ព័ត៌មានជាតិ

អាជ្ញាធររាជធានីភ្នំពេញ ចូលរួមគោរពវិញ្ញាណក្ខន្ធ អនុសេនីយ៍ត្រី សៅ រក្សា ដែលពលីជីវិត ក្នុងប្រតិបត្តិការបង្ក្រាប ជនញៀនគ្រឿងញៀន

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញ ចូលរួមគោរពវិញ្ញាណក្ខន្ធ លោកអនុសេនីយ៍ត្រី សៅ រក្សា មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងកេងកងទី២ អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលទទួលមរណភាព នៅថ្ងៃថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ក្នុងប្រតិបត្តិការ ចុះអន្តរាគមន៍បង្ក្រាបជនញៀនគ្រឿងញៀន និងថែរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ។

ក្នុងឱកាសអញ្ជើញគោរពវិញ្ញាក្ខន្ធសព លោកអនុសេនីយ៍ត្រី សៅ រក្សា នេះដែរ លោក ឃួង ស្រេង និងលោកស្រី ជា ស៊ីណា ឃួង ស្រេង តាមរយៈលោក សុខ ពេញវុធ បាននាំយកបច្ច័យចូលរួមបុណ្យសព ចំនួន ១០.០០០,០០០រៀល និងទឹកបរិសុទ្ធចំនួន ១០០កេស ដើម្បីរៀបចំពិធីបុណ្យសព ទៅតាមទំនៀមទំលាប់ប្រពៃណី និងសូមបួងសួងឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធរបស់លោកអនុសេនីយ៍ត្រី សៅ រក្សា សូមឆាប់បានយោនយកកំណើត ចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។ ជាមួយគ្នានេះ លោក ឃួង ស្រេង ក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ក៏បានផ្ញើសារលិខិតរំលែកទុក្ខ ជូនចំពោះលោក នៅ សំបូរ និងលោកស្រី យ៉ង អិត ត្រូវជាឪពុកម្តាយបង្កើតនៃក្រុមគ្រួសារសព លោកអនុសេនីយ៍ត្រី សៅ រក្សា មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី២។

យោងតាមសារលិខិត របស់លោក ឃួង ស្រេង បានលើកឡើងថា “ក្នុងនាមគណៈអភិបាលរាជធានី គណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ ប្រភេទ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានក្តីរន្ធត់ចិត្តឥតឧបមា និងមានសេចក្តីក្រៀមក្រំបំផុត ចំពោះការបាត់បង់ជីវិតរបស់ លោកអនុសេនីយ៍ត្រី សៅ រក្សា មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងកេងកងទី២ នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដែលបានទទួលមរណភាព នៅថ្ងៃថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ក្នុងប្រតិបត្តិការចុះអន្តរាគមន៍បង្ក្រាបជនញៀនគ្រឿងញៀន និងថែរក្សាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន”។

លោកអភិបាលរាជធានីភ្នំពេញ បញ្ជាក់ថា “មរណភាពរបស់ លោកអនុសេនីយ៍ត្រី សៅ រក្សា គឺជាការបាត់បង់កង កម្លាំងដ៏អង់អាច ក្លាហាន និង ជាពលីកម្មដ៏ ធំធេងរបស់នគរបាលរាជធានីភ្នំពេញ ដែលបានចូលរួមចំណែក យ៉ាងសកម្ម ខ្លាំងក្លា​ ក្នុងបុព្វហេតុ នៃការពង្រឹងសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសង្គម តាមរយៈប្រតិបត្តិការ ចុះអន្តរាគមន៍បង្ក្រាបជនញៀនគ្រឿងញៀន ដើម្បី ការពារប្រជាពលរដ្ឋក្នុងមូលដ្ឋាន ស្របតាមគោលនយោបាយ “ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព” ដែលហ៊ានលះបង់សាច់ ស្រស់ ឈាមស្រស់ និងសូម្បីតែជីវិតរបស់ខ្លួន ស័ក្តិសមជាកងកម្លាំងគំរូ សម្រាប់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ”។

លោក ឃួង ស្រេង បន្តថា “ស្ថិតក្នុងសមានទុក្ខវិយោគសោកស្តាយ ស្រណោះអាឡោះអាល័យរកអ្វីប្រៀបផ្ទឹមពុំបាននេះ ក្នុងនាមគណៈអភិបាល រាជធានី គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងក្នុងនាមខ្លួន ខ្ញុំផ្ទាល់ ខ្ញុំសូមលំឱនកាយវាចាចិត្ត ចូលរួមរំលែកទុក្ខ ប្រកបដោយក្តីសោកសង្វេគ ស្រងេះស្រងោច យ៉ាងក្រៃលែង ជាមួយនឹង ក្រុមគ្រួសាសព និងអង្គភាពប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី២ ហើយសូមខុទ្ទិសបួងសួង ដល់ដួងវិញ្ញាណក្ខន្ធរបស់ លោកអនុសេនីយ៍ត្រី សៅ រក្សា សូមបានចាប់បដិសន្ធិក្នុង សុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ”

To Top