ភ្នំពេញ៖ ដើម្បីឱ្យប្រទេសកម្ពុជា ក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ដាច់ខាតយើងត្រូវរួមគ្នាទប់ស្កាត់ឱ្យបាន ក្រុមជ្រុលនិយម និងក្រុមអមិត្ត ដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
នេះជាការលើកឡើងរបស់លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តល និងជាប្រធានគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ សីហា ឆ្នាំ២០២៤នេះ ក្នុងពិធីប្រកាសប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានខណ្ខ ៧មករា ដោយមានការចូលរួមអបអរសាទរពីសមាជិក សមាជិកា ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ ខណ្ឌ ៧មករា ចំនួន ៤៤២នាក់ នៅមន្ទីរបក្សរាជធានីភ្នំពេញ។


ក្នុងពិធីនោះលោក ឃួង ស្រេង បានលើកឡើងក្នុងឱកាសនេះថា ក្នុងនាមជាឃោសនឹករបស់គណបក្សប្រជាជនកម្ពុជា ត្រូវចេះបកស្រាយ ឆ្លើយតទៅលើការញ៉ុះញ៉ងរបស់ពួកអមិត្ត ដូចជាថ្មីៗនេះ ក្រុមជ្រុលនិយម ក្រុមអមិត្តបានយក កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA មកធ្វើជាបញ្ហា ដោយញ៉ុះញ៉ងអោយមានការប្រឆាំង ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។



លោក ឃួង ស្រេង បានគូសបញ្ជាក់ថា “ដើម្បីអោយប្រទេសកម្ពុជា ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ លុះត្រាតែយើងទាំងអស់គ្នា រួមគ្នាទប់ស្កាត់អោយបាន ក្រុមជ្រុលនិយម និងក្រុមអមិត្ត ដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់”។

លោកបានលើកឡើងទៀតថា “យើងត្រូវបន្តរួមគ្នាយកជ័យជំនៈក្នុងការបោះឆ្នោតអោយបាននៅឆ្នាំ២០២៧ និង ២០២៨ខាងមុខ តាមរយៈបន្តចុះមូលដ្ឋាន ដើម្បីដឹងពីសុខទុក្ខប្រជាពលរដ្ឋ ដោះស្រាយរាល់កង្វល់ របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន” ។
ជាមួយគ្នានេះ លោក ឃួង ស្រេង បានណែនាំអោយសមាជិក សមាជិកានិងឃោសនឹករបស់គណបក្សប្រជាជនកម្ពុជា ផ្សព្វផ្សាយអោយប្រជាពលរដ្ឋបានជ្រោតជ្រាបពីសមិទ្ធផល ១ឆ្នាំ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីអោយប្រជាពលរដ្ឋកាន់តែយល់ច្បាស់លាស់ ពីការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
គួរឱ្យដឹងថា លោក លី ឆេង អនុប្រធានទី ១ ក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌដង្កោ ត្រូវបានប្រកាស ជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខណ្ឌ៧មករា ជំនួសលោក នួន ផារ័ត្ឋ ដែលត្រូវផ្លាស់ប្តូរភារកិច្ចថ្មី៕
