ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា សង្ឃឹមថា កម្មវិធីស្បៀងអាហារពិភពលោក នឹងបន្តសហប្រតិបត្តិការជាមួយក្រសួងអប់រំ ដើម្បីបន្តអភិវឌ្ឍន៍អាហារូបត្ថម្ភ នៅកម្ពុជា។
ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ក្នុងកិច្ចប្រជុំជាមួយ លោកស្រី Claire Conan, នាយិកាប្រចាំប្រទេស នៃកម្មវិធីស្បៀងអាហារពិភពលោក ក្នុងការត្រៀមរៀបចំសិក្ខាសាលាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ ស្តីពីការផ្តល់អាហារ តាមសាលារៀនលើកទី១ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។
គួរបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា នឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំ សិក្ខាសាលាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ ស្តីពីការផ្តល់អាហារតាមសាលារៀននេះ ដែលសិក្ខាសាលាថ្នាក់តំបន់នេះ គឺជាព្រឹត្តិការណ៍លើកដំបូង នៅទ្វីបអាស៊ី ដែលហៅថា “បណ្តាញមិត្តជួយមិត្តនៅក្នុងតំបន់អាស៊ី” ក្នុងគោលបំណងដើម្បីចែករំលែក ឧត្តមានុវត្តន៍ នៃការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀន ពីបណ្តាប្រទេសក្នុងទ្វីបអាស៊ី, លើកកម្ពស់ការយល់ដឹងអំពីអត្ថប្រយោជន៍ នៃការផ្តល់អាហារតាមសាលារៀន, បង្កើនការវិនិយោគលើកម្មវិធីផ្តល់អាហារ តាមសាលារៀន និងពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងរដ្ឋាភិបាលនិងដៃគូអភិវឌ្ឍ។
ក្នុងឱកាសនេះ លោកស្រី នាយិកាប្រចាំប្រទេស នៃកម្មវិធីស្បៀងអាហារពិភពលោក បានលើកឡើងពីប្រធានបទសំខាន់ៗ ត្រូវពិភាក្សានៃកិច្ចប្រជុំ ក្នុងនោះ រួមមាន៖ (១). ការរៀបចំសិក្ខាសាលាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ (២). លើកកម្ពស់អាហារូបត្ថម្ភបន្ថែម ក្នុងកម្មវិធីជាតិ និង (៣). ជំនួយបច្ចេកទេស និងឱកាសសម្រាប់ការផ្តល់មូលនិធិបន្ថែម។
ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ កម្មវិធីស្បៀងអាហារពិភពលោក ដែលបានជួយគាំទ្រក្នុងប្រទេសកម្ពុជា នាពេលកន្លងមក ជាពិសេសផ្នែកអាហារូបត្ថម្ភ ដែលឈានទៅដល់ការលើកកម្ពស់ វិស័យអប់រំនៅកម្ពុជា។
សម្រាប់ការរៀបចំសិក្ខាសាលាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ លោក ឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីវិធានការនៃការរៀបចំ ដើម្បីឱ្យកម្មវិធីប្រព្រឹត្តទៅបានរលូន ដូចជារៀបចំអ្នកឯកទេសលើផ្នែកជំនាញ ផលិតកម្មសង្គម ក៏ដូចជាការចុះពិនិត្យសាលារៀនពាក់ព័ន្ធ មានកម្មវិធីវប្បធម៌សម្រាប់ប្រទេស រៀបចំការអញ្ជើញប្រទេសគោលដៅ និងការប្រើប្រាស់ថវិកាឱ្យបានត្រឹមត្រូវ។ ក្រសួង ក៏បានគាំទ្រទៅលើគំនិតផ្តួចផ្តើម ក្នុងការលើកកម្ពស់អាហារូបត្ថម្ភបន្ថែម ក្នុងកម្មវិធីជាតិដែលនេះសមស្រប ទៅគោលដៅរបស់ក្រសួងអប់រំ ក្នុងការកែលម្អអាហារូបត្ថម្ភរបស់សិស្ស។
បន្ថែមពីនេះ លោក ឧបនាយករដ្ឋមន្ត្រី ក៏សង្ឃឹមថា «កម្មវិធីស្បៀងអាហារពិភពលោក នឹងបន្តធ្វើសហប្រតិបត្តិការបន្តទៀត ជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបន្តអភិវឌ្ឍន៍អាហារូបត្ថម្ភនៅកម្ពុជា ដូចជាការជួយគាំទ្រទៅលើគម្រោង អាហារូបត្ថម្ភរបស់ក្រសួងដែលមានស្រាប់ តាមគំនិតផ្តួចផ្តើមរបស់លោកស្រីនាយិកា»។
សូមរំលឹកថា សិក្ខាសាលាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ស្តីពី “ការផ្តល់អាហារតាមសាលារៀន” គ្រោងនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ខាងមុខនេះ និងមានអ្នកចូលរួមសរុបប្រមាណ ១៣០នាក់ មកពីប្រទេសចំនួន ១៣ រួមមានប្រទេសព្រុយណេ មីយ៉ាន់ម៉ា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម កម្ពុជា ជប៉ុន ចិន និងសាធារណរដ្ឋកូរ៉េ។ សិក្ខាសាលាថ្នាក់តំបន់នេះ ក៏មានការជួយគាំទ្រពី កម្មវិធីស្បៀងអាហារពិភពលោក និង KOICA ផងដែរ៕