ភ្នំពេញ ៖ ក្រសួងបរិស្ថាន នៅក្នុងឆ្នាំបន្ទាប់ នឹងបន្តអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបង្កើតឡើង ស្របនឹងយុទ្ធសាស្រ្តបញ្ជកោណ របស់រាជរដ្ឋាភិបាល ក្នុងនោះការយកចិត្តទុកដាក់លើការ អភិវឌ្ឍបម្រើ ឱ្យប្រយោជន៍ប្រជាសហគមន៍ ក្នុងគោលបំណងជំរុញ ការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងការពារទឹកដី ការពារធនធានធម្មជាតិ និងការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន។

នេះជាការលើកឡើង របស់លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងជំនួប ជាមួយគ្រួសារបរិស្ថាន បូកសរុបការងារ និងដាក់ចេញផែនការឆ្នាំ បន្ទាប់ក្នុងវិស័យបរិស្ថាន នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន។
លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន បានប្រកាសដាក់ចេញការបន្តអភិវឌ្ឍន៍ ទីតាំងទេសចរណ៍នៅតាមតំបន់ការពារធម្មជាតិ ជាពិសេស «គោលដៅលំហែបៃតង» ដែលឆ្នាំទី១កន្លងមក បានអនុវត្តនៅឧទ្យានជាតិ ព្រះសុរាម្រិតកុសុមៈ«គិរីរម្យ» និងឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម «ភ្នំគូលែន»។

លោករដ្ឋមន្រ្តី បានលើកឡើងថា ក្រសួងបរិស្ថាននឹងពង្រីក«គោលដៅលំហែបៃតង» ដោយបង្កើតជារបៀងលំហែបៃតង ដោយផ្សារភ្ជាប់ពី គោលដៅលំហែបៃតងមួយ ទៅកាន់គោលដៅ លំហែបៃតងផ្សេងទៀត ឬទៅកាន់ទីរមណីយដ្ឋានផ្សេងទៀត ដែលផ្តល់ប្រយោជន៍ ដល់ការលើកកម្ពស់ជីវភាព សហគមន៍តំបន់ការពារធម្មជាតិ តាមរយៈការបង្កើតឱ្យមាន «ការងារបៃតង» មានដូចជា សេវាកម្មទេសចរណ៍ ការដាំដំណាំ ការចិញ្ចឹមសត្វ ការកែច្នៃម្ហូបអាហារ និងវត្ថុអនុស្សាវរីយ៍ជាដើម ដើម្បីបង្កើនប្រាក់ចំណូលដល់ប្រជាសហគមន៍ សំដៅពង្រឹងការការពារធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ កាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។

សូមបញ្ជាក់ថា នៅក្នុងទិសដៅបន្ត ក្រសួងគ្រោងបង្កើតរបៀងលំហែបៃតងនៅតាមតំបន់ការពារធម្មជាតិ រួមមាន៖ ១-របៀងលំហែបៃតង តភ្ជាប់នៅខេត្តកំពង់ស្ពឺ កោះកុង កំពង់សោម កំពត និងកែប។ ២-របៀងលំហែបៃតងនៅតំបន់អភិវឌ្ឍន៍ត្រីកោណ CLV-TDA ដែលមានខេត្តចំនួន៤ រួមមានខេត្តក្រចេះ ស្ទឹងត្រែង រតនគីរី និងមណ្ឌលគីរី ។ ៣-របៀងលំហែបៃតង នៅខេត្តកំពង់ធំ សៀមរាប ប៉ៃលិន ព្រះវិហារ និងឧត្តរមានជ័យ៕
