ព័ត៌មានជាតិ

សហជីពនៅកម្ពុជា ថ្កោលទោសបាតុកម្មនៅកូរ៉េ ដែលចង់ផ្តួលរំលំរដ្ឋាភិបាល ក្រោមលេស CLV

ភ្នំពេញ៖ សហជីពនៅកម្ពុជាចេញថ្កោលទោស ចំពោះសកម្មភាពក្រុមឧទ្ទាមក្រៅច្បាប់ ដឹកនាំដោយជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ធ្វើបាតុកម្មនៅកូរ៉េខាងត្បូង និងបណ្តាប្រទេសផ្សេងៗ មានចេតនាធ្វើបដិវត្តន៍ផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ក្រោមលេសកិច្ចសហប្រតិបត្តិការ CLV នាំឱ្យបាត់បង់ទឹកដី។

លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា បានថ្កោលទោសចំពោះបាតុកម្មក្បត់ជាតិ នៅប្រទេសកូរ៉េខាងត្បូង ដែលដឹកនាំដោយមេឧទ្ទាម សម រង្ស៊ី កាលពីថ្ងៃទី១ ខែកញ្ញា។ មេឧទ្ទាមនេះបានយករឿង CLV ទៅបំភ្លៃការពិតប្រមូលកម្លាំងពលករ ដោយវិធីសាស្ត្រខ្ចីកម្លាំងពលករ ធ្វើបាតុកម្មប៉ុន្តែការពិតដើម្បីអនុវត្តផែនការ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ ជាក់ស្តែងបាតុករម្នាក់បានប្រកាស ពីផែនការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដោយស្រែកលាបពណ៌ថា ទម្លាក់របបផ្តាច់ការទើបទឹកដីខ្មែរ ស្ថិតនៅគង់វង្សជាអមតៈ។

លោកថ្លែងថា «ការចូលរួមសម្តែងមតិទាមទារ ឬក៏ការតវ៉ាណាមួយគឺជាសិទ្ធិ ប៉ុន្តែការចូលរួមក្នុងចេតនាផ្តួលរំលំ រាជរដ្ឋាភិបាលតាមការធ្វើបាតុកម្ម ឬកុបកម្ម គឺជារឿងខុសច្បាប់ទាំងស្រុង ហើយបងប្អូនពលករឬជនណាក៏ដោយ ដែលចូលរួមសកម្មភាពធ្វើបាតុកម្ម ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ កើតចេញពីការបោះឆ្នោតគឺជាជនក្បត់ជាតិ ខុសច្បាប់ទាំងស្រុង»។

ទន្ទឹមនេះលោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា ក៏បានថ្លែងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះសកម្មភាពបាតុកម្មផ្តួលរំលំរាជរដ្ឋាភិបាល ដឹកនាំដោយជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី។ លោកថា ការធ្វើបាតុកម្មនេះ គ្មានគោលបំណងស្នើសុំ រាជរដ្ឋាភិបាលដកខ្លួនចេញពី CLV នោះទេ ប៉ុន្តែជាការបញ្ជាក់ក្នុងន័យច្បាស់ថា ជាបាតុកម្មផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ កើតចេញពីការបោះឆ្នោត មានបំណងចង់ឱ្យមានចលាចលក្នុងសង្គម បែកបាក់ជាតិ ចេតនាបង្កាត់ភ្លើងសង្គ្រាមជាថ្មី។

លោកថ្លែងថា «ក្នុងនាមសហជីពខ្ញុំសូមធ្វើការ ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះក្រុមជ្រុលនិយមក្បត់ជាតិ ជាពិសេស គឺជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី និងក្រុមចលនាបាតុកម្មនៅកូរ៉េ ដែលមានចេតនាធ្វើបដិវត្តន៍ពណ៌ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ សូមអាជ្ញាធរមានសមត្ថកិច្ចចាត់ វិធានការឱ្យបានម៉ឺងម៉ាត់ ចំពោះជនជ្រុលនិយមក្បត់ជាតិទាំងអស់នេះ»។

ចំណែកលោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករ ថ្លែងថា មិនគាំទ្រដាច់ខាត និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះសកម្មភាពបំផុលបំផុសឱ្យពលករ ស្លូតត្រង់ចូលរួមបាតុកម្មក្បត់ជាតិ មានបំណង់ធ្វើឱ្យអស្ថេរភាពសង្គម អាប់អោនកេរ្តិ៍ឈ្មោះកិត្តិយសជាតិ។

លោកថ្លែងថា «សូមបងប្អូនយើងកុំលង់កុំឈ្លក់ជាមួយ ជនអគតិមួយចំនួនដែលកំពុងតែធ្វើឱ្យប្អូន ខាតផលប្រយោជន៍ខាតពេលវេលា ហើយខ្ញុំសូមថ្កោលទោសចំពោះជន ដែលបាននឹងកំពុងធ្វើបាតុកម្មនោះ វាជាបាតុកម្មមួយមិនត្រឹមត្រូវតាមច្បាប់ ហើយជាបាតុកម្មក្បត់ជាតិ»។

សហជីពនៅកម្ពុជា បានអំពាវនាវដល់បងប្អូនក្រៅប្រទេស ជាពិសេសនៅកូរ៉េខាងត្បូងត្រូវពិចារណាឱ្យ បានច្បាស់បើមិនចង់ឱ្យខ្លួនឯង ក្លាយទៅជាអ្នកចូលរួមចលនាក្បត់ជាតិ កុំធ្វើធ្វើសកម្មភាព កុំដើរតាមការអូសទាញពី ក្រុមឧទ្ទាមក្រៅច្បាប់។ បើបងប្អូនចូលរួមជាមួយនឹង សកម្មភាពទាំងនោះ ចៀសមិនផុតពីចូលរួមនូវសកម្មភាពក្បត់ជាតិ និងត្រូវទទួលទោសចំពោះមុខច្បាប់ ៕

To Top