ភ្នំពេញ ៖ យន្តការកំណត់ប្រាក់ឈ្នួលអប្បបរមា ត្រូវបានផ្អែក ទៅលើលក្ខណៈវិនិច្ឆ័យសំខាន់ៗចំនួន ៧ចំណុច ដើម្បីធានាដល់ការការពារកម្មករ និយោជិត ពីការទទួលបានប្រាក់ឈ្នួល ទាបហួសហេតុ និងការកាត់បន្ថយភាពក្រីក្រ ស្របតាមកម្រិតអប្បបរមា នៃប្រាក់ឈ្នួល ដែលអាចទទួលយកបាន ទាំងកម្មករនិយោជិត និងនិយោជក ។
នៅក្នុងមាត្រា៥ នៃច្បាប់ស្តីពីប្រាក់ឈ្នួល អប្បបរមា ធាតុផ្សំសម្រាប់យកមកពិចារណា ក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមា គឺត្រូវផ្តោតទៅលើលក្ខខណ្ឌសេដ្ឋកិច្ច តម្លៃជីវភាពរស់នៅ និងស្ថានភាពជាក់ស្តែង របស់ប្រទេសឱ្យស្របនឹង គោលបំណង នៃការកំណត់ប្រាក់ឈ្នួលអប្បបរមា ។
លក្ខណៈវិនិច្ឆ័យបែបសង្គម គឺផ្អែកទៅលើស្ថានភាពគ្រួសារ អត្រារអតិផរណា និងការចំណាយក្នុងការរស់នៅ។ រីឯលក្ខណៈវិនិច្ឆ័យបែបសេដ្ឋកិច្ច ត្រូវផ្ដោតទៅលើផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យការងារ។
ប្រាក់ឈ្នួលអប្បបរមា មិនអាចកំណត់«ខ្ពស់ពេក ឬទាបពេក»នោះទេ ព្រោះវាអាចនឹងបង្កឱ្យមានផលវិបាកដោយអចេតនា ក៏ដូចជា «មូលដ្ឋានការព្រមព្រៀងគ្នា រវាងដៃគូរសន្ទនាសង្គម និងរាជរដ្ឋាភិបាល»។
យន្តការវិនិច្ឆ័យ ត្រូវផ្អែកទៅលើស្ថានភាពគ្រួសារ ទី១ ៖ គឺសំដៅដល់ការធានា បាននូវកម្រិតជីវភាព សមរម្យសម្រាប់កម្មករ និយោជិត ក្នុងវិស័យ កាត់ដេរក្នុងប្រទេសកម្ពុជា ស្ថានភាពគ្រួសារបានប្រើប្រាស់ ជាលក្ខណៈវិនិច្ឆ័យមួយ ក្នុងចំណោម លក្ខណៈវិនិច្ឆ័យផ្សេងទៀត ក្នុងការកំណត់ប្រាក់ ឈ្នួលអប្បបរមា។ ស្ថានភាពគ្រួសារ បានគណនាជាសមាមាត្រ ចំនួនសមាជិកជាមធ្យម ក្នុងគ្រួសារ ធៀបនឹងសមាជិកគ្រួសារ ដែលចូលរួមរកប្រាក់ចំណូល ។
យោងតាមអង្កេតកម្លាំងពលកម្មឆ្នាំ២០១៩ ចំនួនសមាជិកក្នុងគ្រួសារជាមធ្យមរបស់ប្រទេសកម្ពុជា មានប្រហែល ៤នាក់ ចំនួនសមាជិកក្នុង គ្រួសារធ្វើការមានចំនួន ២នាក់ ។ ដូចនេះមានន័យថា ប្រាក់ឈ្នួលអប្បបរមា របស់កម្មករម្នាក់នឹង ត្រូវប្រើប្រាស់ ដើម្បីចិញ្ចឹមសមាជិកគ្រួសារម្នាក់ទៀត ដែលមិនបានរកប្រាក់ចំណូល មានដូចជា កុមារ ឬមនុស្សចាស់ជរានៅក្នុងគ្រួសារជាដើម ។
ទី២៖ អត្រាអតិផរណា សំដៅដល់ប្រាក់ឈ្នួលអប្បបរមា បានកែសម្រួលដោយយោង តាមអត្រាអតិផរណា ក្នុងគោលបំណងធានាថា កម្រិតនៃប្រាក់ឈ្នួលអប្បបរមា អាចគ្របដណ្តប់លើការកើនឡើង នៃតម្លៃទំនិញ។ ដូច្នេះការចំណាយរបស់កម្មករ និយោជិតអាចរក្សាបាន ។
