ភ្នំពេញ ៖ បងប្អូនពលករខ្មែរ នៅប្រទេសថៃ បង្ហាញពីការស្រលាញ់ជាតិ ពិតប្រាកដ តាមរយៈការសប្បាយរីករាយ បរិច្ចាគថវិកាជូន «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដើម្បីបុព្វហេតុការពារទឹកដី ភ្នំ ព្រៃឈើ ធនធានធម្មជាតិ នៅតំបន់ព្រំដែន ពិសេសដើម្បីប្រទេសជាតិ មានការអភិវឌ្ឍ ប្រកបដោយចីរភាព និងនិរន្តរភាព ។

អ្នកស្រីខន ស្រីតុ ពលការិនីនៅប្រទេសថៃ បានចូលរួមថវិកា ហើយបានបង្ហោះបង្ហាញ តាមបណ្តាញសង្គមហ្វេសប៊ុក អំពីការចូលរួម ដោយស្ម័គ្រចិត្ត ក្នុងការចូលរួមយុទ្ធនាការជាតិ ជាមួយរាជរដ្ឋាភិបាល ដោយចូលថវិកាជូន «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ក្នុងគោលបំណងការពារ អភិវឌ្ឍន៍ប្រទេសជាតិ ក្នុងស្មារតីសាមគ្គីភាព អធិបតេយ្យភាព បូរណភាពទឹកដី ជាពិសេសជំរុញការអភិវឌ្ឍនៅតាមតំបន់ព្រំដែន ឱ្យកាន់តែរីកចម្រើនថែមទៀត ។

លើបណ្តាញសង្គមហ្វេសប៊ុក កម្មការិនី អ៊ុង ភក្តី ដែលបានចូលរួមក្នុងសកម្មភាពនេះ បានអំពាវនាវដល់ពលករខ្មែរនៅថៃ និងអ្នកស្នេហាជាតិទាំងអស់ ចូលរួមបរិច្ចាគជូនមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីជាតិ និងប្រជាជនកម្ពុជាទូទាំងប្រទេស ផងដែរ ។
គិតត្រឹមម៉ោង ៨យប់ថ្ងៃ ទី២៩ ខែសីហា ឆ្នាំ២០២៤នេះ យុទ្ធនាការជាតិ ដើម្បីចូលរួម «មូលនិធិកសាងហេដ្ឋារចនាសម័្ពន្ធតាមព្រំដែន» បានកើនថវិកាដល់ជាង ១១លានដុល្លារហើយ ៕



