា ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតនៃវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូបនៅឆ្នាំ២០២៤នេះ គឺ២០៤ដុល្លារអាមេរិកក្នុងមួយខែ។ ក៏ប៉ុន្តែ កម្មករនិយោជិកម្នាក់ៗទទួលបានជាក់ស្តែងច្រើនជាងនេះជិតពីរដង ឬពីរដងក្នុងមួយខែ ដោយបូកទាំងប្រាក់ថែមម៉ោង និងប្រាក់លើកទឹកចិត្តផ្សេងៗទៀត។

សម្រាប់ការចរចាកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតនៃវិស័យវាយនភណ្ឌកាត់ដេរ ឆ្នាំ២០២៥ ដែលត្រូវបានចាប់ផ្តើមធ្វើឡើងកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ នឹងបន្តធ្វើនៅជុំបន្តបន្ទាប់ខាងមុខ ត្រូវគេមើលឃើញថានឹងមានលទ្ធផលប្រកបដោយសុទិដ្ឋិនិយមខ្ពស់ ខណៈវិស័យនេះមានសុខភាពល្អក្នុងការផលិត និងនាំចេញ។តាមរយៈប្រាក់ឈ្នួលអប្បបរមាប្រចាំឆ្នាំកំរិតនេះ កម្មករនិយោជិតកម្ពុជានៃវិស័យនេះ ត្រូវបានគេមើលឃើញថាទទួលប្រាក់ឈ្នួលបានខ្ពស់ក្នុងចំណោមប្រទេសជាច្រើន ដែលមានឧស្សាហកម្មវាយនភណ្ឌកាត់ដេរប្រកួតប្រជែងនឹងកម្ពុជា។រាជរដ្ឋាភិបាលកម្ពុជានៅតែមានឆន្ទៈជជែករឿងប្រាក់ឈ្នួលគោលកម្មករបើទោះជាសេដ្ឋកិច្ចសកលប្រឈមនឹងការលំបាកក៏ដោយ។

កិច្ចពិភាក្សានេះ គឺធ្វើឡើងដោយឆន្ទៈមោះមុតរបស់រាជរដ្ឋាភិបាលក្នុងគោលដៅធ្វើឲ្យប្រសើរឡើងនូវកំរិតជីវភាពរបស់កម្មករនិយោជិតទាំងអស់។ សម្រាប់កិច្ចពិភាក្សានេះដែរ មានការចូលរួមពីតំណាងត្រីភាគី ពោលគឺតំណាងកម្មករនិយោជិត តំណាងនិយោជក និងតំណាងភាគីរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់រដ្ឋមន្ត្រីក្រសួងការងារ។
ជាការកត់សម្គាល់ ប្រទេសកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំមិនដែលខកខានម្តងណាឡើយចំពោះកិច្ចពិភាក្សា ឬការចរចាកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតនៃវិស័យកាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប បើទោះណាជាសេដ្ឋកិច្ចសកលកំពុងប្រឈមនឹងវិបត្តិ ហើយកម្ពុជាក៏កំពុងរងនូវឥទ្ធិពលនៃវិបត្តិសេដ្ឋកិច្ចសកលនេះក៏ដោយ៕

To Top