ក្នុងអំឡុងពេល នៃដំណើរការកែសម្រួលប្រាក់ ឈ្នួលអប្បបរមា (ឬការចរចាប្រាក់ ឈ្នួលអប្បបរមា)នៅកម្ពុជា អត្រាអតិផរណា ដែលបានព្យាករណ៍ នៅឆ្នាំបន្ទាប់ ត្រូវបានប្រើប្រាស់ សម្រាប់ការដំឡើងប្រាក់ឈ្នួលអប្បបរមា រួមជាមួយនឹងកត្តាផ្សេងៗមួយចំនួនទៀត ។
ការប្រៀបធៀបរវាងអត្រា អតិផរណាដែលបានព្យាករណ៍ និងអតិផរណាជាក់ស្តែងពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២៤ ហើយជារួមអត្រាអតិផរណា ដែលបានព្យាករណ៍ គឺខ្ពស់ជាងអត្រាជាក់ស្តែង ។ ដោយឡែកឃើញថាការព្យាករណ៍ ដែលចេញដោយក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុគិតត្រឹមខែមិថុនា ឆ្នាំ២០២៣ សម្រាប់ការព្យាករណ៍ឆ្នាំ២០២៤ គឺមានចំនួនស្មើគ្នាគឺ ២.៥ភាគរយ ។
រីឯទី៣៖ ការចំណាយក្នុងការរស់នៅ គឺសំដៅដល់ការគណនាការចំណាយ នៃការរស់នៅគឺបានរួមបញ្ចូល តម្រូវការរបស់កម្មករ និងគ្រួសាររបស់ពួកគេ ។ បន្ទាត់នៃភាពក្រីក្រ ដែលចេញផ្សាយ ដោយវិទ្យាស្ថានជាតិស្ថិតិ ត្រូវបានប្រើប្រាស់ ដើម្បីគណនាចំណាយក្នុងការរស់នៅអប្បបរមា (ឬត្រឹមបន្ទាត់នៃភាពក្រីក្រ)។
ដោយហេតុថា កម្មករនិយោជិត ភាគច្រើនក្នុង វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផល ធ្វើដំណើរភាគច្រើនរស់នៅ និងធ្វើការនៅរាជធានីភ្នំពេញ ។ ដូច្នេះបម្រែមប្រួលការចំណាយក្នុងការរស់នៅ គឺកំណត់យកបន្ទាត់នៃភាពក្រីក្រនៅរាជធានីភ្នំពេញជាគោល ហើយប្រាក់ឈ្នួលអប្បបរមាដែលបានកំណត់កន្លងមក គឺតែងតែខ្ពស់ជាងបន្ទាត់នៃភាពក្រីក្ររបស់មនុស្សពីរនាក់នៅរាជធានីភ្នំពេញ (បន្ទាត់នៃភាពក្រីក្ររបស់កម្មករនិយោជិត និងសមាជិកគ្រួសារម្នាក់ទៀត) ។
ជាក់ស្តែងសម្រាប់ឆ្នាំ២០២៤ ខណៈប្រាក់ឈ្នួលអប្បបរមាមាន ចំនួន២០៤ ដុល្លារអាម៉េរិក បន្ទាត់នៃភាពក្រីក្រ របស់មនុស្សពីរនាក់ នៅរាជធានីភ្នំពេញមានចំនួន ១៨០ដុល្លារអាម៉េរិក និងនៅតាមទីប្រជុំជនផ្សេងទៀតមានចំនួន ១៥៥,៦ដុល្លារអាម៉េរិកក្នុងមួយខែ ។
ទី៤៖ ផលិតភាព គឺជាការកែសម្រួលប្រាក់ ឈ្នួលអប្បបរមា ស្របតាមកំណើន នៃផលិតភាពការងារ គឺមានសារៈសំខាន់ ណាស់ ដើម្បីឱ្យកម្មករនិយោជិតអាចទទួល បាននូវចំណែកនៃផ្លែផ្កាវឌ្ឍនភាពរបស់ខ្លួន ។ ការវាស់វែងជាទូទៅ នៃផលិតភាពការងារ របស់ប្រទេសមួយ គឺផ្អែកលើផលិតផលក្នុងស្រុកសរុប (GDP) ក្នុងកម្មករម្នាក់ ឬក្នុងមួយម៉ោងធ្វើការ។
