ព័ត៌មានជាតិ

ការប្រមូលផ្តុំបាតុកម្មនៅកូរ៉េ ថ្ងៃទី១ កញ្ញានេះ គឺជាអំពើក្បត់ជាតិមានសមរង្ស៊ីនៅពីក្រោយ

ភ្នំពេញ៖ ការប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅថ្ងៃទី១ ខែកញ្ញានេះ នៅប្រទេសកូរ៉េ គឺជាអំពើក្បត់ជាតិមានបំណងផ្តួលរំលំរាជរដ្ឋាភិបាលមានមេដឹកនាំជ្រុលនិយមសម រង្ស៉ី ជាអ្នកនៅពីក្រោយខ្នង ដែលពលរដ្ឋមានការយល់ដឹងត្រូវដកខ្លួនចេញពីសកម្មភាពខុសច្បាប់នេះ។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជាលើកឡើងថា ការចូលរួមសម្តែងមតិ ទាមទារ ឬតវ៉ាណាមួយគឺជាសិទ្ធិរបស់ប្រជាពលរដ្ឋ ប៉ុន្តែបើមានការចូលរួមទាមទារក្នុងចេតនាផ្តួលរំលំរាជរដ្ឋាភិបាល តាមការធ្វើកូដកម្ម ឬកុបកម្មជាដើមនោះ គឺជារឿងខុសច្បាប់ទាំងស្រុង។

លោកថ្លែងថា៖ «បើសិនជាបងប្អូនពលករ ក៏ដូចជាកម្មករ ឬក៏ជនណាក៏ដោយ ដែលចូលរួមជាមួយសកម្មភាពធ្វើកូដកម្មដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ កើតចេញពីការបោះឆ្នោតនេះ គឺជារឿងក្បត់ជាតិ គឺជារឿងខុសច្បាប់ទាំងស្រុង គឺជារឿងដែលច្បាប់មិនអនុញ្ញាត ហើយបងប្អូនប្រព្រឹត្តខុស ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់» ។

លោកបន្តថា មិនមានជារឿងថ្មីទេដែល ជនក្បត់ជាតិ៣ជំនាន់សមរង្ស៊ី បានរកគ្រប់វិធីធ្វើយ៉ាងណាធ្វើឱ្យមានភាពចលាចលសង្គម ធ្វើឱ្យមានការបាក់បែកបាក់ផ្ទៃក្នុងជាតិ និងមានការរើសអើងស្អប់ខ្ពើមដោយចោទថា ជាក្រុមអាយ៉ាងអ្នកនោះជាដើម។ ហេតុនេះបងប្អូនពលករដែលមិនចង់ជាប់ពាក់ព័ន្ធក្នុងរឿងក្បត់ជាតិកុំចូលរួម។
លោកថ្លែងថា៖ «បងប្អូនត្រូវតែពិចារណា ឱ្យបានច្បាស់បើមិនចង់ឱ្យខ្លួនឯងក្លាយទៅជាអ្នកចូលរួមចលនាក្បត់ជាតិ វាទាល់តែយើងកុំធ្វើ កុំដើរតាម ការអូសទាញរបស់ពួកហ្នឹង បើបងប្អូនចូលរួមជាមួយនឹងសកម្មភាពផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នោះចៀសមិនផុតពីបងប្អូនបានចូលរួមនូវសកម្មភាពក្បត់ជាតិ» ។

ចំណែកលោកបណ្ឌិត ឈត ប៊ុនថង អ្នកស្រាវជ្រាវ និងជាអ្នកទស្សនៈវិជ្ជា នៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា ប្រសិនបើបងប្អូនកម្មករ ពលករ ក៏ដូចជាប្រជាពលរដ្ឋនៅក្រៅប្រទេសធ្វើបាតុកម្មអហិង្សា សម្តែងមតិ ឬសម្តែងកង្វល់ពីអ្វីមួយ គួរតែធ្វើកុំឱ្យភ្ជាប់ខ្លួនជាមួយអ្នកនយោបាយគេងចំណេញតួយ៉ាងដូចជាមេឧទ្ទាមក្រៅច្បាប់សមរង្ស៊ី ឬបរទេស ដែលចង់ឱ្យខ្មែរបែកបាក់។

លោកថ្លែងថា៖ «ត្រូវតែប្រយ័ត្នប្រយែងបំផុតព្រោះថា បាតុកម្មនេះងាយនឹងមានការបន្លំពីអ្នកនយោបាយ ពីបរទេស ជួនកាលគេគិតថា ចំណេញប្រទេសគេ គេឱ្យខ្មែរយើងហែកហួរគ្នាឯងអ៊ីចឹងទៅដើម្បី ឱ្យគេចំណេញ» ។

លោកបណ្ឌិតបន្តថា ការធ្វើបាតុកម្មខ្លះប្រៀបដូចជាហុចដាវឱ្យសត្រូវយ៉ាងដូច្នោះដែរ ព្រោះបរទេសខ្លះចង់គេងចំណេញបានអុចអាលបន្លំធ្វើសកម្មភាពឱ្យអន្តរជាតិមើលឃើញថាកម្ពុជា អស្ថិរភាពនយោបាយ មានចលាចលផ្សេងៗ នាំឱ្យវិនិយោគិនបរទេសខ្លាចរអា ហើយបែរជាទៅវិនិយោគនៅប្រទេសគេវិញ៕

To Top