ភ្នំពេញ៖ ក្រុមហ៊ុនចិនជាច្រើន បានបង្ហាញអំពីបំណងក្នុងការដាក់ទុនវិនិយោគ លើការដាំដុះ ផលិត កែច្នៃ និងវេចខ្ចប់ផលិតផលកសិផល និងផ្លែឈើនៅកម្ពុជា ដើម្បីអាចផ្គត់ផ្គង់ការនាំចេញ ទៅកាន់ប្រទេសចិន ប្រកបដោយស្ថេរភាព ។
នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ លោក លឹម ឡោកពិសិដ្ឋ រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សា ការងារជាមួយ លោក Lin Shaopeng, Chairman of COFCO នៅកម្ពុជា, តំណាងក្រុមហ៊ុន Wuxi Xianlida Fruit Trading Co., Ltd. ក្រុមហ៊ុន Beijing Guoxue Ruifeng Technology, ក្រុមហ៊ុន Beijing Yixun Tong និងក្រុមហ៊ុនផ្នែកកសិផលនិងផ្លែឈើ ប្រមាណជាង ២០ក្រុមហ៊ុន នៅទីស្តីការក្រសួងពាណិជ្ជកម្ម និងតាមប្រព័ន្ធវីដេអូ ដើម្បីពិភាក្សាអំពីលទ្ធភាពក្នុងការជំរុញការនាំយកនូវកសិផលរបស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។
នៅក្នុងជំនួបពិភាក្សាការងារនេះ ភាគីទាំងពីរ បានផ្លាស់ប្តូរយោបល់គ្នា ក្នុងការស្វែងយល់អំពីទីផ្សារកសិផល និងផ្លែឈើនៅកម្ពុជា ក៏ដូចជាបានស្វែងយល់អំពីនីតិវិធី នៃការនាំចេញទៅកាន់ប្រទេសចិនផងដែរ។
លើសពីនេះ ភាគីទាំងពីរបានផ្តោតការពិភាក្សាលើប្រភេទផ្លែឈើ ដូចជា៖ ផ្លែចេក ផ្លែធុរេន ដំឡូងមី ក៏ដូចជាម្រេច ដែលកម្ពុជាអាចដាំដុះ និងមានទីផ្សារនាំចេញ ផងដែរ។
ជាមួយគ្នានេះ មានក្រុមហ៊ុនមួយចំនួនបានបង្ហាញ អំពីបំណងក្នុងការដាក់ទុនវិនិយោគលើការដាំដុះ ផលិត កែច្នៃ និងវេចខ្ចប់ផលិតផលកសិផល និងផ្លែឈើនៅកម្ពុជា ដើម្បីអាចផ្គត់ផ្គង់ការនាំចេញ ទៅកាន់ប្រទេសចិនប្រកបដោយស្ថេរភាព ៕