ភ្នំពេញ៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណបក្សរាជធានីភ្នំពេញ បានលេីកឡេីងថា ការសម្រេចចិត្តចូលរួម ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា របស់សមាជិកទាំង៨៥៧រូប គឺជាការសំរេចចិត្តដ៏ត្រឹមត្រូវ។

ការលើកឡើង របស់លោក ឃួង ស្រេង ខាងលេីនេះ ធ្វេីឡេីង នាឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រកាស បញ្ចូលសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ចំនួន៨៥៧រូប មកពី១៤ខណ្ឌ ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី០១ខែកញ្ញា ឆ្នាំ ២០២៤ នៅមន្ទីរគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ។

លោក ឃួង ស្រេង គូសរំលេចថា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើអោយប្រទេសកម្ពុជា ដែលបានបាត់បង់សន្តិភាពជាង៥០០ឆ្នាំ មកជាប្រទេសមានសន្តិភាពពេញលេញ នៅឆ្នាំ១៩៩៨ និងបានធ្វើការអភិវឌ្ឍប្រទេសជាតិមួយនេះ អោយមានភាពរីកចំរើនរុងរឿង និងធ្វើអោយ កម្ពុជាស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិថែមទៀត។

បន្ថែមពីនេះទៀត លោក ឃួង ស្រេង ក៏បានលើកឡើងពីប្រវត្តិ របស់គណបក្សប្រជាជនកម្ពុជា ដោយបក្សមួយនេះ មានអាយុ៧៣ឆ្នាំហើយ ហើយកាលពី៤៥ ឆ្នាំមុន ពោលគឺនៅឆ្នាំ១៩៧៩ គណបក្សប្រជាជនកម្ពុជា បានរំដោះប្រទេសកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានបន្តបង្កើត ស្នាដៃដ៏ធំធេងសំរាប់ជាតិ មាតុភូមិយ៉ាងច្រើនបន្ថែមទៀត។

ក្នុងឱកាសនោះដែល លោក ឃួង ស្រេង បានដឹកនាំថ្នាក់ដឹកនាំ សមាជិក សមាជិកា គណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជា រាជធានីភ្នំពេញ ប្រកាសគាំទ្រលើកិច្ចសហប្រតិបត្តិការ អភិវឌ្ឍតំបន់ត្រីកោណ CLV DTA ដោយជឿជាក់ ទៅលើរាជរដ្ឋាភិបាលកម្ពុជាផងដែរ។

ជាមួយគ្នានេះ លោក ឃួង ស្រេង បានគូសបញ្ជាក់ថា “ការសម្រេចចិត្ត ចូលរួមជីវភាព នយោបាយ ជាមួយគណបក្ស ប្រជាជន កម្ពុជា គឺជាការ សំរេចចិត្តដ៏ត្រឹមត្រូវ ។ បងប្អូននឹងក្លាយជាសាច់ញាត្តិ ជាមហាគ្រួសារតែមួយ របស់គណបក្ស ប្រជាជនកម្ពុជា យើងនឹងរួមគ្នា កសាងជាតិ មាតុភូមិ ការពារផលប្រយោជន៍ជាតិ ផលប្រយោជន៍ប្រជាជន ដើម្បីអោយកម្ពុជា អាចសំរេចបាន នូវ មហិចតារបស់ខ្លួន ក្នុងការកែប្រែលប្រទេសកម្ពុជា ឱ្យក្លាយជាប្រទេស ដែលមានចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ក្នុងពិធីនេះដែរ តំណាងសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំង៨៥៧រូប បានលើកឡើងថា ការសម្រេចចិត្ត ចូលរួមជីវីភាព នយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា នាពេលនេះ គឺដើម្បីមានឱកាសបាន ចូលរួមកសាង ជាតិ មាតុភូមិ ។ យើងខ្ញុំទាំអស់គ្នាប្តេជ្ញាចិត្ត អនុវត្តតាមគោល នយោបាយរបស់បក្ស គាំទ្រចំពោះគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោហ៊ុន សែន,គាំទ្រ លើកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ CLV DTA ដោយជឿជាក់ទៅលើ រាជរដ្ឋាភិបាលនិងគាំទ្រ ជាមួយនឹងការចូលរួម«មូលនិធិកសាង ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»ថែមទៀត៕







