ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី ផ្ញើសាររំលែកទុក្ខ ដល់គ្រួសារសព លោកអនុសេនីយ៍ត្រី សៅ រក្សា ដែលពលីជីវិត ពេលបំពេញ ប្រតិបត្តិការ បង្ក្រាបបទល្មើសហិង្សា

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ផ្ញើសាររំលែកមរណទុក្ខ ផ្ញើជូន លោក នៅ សំបូរ និងលោកស្រី យ៉ង អិត ព្រមទាំងក្រុមគ្រួសារ អំពីមរណភាពរបស់ លោកអនុសេនីយ៍ត្រី សៅ រក្សា មន្ត្រីប៉ុស្តិ៍នគរបាល រដ្ឋបាលបឹងកេងកងទី២ អធិការដ្ឋាន នគរបាលខណ្ឌបឹងកេងកង នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដែលបានពលីជីវិត​ក្នុងពេលបំពេញប្រតិបត្តិការបង្ក្រាបបទល្មើសហិង្សា ។

យោងតាមសាលិខិតរំលែកមរណទុក្ខ របស់សម្តេចធិបតី នាថ្ងៃទី២៩ សីហា ឆ្នាំ២០២៤ បានបញ្ជាក់ថា “ខ្ញុំ និងភរិយា ពិតជាមានសេចក្តីក្តុកក្តួលរំជួលចិត្ត និងសោកស្តាយឥតឧបមា ដោយបានទទួលដំណឹងអំពីមរណភាពរបស់ លោកអនុសេនីយ៍ត្រី សៅ រក្សា មន្ត្រីប៉ុន្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី២ អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលជាកូនប្រុសរបស់លោក និងលោកស្រី ហើយលោកបានពលីជីវិត ក្នុងពេលបំពេញប្រតិបត្តិការបង្ក្រាបបទល្មើសហិង្សានៅថ្ងៃទីព្រហស្បតិ៍ ១០រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ៤៖៣០នាទីល្ងាច” ។

សម្តេចធិបតី លើកឡើងថា “ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមចូលរួមរំលែកទុក្ខជាមួយ លោក និង លោកស្រី ព្រមទាំងក្រុមគ្រួសារ ក៏ដូចជាថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិទាំងអស់ និងសូមសម្តែងសេចក្តី សង្វេង្កេត ប្រកបដោយអនិច្ចលក្ខណធម៌យ៉ាងជ្រាលជ្រៅ ព្រោះការបាត់បង់ លោកអនុសេនីយ៍ត្រី សៅ រក្សា គឺជាការ បាត់បង់កូនប្រុសដ៏មានគុណធម៌ សុជីវធម៌ កតញ្ញូកតវេទិតាធម៌ ចំពោះជីដូនជីតា លោកឪពុក អ្នកម្តាយ មីងមា បងប្អូន ជាទីស្រឡាញ់ទាំងអស់ ហើយក៏ជាការបាត់បង់មន្ត្រីនគរបាលដ៏អង់អាចក្លាហាន ដែលបានលះបង់ កម្លាំងកាយចិត្ត និងសេចក្តីសុខផ្ទាល់ខ្លួន ដើម្បីបុព្វហេតុសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព សង្គមជាតិ”៕

To Top