ព័ត៌មានជាតិ

សម្ដេចធិបតី ៖ អាជ្ញាធរ ត្រូវចូលរួមយុទ្ធនាការ ប្រមូលសិស្សចូលរៀន ដើម្បីលើកទឹកចិត្ត សិស្សបោះបង់ការសិក្សា ឱ្យទទួលបាន ឱកាសរៀនជាថ្មី

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមយុទ្ធនាការប្រមូល សិស្សចូលរៀនឱ្យបានផុលផុស ដើម្បីជំរុញ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ដែលបាត់បង់ឱកាសរៀនសូត្រ ឬបោះបង់ការសិក្សា ឱ្យទទួលបានឱកាសរៀនសូត្រសាជាថ្មី។

តាមសារលិខិត ក្នុងឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា ២០២៤ សម្ដេចធិបតី បានអំពាវនាវក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវរៀបចំ គោលនយោបាយ ក្របខ័ណ្ឌច្បាប់ ស្តង់ដា ឬយន្តការចាំបាច់នានា ដើម្បីពង្រីកវិសាលភាព នៃកម្មវិធីអក្ខរកម្មទៅដល់ទីកន្លែងដែលត្រូវការ ដើម្បីធានា បាននូវឱកាសសិក្សាពេញមួយជីវិតសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ការស្តារនីតិសម្បទាការងារ និងការកែប្រែ ជោគវាសនាប្រជាពលរដ្ឋ តាមរយៈការអប់រំ។

សម្ដេចធិបតី គូសបញ្ជាក់ថា «ការចូលរួមក្នុងសហគមន៍ ៖ អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមយុទ្ធនាការ ប្រមូលសិស្សចូល រៀនឱ្យបានផុលផុស ចូលរួមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមជ្ឈមណ្ឌលសិក្សា មជ្ឈមណ្ឌលសិក្សាសហគមន៍ មជ្ឈមណ្ឌលសិក្សាពេញមួយជីវិត មជ្ឈមណ្ឌលយុវជន និងគ្រប់គ្រង ទិន្នន័យជនមានតម្រូវការ ក្នុងដែនសមត្ថកិច្ច របស់ខ្លួនឱ្យ បានល្អនិងគ្រប់ជ្រុងជ្រោយ ដើម្បីជំរុញ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែល បាត់បង់ឱកាសរៀនសូត្រ ឬបោះបង់ការសិក្សា ឱ្យទទួល បានឱកាសរៀនសូត្រសាជាថ្មី។ ជាពិសេសត្រូវ ខិតខំបង្កលក្ខណៈងាយស្រួល ដល់ប្រជាពលរដ្ឋ ដែលមានពិការ ភាពឬជនមានតម្រូវការពិសេស ឱ្យទទួល បានការសិក្សារៀនសូត្រប្រកប ដោយសមធម៌និងបរិយាបន្ន»។

សម្ដេច នាយករដ្ឋមន្ដ្រី បន្ថែមថា ក្មួយៗជាសិស្ស និស្សិត តាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន សហភាពសហព័ន្ធ យុវជនកម្ពុជា ក្រុមយុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហមកម្ពុជា និង សម្ព័ន្ធយុវជន ស្រឡាញ់សន្តិភាព ត្រូវសកម្មបន្តចូល រួមជួយបង្រៀនដោយស្ម័គ្រចិត្តដល់អ្នកមិនចេះអក្សរ ដែលស្ថិតក្នុង មូលដ្ឋានរបស់ក្មួយៗរស់នៅ។ សម្ដេច ថា «បងប្អូនជនរួមជាតិ ដែលជាមាតាបិតា ឬអ្នកអាណាព្យាបាល ក៏សូមជួយ ជំរុញបងប្អូនកូនចៅ ឱ្យខិតខំរៀនសូត្រឱ្យ បានជាប់លាប់ និងទទួលលទ្ធផលល្អគ្រប់ៗគ្នា»៕

To Top