ក្នុងករណីប្រទេសកម្ពុជា ការកំណត់ប្រាក់ឈ្នួលអប្បបរមា ដោយប្រើប្រាស់ផលិតភាពការងារ គឺផ្អែកតាមវិស័យ និងត្រូវគណនាជា GDP សម្រាប់កម្មករ ម្នាក់ ក្នុងវិស័យកាត់ដេរ។ ទិន្នន័យ GDP នៃវិស័យនេះគឺជាតម្លៃ បន្ថែមដោយផ្អែក លើតម្លៃថេរ (ឆ្នាំមូលដ្ឋាន ២០០០) ដែលទទួលបានពីវិទ្យាស្ថានជាតិស្ថិតិ (NIS) ខណៈដែលចំនួនបុគ្គលិកធ្វើការ នៅរោងចក្រ សហគ្រាស ដំណើរការពេញលេញ ទទួលបានពីក្រសួង ពាណិជ្ជកម្ម (MoC) និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (MLVT) ។ ចំណែកទី៥៖ ការប្រកួតប្រជែង របស់ប្រទេស គឺភាពប្រកួតប្រជែង អាចកំណត់តាមវិធីជាច្រើន ចាប់ពីសក្តានុពលបង្កើតការងារ ការនាំចេញ អត្រាប្តូរប្រាក់ ចំណែកទីផ្សារ តម្លៃកម្លាំងពលកម្ម និងផលិតភាពជាដើម ។ ប្រទេសមួយដែលត្រូវគេចាត់ទុកថា មានភាពប្រកួតប្រជែង គឺជាសមត្ថភាព របស់ប្រទេសនោះក្នុង ការរក្សាបាននូវតម្លៃទាប នៃថ្លៃដើមផលិតកម្ម ។
សូចនាករសំខាន់ៗ នៃការប្រកួតប្រជែងរបស់កម្ពុជា ដែលប្រើប្រាស់ក្នុងបរិបទនៃការកំណត់ប្រាក់ឈ្នួលអប្បបរមារួមមាន ស្ថានភាពការនាំចេញ ការចាប់យកចំណែកទីផ្សារ អត្រាប្តូរប្រាក់ ប្រាក់ឈ្នួលអប្បបរមា ចំនួនម៉ោងការងារ ការបង់ភាគទានក្នុងរបបសន្តិសុខសង្គម កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី និង បរិយាកាសវិនិយោគ ។
ទី៦៖ ស្ថានភាពទីផ្សារការងារ គឺជាធាតុមួយសំខាន់ ក្នុងការពិចារណាលើភាព ប្រកួតប្រជែងរបស់ប្រទេស។ ស្ថានភាពទីផ្សារការងារ គឺជាការពិនិត្យលើអត្រា បម្រែបម្រួលចំនួន ការងាររួមនៅក្នុងប្រទេស និងជាពិសេសអត្រា បម្រែបម្រួលចំនួនការងារ និង ចំនួនរោងចក្រ សហគ្រាសក្នុងវិស័យ ដែលត្រូវកំណត់ ប្រាក់ឈ្នួលអប្បបរមា។
ជាក់ស្តែង គិតត្រឹមខែមិថុនា ឆ្នាំ២០២៣ នេះវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផល ធ្វើដំណើរនិងកាបូបមានកម្មករ និយោជិតបម្រើការងារចំនួន ៨៣៣,១០០នាក់ កំពុងបម្រើការនៅក្នុងរោងចក្រ ចំនួន ១ ៣៣២ ទូទាំងប្រទេស ដែលចំនួនកម្មករនិយោជិត បានធ្លាក់ចុះបន្តិចធៀបនឹងខែធ្នូ ឆ្នាំ២០២២ ។ ការណ៍នេះបង្ហាញថា ស្ថានភាពការងារ ក្នុងវិស័យនេះមិនល្អប្រសើរ ដែលអាចបណ្តាលមក ពីការធ្លាក់ចុះ នៃការបញ្ជារទិញសកល ។
និងទី៧៖ កម្រិតចំណេញ របស់វិស័យ គឺក្រៅពីលើ ផលិតភាពការងារ លទ្ធភាពក្នុងការទូទាត់ប្រាក់ ឈ្នួលដោយ និយោជកក៏មានសារៈសំខាន់ផងដែរ ។ គួរកត់សម្គាល់ថា តម្លៃបន្ថែម របស់វិស័យនេះមិនមែន ជាប្រាក់ចំណេញ របស់វិស័យទេ ព្រោះនៅក្នុងអាជីវកម្មតម្លៃ បន្ថែមត្រូវបានទទួលពីការ លក់សរុប នៃតម្លៃផលិតកម្ម ដែលមិនទាន់រាប់ បញ្ចូលថ្លៃពលកម្ម ។ និយោជកត្រូវបង់បន្ថែមលើស ពីប្រាក់ឈ្នួល គឺការរួមចំណែកបង់បេឡាជាតិ របបសន្តិសុខសង្គម (ប.ស.ស) សម្រាប់ហានិភ័យការងារ គម្រោងថែទាំសុខភាព និងប្រាក់សោធននិវត្តន៍ ។
