ព័ត៌មានជាតិ

Visa សហការ​ជា មួយមជ្ឈមណ្ឌលបណ្តុះ ធុរកិច្ចថ្មី “តេជោ” ដើម្បីជំរុញកំណើន ធុរកិច្ចឌីជីថល នៅកម្ពុជា

ភ្នំពេញ ៖ ថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០២៤ ក្រុមហ៊ុន Visa ជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈប្រព័ន្ធឌីជីថលឈានមុខគេនៅក្នុងពិភពលោក បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ជាមួយមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ជាគ្រឹះស្ថានរដ្ឋបាលសាធារណៈ បង្កើតឡើង ដើម្បីលើកកម្ពស់ធុរកិច្ចថ្មី និងធុរកិច្ចឌីជីថល នៅប្រទេសកម្ពុជា ។ អនុស្សរណៈយោគយល់គ្នានេះ អនុញ្ញាតឲ្យក្រុមហ៊ុន Visa សហការជាមួយ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ដើម្បីធ្វើឌីជីថលនីយកម្ម និងជំរុញកំណើន អាជីវកម្មឌីជីថលនៅកម្ពុជា ។

តាមរយៈកិច្ច សហប្រតិបត្តិការនេះ ក្រុមហ៊ុន Visa នឹងធ្វើការជាមួយមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ផ្តោតលើផ្នែកសំខាន់ៗមួយចំនួន ដូចជាការ ចែករម្លែក ចំណេះដឹង និងវិធីសាស្រ្តអនុវត្តល្អបំផុត លើយុទ្ធសាស្ត្រឌីជីថលដំបូង វគ្គបណ្តុះបណ្តាល ដែលប្រើប្រាស់ចំណេះដឹង និងជំនាញរបស់ក្រុមហ៊ុន Visa និងប្រើប្រាស់ធនធាន របស់ក្រុមហ៊ុន Visa លើបច្ចេកវិទ្យាច្នៃប្រឌិតទំនើបៗ។ ក្រុមហ៊ុន Visa គ្រោងនឹងសហការយ៉ាង សកម្មជាមួយ មជ្ឈមណ្ឌលបណ្តុះ ធុរកិច្ចថ្មី “តេជោ” ដើម្បីបន្តគោលដៅ របស់ពួកគេ ទាំងនៅក្នុងប្រទេសកម្ពុជានិងអន្តរជាតិ ហើយកិច្ចសហការនេះ នឹងរួមបញ្ចូលការ ពិភាក្សា ដែលផ្តោតលើការធ្វើឌីជីថលនីយកម្ម និងបច្ចេកវិទ្យា ដើម្បីគាំទ្រ ដល់អាជីវកម្ម និងធុរកិច្ចបង្កើតថ្មីនៅកម្ពុជា ។

កិច្ចសហការនេះ គឺស្របតាមក្របខណ្ឌគោល នយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឆ្នាំ ២០២១-២០៣៥ របស់រាជរដ្ឋាភិបាល ជាយុទ្ធសាស្ត្រ ឌីជីថលនីយកម្ម ដែលត្រូវបានរចនាឡើង ដើម្បីជំរុញការអភិវឌ្ឍក្រោយជំងឺរាតត្បាត ។ គំនិតផ្តួចផ្តើមដ៏ទូលំទូលាយនេះ គឺដើម្បីគាំទ្រធុរកិច្ចឌីជីថល ដោយការលើកកម្ពស់ការច្នៃប្រឌីត ការរៀបចំវិនិយោគលើការប្រើប្រាស់ប្រព័ន្ធអេកូឡូស៊ី ការកសាងទំនុកចិត្តលើប្រព័ន្ធឌីជីថល ពង្រីកការតភ្ជាប់ និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ។ ស្របតាមក្របខ័ណ្ឌគោលនយោបាយនេះ វិស័យធុរកិច្ចឌីជីថល នៅក្នុងប្រទេសកម្ពុជា ដែលជាកន្លែងចាប់ផ្តើម សម្រាប់ធុរកិច្ចថ្មី ច្រើនជាង ១០០ រួចមកហើយ បានក្លាយជាទីតាំងល្អ សម្រាប់កំណើនរយៈពេលវែងប្រកប ដោយនិរន្តរភាព ។
លើសពីនេះ តាមរយៈការគាំទ្រ គោលដៅរបស់មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ក្នុងការពន្លឿនការទទួលយកបច្ចេកវិទ្យាឌីជីថលថ្មីសម្រាប់សហគ្រាស និងធុរកិច្ចបង្កើតថ្មី នៅកម្ពុជា ក្រុមហ៊ុន Visa សង្ឃឹមថានឹងអាចជួយពង្រឹងភាពធន់ និងជួយអភិវឌ្ឍដល់អាជីវកម្មខ្នាតតូច និងអាជីវកម្មក្រៅប្រព័ន្ធផងដែរ ។

