ភ្នំពេញ ៖ ប្រធានវិទ្យាស្ថាន ទំនាក់ទំនង អន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិតគិន ភា បានអំពាវនាវ ដល់ប្រជាពលរដ្ឋខ្មែរ នៅក្រៅប្រទេសដែលតាំងខ្លួន ជាអ្នកស្នេហាជាតិ សូមចូលរួមគាំទ្រ «មូលនិធិកសាងហេដ្ឋារចនា សម្ព័ន្ធតាមព្រំដែន» បើស្រលាញ់ជាតិពិតប្រាកដ ។

លោកបណ្ឌិតបានលើក ឡើងថា អ្នកដែលតាំងខ្លួន ជាអ្នកស្រលាញ់ជាតិ ពិតប្រាកដ ត្រូវតែជួយជាតិ តាមរយៈមធ្យោបាយ សម ស្របណាមួយ បើមិនបានចូលរួមជាទឹកប្រាក់ទេ យ៉ាងហោចណាស់ក៏ចូលរួមជាទឹកចិត្ត ក្នុងការសាទរ មិនគួរធ្វើជាចរន្តទប់ស្កាត់ ឬធ្វើឱ្យខូចផែនការ ដ៏ល្អរបស់រដ្ឋាភិបាលនោះទេ ។

លោកថ្លែងថា ៖« បើបងប្អូនពិត ជាស្រលាញ់ជាតិ ស្រលាញ់ទឹកដី ស្រលាញ់ព្រំដែនយើងមែន សូមឱ្យចូលរួមចំណែក តិចក្តីច្រើនក្តី ជាកម្លាំងចិត្ត ជាផ្នែកស្មារតីផង ជាទឹកប្រាក់ផង រាជរដ្ឋាភិបាល អត់បានបង្ខំបងប្អូនទេ ហើយកុំគិតថា ជាការជញ្ជក់ឈាមប្រជាពលរដ្ឋ មិនមែនជាការជញ្ជក់ទេ»។

លោកបណ្ឌិត បានអំពាវនាវដល់អ្នកដែលតាំង ខ្លួនជាអ្នកស្នេហាជាតិបានតែសម្តី ប៉ុន្តែសកម្មភាពពិតបែរ ជារិះគន់បន្តុះបង្អាប់ ការចូលរួមអភិវឌ្ឍប្រទេសនោះ គួរឈ្វេងយល់ឱ្យបានច្បាស់ពីគោល បំណងពិតរបស់រាជរដ្ឋភិបាល ដែលមិនត្រឹមតែការពារទឹកដី ព្រៃឈើ ធនធានធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបម្រើ វិស័យកសិកម្ម ដឹកជញ្ជូន វិស័យទេសចរណ៍ បង្កើតជាភូមិករស់រវើក សម្រាប់ពលរដ្ឋនៅ តាមបណ្តោយព្រំដែន ។

លោកថ្លែងថា៖«បងប្អូនដែលមិនទាន់មានជំនឿ ឬទំនុកចិត្តលើការបង្កើតមូលនិធិហ្នឹងគឺ សុំឱ្យគាត់ពិចារណាឡើងវិញ ហើយមូលនិធិនេះគឺមិនមែនជាការបង្ខិតបង្ខំ ជាការដាក់ កាតព្វកិច្ច ឬដាក់កំណត់អីទេ គឺជាការចូលរួមចំណែក ដោយស្ម័គ្រចិត្ត សម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលមានទឹកចិត្តស្នេហាជាតិ ស្នេហាទឹកដី ព្រៃភ្នំ ព្រំដែនរបស់យើង»។
លោកបញ្ជាក់ថា អ្នកដែលបានចូលរួម ជាមួយរាជរដ្ឋាភិបាល មិនមានចេតនា ឱនលំទោន ឬទ្រពង ដូចមតិមួយចំនួន ចោទប្រកាន់នោះទេ ប៉ុន្តែជាទឹកចិត្តស្មោះសរ បរិសុទ្ធពិតប្រាកដ ចង់ឃើញការអភិវឌ្ឍ ហេដ្ឋារចនា សម្ព័ន្ធរូបវន្តគ្រប់គ្រាន់នៅព្រំដែន៕