ប្រាក់ឈ្នួលអប្បបរមា សម្រាប់ផ្នែកនេះត្រូវបានបន្តកើនឡើង ជាបន្តបន្ទាប់ពី ៤០ដុល្លារ អាម៉េរិកក្នុងមួយខែ នៅឆ្នាំ១៩៩៧ ដល់ ១៤៥ដុល្លារអាម៉េរិកក្នុងមួយខែ នៅឆ្នាំ២០១៥ និងត្រូវបានដំឡើងដល់ ២០០ដុល្លារអាម៉េរិក ក្នុងមួយខែ សម្រាប់ឆ្នាំ២០២៣ និង ឡើងដល់ ២០៤ដុល្លារនៅឆ្នាំ២០២៤ ព្រមទាំងបន្តរក្សា អត្ថប្រយោជន៍ផ្សេងៗ របស់កម្មករនិយោជិត នៅដដែល ។
កម្មករនិយោជិត នៅតែទទួលបានអត្ថប្រយោជន៍រួមមាន ប្រាក់សោហ៊ុយ ធ្វើដំណើរ និងស្នាក់នៅចំនួន ៧ដុល្លារអាម៉េរិក ក្នុងមួយខែ, ប្រាក់រង្វាន់ធ្វើការទៀង ទាត់ចំនួន ១០ដុល្លារអាម៉េរិកក្នុងមួយខែ, ប្រាក់ថ្លៃបាយ សម្រាប់ការធ្វើការងារ បន្ថែមម៉ោងដោយស្ម័គ្រចិត្តចំនួន ២០០០រៀល ក្នុងមួយថ្ងៃ ឬការទទួលបានបាយមួយពេលដោយឥតគិតថ្លៃ, និងប្រាក់រង្វាន់អតីតភាពការងារចំនួនពី ២ដុល្លារ អាម៉េរិកដល់ ១១ដុល្លារអាម៉េរិកក្នុងមួយខែ សម្រាប់កម្មករនិយោជិត ដែលបានធ្វើការចាប់ពីឆ្នាំទី២ ដល់ឆ្នាំទី១១ ។
នៅក្នុងឆ្នាំ២០២៤ ដោយបូករួមទាំង ប្រាក់រង្វាន់អតីតភាពការងារ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ កម្មករនិយោជិតម្នាក់ៗ ទទួលបានប្រាក់ឈ្នួលជាមធ្យមចាប់ពី ២១៧ដុល្លារអាម៉េរិកទៅ ២៣២ ដុល្លារអាម៉េរិកក្នុងមួយខែ ។
បើប្រៀបជាមួយបណ្តា ប្រទេសដែលជាដៃគូប្រកួត ប្រជែងរបស់កម្ពុជា ដែលនាំចេញផលិតផលវាយភណ្ឌកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប គឺកម្ពុជាមានប្រាក់ឈ្នួលអប្បបរមាខ្ពស់ជាងប្រទេសស្រីលង្កា មីយ៉ាន់ម៉ា ឡាវ បង់ក្លាដែស ប៉ាគីស្ថាន ឥណ្ឌូនេស៊ី(តំបន់ទាប) ឥណ្ឌា និងវៀតណាមជាដើម ។
ច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា មានវិសាលភាព គ្របដណ្តប់លើសហគ្រាស ឬគ្រឹះស្ថាន និងជនទាំងឡាយណា ដែលស្ថិតក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ (មាត្រា ៣ នៃច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា) ប៉ុន្តែនាពេលបច្ចុប្បន្ននេះ ប្រាក់ឈ្នួលអប្បបរមា នៅព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងអនុវត្តតែចំពោះសហគ្រាស និងគ្រឹះស្ថានផ្នែក វាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូបប៉ុណ្ណោះ ។
ដូច្នេះវិសាលភាព នៃការអនុវត្តប្រាក់ ឈ្នួលអប្បបរមា នឹងត្រូវពង្រីកទៅលើវិស័យផ្សេងៗទៀត ក្រៅពីវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង ផលិតផលធ្វើ ដំណើម និងកាបូប អាស្រ័យទៅលើការកំណត់ របស់រដ្ឋមន្ត្រីក្រសួង ទទួលបន្ទុកវិស័យការងារ ដោយផ្អែកលើ អនុសាសន៍របស់ក្រុមប្រឹក្សា ជាក៏ប្រាក់ឈ្នួលអប្បបរមា៕