អ្នកស្រី Ivana Tranchini នាយិកាគ្រប់គ្រង ក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា “យើងមានសេចក្តីសោមនស្សរីករាយ ក្នុងការសហការ ជាមួយមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ដើម្បីលើកកម្ពស់វឌ្ឍនភាព នៃឌីជីថលនីយកម្ម និងធុរកិច្ចឌីជីថលនៅកម្ពុជា។ វឌ្ឍនភាពនៃសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសកម្ពុជា មានការរីកចម្រើន និងផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ ការណ៍នេះត្រូវបានជំរុញដោយកត្តាមួយចំនួនដូចជា ការរីកសាយភាយនូវការប្រើប្រាស់ទូរស័ព្ទ និងការពេញនិយមប្រើប្រាស់អ៊ីនធឺណិត ព្រមទាំងការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់រាជរដ្ឋាភិបាល។ យើងទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” លើការជំរុញបន្ថែមទៀតនូវប្រព័ន្ធអេកូឡូស៊ី នៃភាពជាសហគ្រិនឌីជីថល ដែលកំពុងរីកចម្រើន នៅក្នុងព្រះរាជាណាចក្រកម្ពុជា” ។

លោកបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិ នៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី តេជោ បានមានប្រសាសន៍ថា «ភាពជាដៃគូជាមួយ ក្រុមហ៊ុន Visa គឺជាជំហានឆ្ពោះទៅមុខមួយទៀត ក្នុងការលើកស្ទួយធុរកិច្ចថ្មី និងម្ចាស់អាជីវកម្មនៅកម្ពុជា តាមរយៈការផ្តល់នូវចំណេះដឹង ធនធាន និងឧបករណ៍ ដែលពួកគាត់ត្រូវការ ដើម្បីជួយឲ្យអាជីវកម្មរបស់ពួកគាត់រីកចម្រើននៅក្នុងយុគសម័យឌីជីថល ។ ចំណេះជំនាញរបស់ក្រុមហ៊ុន Visa នៅក្នុងវិស័យទូទាត់ តាមរយៈឌីជីថល និង ការប្តេជ្ញាចិត្តរបស់ Visa ក្នុងការចែករំលែកនូវចំណេះដឹងទាំងនោះ មានតម្លៃមិនអាចកាត់ថ្លៃ បានសម្រាប់មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ក្នុងការភ្ជាប់ជំនួយ និងធនធានទាំងនេះ ទៅដល់សហគ្រិនកម្ពុជា ដែលត្រូវការចំណេះដឹងទាំងនោះ ដើម្បីទទួលបានជោគជ័យ ក្នុងពិភពអាជីវកម្ម ដែលកំពុងផ្លាស់ប្តូរឥតឈប់ឈរ ។
យើងមានទំនុកចិត្តថា កិច្ចសហការនេះនឹងជំរុញសក្តានុពល របស់ប្រទេសកម្ពុជា ក្នុងនាមជាមជ្ឈមណ្ឌលនវានុវត្តន៍ឌីជីថល»។
អំពី៖មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ជាគ្រឹះស្ថានរដ្ឋបាលសាធារណៈ ចំណុះឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ធ្វើការគាំទ្រដល់ចក្ខុវិស័យ យុទ្ធសាស្ត្ររបស់រដ្ឋាភិបាល ក្នុងការលើកកម្ពស់ធុរកិច្ចថ្មី និង ធុរកិច្ចឌីជីថលនៅប្រទេសកម្ពុជា។ ម.ធ.ត. ផ្តោតលើមុខព្រួញសំខាន់ៗចំនួន ៥ រួមមាន ៖ ការបណ្ដុះធុរកិច្ចថ្មី, សហគមន៍, ថ្នាលឌីជីថល, ការស្រាវជ្រាវ និង បរិវត្តកម្មឌីជីថលសហគ្រាស ៕

To Top