ភ្នំពេញ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យលោក Emmanuel DOLLFUS នាយកស្ដីទីនៃទីភ្នាក់ងារបារាំង សម្រាប់អភិវឌ្ឍន៍(AFD) ដឹកនាំគណៈប្រតិភូចូលជួបសម្ដែងការគួរសម និងពិភាក្សាអំពីគម្រោង អភិវឌ្ឍន៍ នានាលើវិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា ។
ក្នុងកិច្ចជំនួប លោករដ្ឋមន្ត្រីបានសម្តែងនូវការស្វាគមន៍ ចំពោះគណៈប្រតិភូ ទីភ្នាក់បារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ដែលបានឆ្លៀត ពេលដ៏មមាញឹក ដើម្បីចូលជួបសម្តែង ការគួរសម និងពិភាក្សាការងារ ព្រមទាំងបានថ្លែងអំណរគុណ ដល់ទីភ្នាក់ងារបារាំង សម្រាប់អភិវឌ្ឍន៍(AFD) ជាពិសេស សាធារណរដ្ឋបារាំង ដែលតែងតែជួយគាំទ្រ ដល់ប្រទេសកម្ពុជាគ្រប់កាលៈទេសៈ និយាយដោយឡែកការចូលរួម ចំណែកយ៉ាងធំធេង លើវិស័យធនធានទឹក និងឧតុនិយម ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ប្រាប់ប្រតិភូបារាំងថា កម្មវិធីគ្រប់គ្រងធនធានទឹក និងផ្លាស់ប្តូរកសិកម្ម នៅប្រទេសកម្ពុជា ជំហានទី១(WAT4CAM-1) ដែលបាននិងកំពុងអនុវត្ត នៅតាមបណ្តាខេត្តមួយចំនួន បានចូលរួមចំណែកយ៉ាងធំធេង ក្នុងការធានានូវសុវត្ថិភាព ទឹកឆ្លើយតបទៅនឹងការប្រែប្រួល អាកាសធាតុ និងជាកម្លាំងចលករជួយជំរុញ ដល់កំណើនសេដ្ឋកិច្ចកាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាដែលបានកំណត់យកទឹក ជាវិស័យអាទិភាពមួយក្នុងចំណោមអាទិភាពគន្លឹះចំនួន ៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ។
ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីបានជំរុញដល់ក្រុមការងារទាំងអស់សហការពន្លឿនការងារគម្រោង WAT4CAM ជំហានទី១ ដែលកំពុងអនុវត្ត និងបានសូមឱ្យភាគីបារាំងផ្តល់ជំនួយឥតសំណង សម្រាប់ការសិក្សាគម្រោង WAT4CAM ជំហានទី២ បន្តទៀត។ ជាពិសេសស្នើដល់ទីភ្នាក់ងារបារាំង សម្រាប់អភិវឌ្ឍន៍ (AFD) ជួយសហការពន្លឿន ការងារគម្រោង អភិវឌ្ឍន៍ស្ទឹងស្វាយចេក ដើម្បីឱ្យភាគីទាំងពីរ អាចចុះហត្ថលេខាលើឯកសារ ហិរញ្ញប្បទានក្នុងខែតុលា ឆ្នាំ២០២៤ និងអនុវត្ដភ្លាមៗ ដោយយកគំរូអនុវត្តស្ទឹងស្វាយចេកតាមបែបដំណោះស្រាយធម្មជាតិ (Natural Base Solution)។
តំណាងគណៈប្រតិភូ ទីភ្នាក់ងារបារាំង សម្រាប់អភិវឌ្ឍន៍(AFD) លោក Emmanuel DOLLFUS បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការ នាពេលកន្លងមក ជាពិសេសការចុះពិនិត្យ ដោយផ្ទាល់ពីវឌ្ឍនភាពគម្រោងក្រោមកម្មវិធី WAT4CAM ជំហានទី១ ក្នុងខេត្តបាត់ដំបងកាលពីពេលថ្មីៗនេះ និងបានថ្លែងនូវការកោតសរសើរដល់ក្រុមការងារ អនុវត្តកម្មវិធី រួមទាំងក្រុមទីប្រឹក្សាបច្ចេកទេស ដែលបានអនុវត្តប្រកបដោយប្រសិទ្ធភាព។ ជាមួយគ្នានេះដែរ តំណាងគណៈប្រតិភូបារាំង បានបញ្ជាក់ពីជំហរក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីជួយអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា ឱ្យកាន់តែមានការរីកចម្រើន ។
សូមបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយមកំពុងសហការយ៉ាងជិតស្និទ្ធ ជាមួយទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) រៀបចំនីតិវិធីលក្ខខណ្ឌយោង និងសេចក្ដីព្រាងកិច្ចព្រមព្រៀង គម្រោងស្ដារឡើវិញ និងគ្រប់គ្រងស្ទឹងស្វាយចេក ប្រកបដោយប្រសិទ្ធភាព ក្រោមហិរញ្ញប្បទាន របស់ទីភ្នាក់ងារបារាំង សម្រាប់អភិវឌ្ឍន៍ ដែលនឹងគ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាលកម្ពុជា តំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយភាគីសាធារណរដ្ឋបារាំង តំណាងដោយទីភ្នាក់ងារបារាំង សម្រាប់អភិវឌ្ឍន៍(AFD)នៅខែតុលា ឆ្នាំ២០២៤ ខាងមុខ៕