ភ្នំពេញ ៖ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ចាប់ពីខែសីហា ឆ្នាំ២០២៣ ដល់ខែសីហា ឆ្នាំ២០២៤ ពោលគឺមួយឆ្នាំដំបូងនៃរាជរដ្ឋាភិបាលអាណត្តិទី៧ ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈសម្រេចបានសមិទ្ធផល គួរឱ្យកត់សម្គាល់លើកិច្ចការស្វែង រកឱកាសការងារ ជូនពលរដ្ឋកម្ពុជា ក្នុងនោះក្រសួងទទួលបាន អ្នកមកចុះឈ្មោះស្វែងរកការងារចំនួនជាង ៤២ ០០០នាក់។

បើតាមលោករដ្ឋលេខាធិការ ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) ក៏បានផ្គូផ្គង និងបញ្ជូនអ្នកស្វែងរកការងារទៅឱ្យនិយោជកចំនួនជាង ៥៤ ០០០ ដង និងជួយអ្នកស្វែងរកការងារ ទទួលបានការងារធ្វើបានចំនួនជិត ១០ ០០០នាក់ ។ ក្នុងនោះ អ្នកទទួលបានកន្លែងកម្មសិក្សា ការងារចំនួន ១៩២០នាក់ និងអ្នកស្វែងរកការងារ ទទួលបានសេវាប្រឹក្សាយោបល់ អំពីអាជីពការងារ និងវិជ្ជាជីវៈចំនួនជាង ១១ ៧០០នាក់ ។

លោករដ្ឋលេខាធិការក៏បានគូសបញ្ជាក់ផងដែរថា ទីភ្នាក់ងារជាតិមុខរបរ និង ការងារ(NEA) បានរៀបចំកម្មវិធី “វេទិកាការងារ” ជាច្រើនលើកជាប្រចាំ ដើម្បីបង្កើតកន្លែងជួបគ្នា ដោយងាយស្រួលរវាងនិយោជក និងអ្នកស្វែងរកការងារ ក្នុងការដាក់ពាក្យ និងសម្ភាសការងារភ្លាមៗ ដែលរួមមាន៖ កិច្ចសម្ភាសការងារ វេទិកាការងារ និងពិព័រណ៍ការងារ ថ្នាក់ខេត្ត និងថ្នាក់ជាតិ ដែលក្រុមហ៊ុន សហគ្រាប់ធំៗជាច្រើន អាចចូលរួមដាក់តាំងបង្ហាញ ឱកាសការងារជូនសាធារណជន។ លើសពីនេះ NEA ក៏មានមជ្ឈមណ្ឌលកការងារ ១៤ និង មជ្ឈមណ្ឌលការងារចល័តចំនួន ៧ ដើម្បីផ្តល់សេវាការងារ ដោយផ្ទាល់ ជូនយុវជន សិស្ស/និស្សិតនៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងសាកលវិទ្យាល័យនានានៅទូទាំងប្រទេសផងដែរ។

ទន្ទឹមនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) ក៏បានរៀបចំវេទិកាការងារបានចំនួន ៩៤ដង ដោយមានអ្នកចូលរួមប្រមាណ ១៦ ០០០នាក់។ ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) បានរៀបចំឱកាសការងារក្នុងស្រុកជាច្រើនម៉ឺនកន្លែង ក្នុងវិស័យសំខាន់ៗជាច្រើន ក្នុងរាជធានី-ខេត្ត សម្រាប់សាធារណជនងាយស្រួលជ្រើសរើសចូលបម្រើការងារតាមជំនាញដែលខ្លួនមានដូចជា៖ វិស័យឧស្សាហកម្ម វិស័យកសិកម្ម និង វិស័យសេវាកម្មនៅទូទាំងប្រទេសផងដែរ។

លោករដ្ឋលេខាធិការបានណែនាំដល់ យុវជន សិស្ស និស្សិត ពិសេស សិក្ខាកាមដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ធ្វើការទំនាក់ទំនងទៅកាន់ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈទូរសព្ទ 077 23 23 78 ឬតាមរយៈ Hotline 1297, 1286 ឬប្រើប្រាស់សេវាការងារតាមរយៈប្រព័ន្ធឌីជីថលដោយងាយស្រួលដែលមានដូចជា វេបសាយ www.nea.gov.kh និងកម្មវិធីទូរស័ព្ទដៃ NEA Job Search ដើម្បីទទួលបានព័ត៌មានអំពីទីផ្សារការងារ៕






