ព័ត៌មានជាតិ

សាស្ត្រាចារ្យ ២៦រូប កំពុងរៀបចំ តាក់តែងវិញ្ញាសា សម្រាប់ការប្រឡង ប្រជែងរើសមន្ត្រីរាជការ ឲ្យចូលបម្រើការងារ ក្នុងក្របខណ្ឌក្រសួង អភិវឌ្ឍន៍ជនបទ

ភ្នំពេញ៖ សាស្ត្រាចារ្យ មកពីសាកលវិទ្យាល័យនានា ចំនួន ២៦រូប កំពុងរៀបចំ តាក់តែងវិញ្ញាសា សម្រាប់ការប្រឡង ប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួង អភិវឌ្ឍន៍ជនបទ នៅពេលរសៀលថ្ងៃទី៣១ ខែសីហានេះ ។

ស្របតាមនិយាមនីតិវិធីប្រតិបត្តិ ស្តីពីការប្រឡង ប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល វិញ្ញាសាប្រឡងប្រជែង ត្រូវតាក់តែងនៅពេលព្រឹក ការប្រឡងនឹងត្រូវប្រព្រឹត្តទៅ នៅរសៀលក្នុងថ្ងៃតែមួយ ។ តាមការរំពឹងទុក ការតាក់តែងប្រធានវិញ្ញាសា នឹងត្រូវបញ្ចប់ប្រមាណ ចន្លោះម៉ោង ៩៖០០ព្រឹក ដើម្បីដំណើរការនីតិវិធី បន្តសម្រាប់ការប្រឡង ប្រជែងដែលចាប់ផ្តើមនៅម៉ោង១២ និង០០នាទី។

ជាក់ស្តែងនៅម៉ោង ៦៖០០នាទីព្រឹកនេះ អនុគណៈកម្មការនីមួយៗ នៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ បានមកដល់ទីតាំងមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល ដើម្បីអនុវត្តន៍ការងាររបស់ខ្លួនទៅតាមតួនាទី ភារកិច្ច ដែលមាននៅក្នុងសេចក្តីសម្រេច ដែលបានដាក់ចេញ។

ជាមួយគ្នានេះ សាស្ត្រាចារ្យ តាក់តែងវិញ្ញាសា ចំនួន២៦រូប ដែលមកពីសាកលវិទ្យាល័យផ្សេងៗ កំពុងមានវត្តមាន នៅក្នុងបន្ទប់តាក់តែងវិញ្ញាសា កំពុងរៀបចំ និងទទួលការណែនាំពីលោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជាអនុប្រធានគណៈកម្មការ រៀបចំការប្រឡងប្រជែង ពន្យល់បង្ហាញពីយន្តការការងារផ្សេងៗ ដែលបានកំណត់ក្នុង និយាមនីតិប្រតិបត្តិ ស្តីពីការប្រឡងប្រជែងជ្រើសរើស មន្ត្រីរាជការស៊ីវិល។

សូមជម្រាបថា គណៈកម្មការ រៀបចំតាក់តែងវីញ្ញាសា ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា ផ្តល់បញ្ជីឈ្មោះ សមាសភាពសាស្ត្រាចារ្យ ស្មើនឹង ២ដង នៃចំនួនដែលត្រូវការ (ក្នុង ១វិញ្ញាសា) ដើម្បីឱ្យឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មការប្រឡង ប្រជែង ជាអ្នកជ្រើសរើសដោយផ្ទាល់ និងដោយសម្ងាត់បំផុត។

សាស្ត្រាចារ្យចំនួន ២៦រូប ត្រូវបានបែងចែក ទៅតាមវិញ្ញាសាទាំងបី រួមមាន៖ វិញ្ញាសាទី១ ជំនាញបច្ចេកទេស តាក់តែងដោយសាស្ត្រាចារ្យ ១៥រូប លើ ៥ជំនាញ (ច្បាប់, រដ្ឋបាលសាធារណៈ, វិស្វកម្មសំណង់ស៊ីវិល, ស្ថាបត្យកម្ម និងព័ត៌មានវិទ្យា) ដែលក្នុងមួយជំនាញមានសាស្ត្រាចារ្យ ៣រូប, វិញ្ញាសាទី២ ភាសាអង់គ្លេស តាក់តែងដោយសាស្ត្រាចារ្យ ៣រូប និងវិញ្ញាសាទី៣ ពហុចម្លើយពាក់ព័ន្ធ មុខងារសាធារណៈ, ក្រមសីលធម៌, គោលនយោបាយ… តាក់តែងដោយ សាស្ត្រាចារ្យ ៣រូប និងពហុចម្លើយពាក់ព័ន្ធជំនាញឯកទេស តាក់តែងដោយសាស្ត្រាចារ្យ ៥រូប)៕

To Top