ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃសៅរ៍ ទី៣១ ខែសីហា ឆ្នាំ២០២៤នេះ បានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌពោធិ៍សែនជ័យ អាណត្តិទី៤ នៅបរិវេណវត្តតិក្ខប្បញ្ញោ នៃសង្កាត់សំរោងក្រោម ដែលមានប្រជាពលរដ្ឋ ប្រមាណជិត៦០០នាក់ចូលរួម។

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ បានផ្តល់ព័ត៌មាន ជូនក្រុមប្រឹក្សាសង្កាត់ សហគមន៍ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ អំពីសកម្មភាពនានា របស់ខណ្ឌ ក្នុងការឆ្លើយតបទៅនឹងសំណើនានា របស់ក្រុមប្រឹក្សាសង្កាត់ និង ប្រជាពលរដ្ឋ ដើម្បីប្រមូលនិងពិភាក្សាអំពីសំណើ និងមតិយោបល់នានា សម្រាប់សកម្មភាពឆ្នាំខាងមុខ ។ បន្ថែមពីនេះ វេទិកាក៏បានផ្តល់ឱកាស ជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធដើម្បីលើកជាសំណើ សំណូមពរ អនុសាសន៍ និងបញ្ហា ដែលបានជួបប្រទះ នៅក្នុងមូលដ្ឋានផងដែរ ។

ជាមួយគ្នានេះ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ក៏បានផ្តល់ឱកាស ជូនប្រជាពលរដ្ឋបានប្រាស្រ័យទាក់ទងគ្នា ទៅវិញទៅមក រវាងរដ្ឋបាលខណ្ឌ ជាមួយរដ្ឋបាលសង្កាត់ និង ប្រជាពលរដ្ឋតំណាងសង្គមស៊ីវិល និងវិស័យឯកជន ក្រុមប្រឹក្សាប្រភេទផ្សេងៗគ្នា ដើម្បីផ្លាស់ប្តូរនូវបទពិសោធន៍ និងផ្តល់ប្រឹក្សាអំពីអាទិភាព នៃការអភិវឌ្ឍខណ្ឌ ប្រកបដោយចីរភាព និងប្រសិទ្ធភាព ៕


























