ព័ត៌មានជាតិ

សម្ដេចធិបតី អំពាវនាវជនរួមជាតិ បន្ដចូលរួម «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណចំពោះជនរួមជាតិ បានចូលរួមបរិច្ចាគថវិកាដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ព្រមទាំងអំពាវនាវ ដល់ជនរួមជាតិ បន្តចូលរួមឱ្យបានកាន់តែច្រើនបន្ថែមទៀត។

តាមរយៈគេហទំព័រហ្វេសប៊ុក នារសៀលថ្ងៃទី២ កញ្ញា នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកថា កាលពីថ្ងៃទី២២ សីហា កន្លងទៅ សម្ដេច បានប្រកាសបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ហើយដែលចាប់ពីថ្ងៃទី២៦ សីហា ២០២៤ មក ក្រុមការងារមូលនិធិបានចាប់ផ្តើមទទួលការបរិច្ចាគថវិកាដោយស្ម័គ្រចិត្តពីជនរួមជាតិខ្មែរគ្រប់ទិសទីទាំងក្នុង និងក្រៅប្រទេស ។

សម្ដេចធិបតី គូសបញ្ជាក់ថា «ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំពិតជាមានមោទនភាពក្រៃលែង ដែលមូលនិធិមួយនេះ បានទទួលការគាំទ្រយ៉ាងផុលផុស ពីសំណាក់អង្គព្រះមហាក្សត្រ ព្រះមហាក្សត្រី ឥស្សរជនថ្នាក់ដឹកនាំ ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត កម្មករ និយោជិត អាជីវករ កសិករ និងប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស ជាពិសេស លោកយាយ លោកតា អ៊ំ ពូ មីង និងបងប្អូនជាច្រើន នៅតាមមូលដ្ឋានភូមិស្រុក តាមរយៈការសស្រាក់សស្រាំ ចូលរួមបរិច្ចាគថវិកា មានតិច មានច្រើនទៅតាមលទ្ធភាព និងប្រកបដោយស្នាមញញឹម សប្បាយរីករាយ ក្នុងធ្លុងមហាសាមគ្គីជាតិ និងស្មារតីខ្មែរតែមួយ »

សម្ដេចធិបតី បន្ដថា «ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំផ្ទាល់ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមថ្លែងអំណរព្រះគុណ និងអរគុណយ៉ាងជ្រាលជ្រៅប្រគេនថ្វាយជូនចំពោះព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ អង្គព្រះមហាក្សត្រ ព្រះមហាក្សត្រី សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកយាយ លោកតា អ៊ំ ពូ មីង និងបងប្អូនជនរួមជាតិទាំងអស់ ចំពោះការចូល រួមចំណែកដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ ដែលនេះគឺជាវិភាគទាន ដ៏មានតម្លៃបំផុត និងមិនអាចកាត់ថ្លៃបានឡើយ ហើយក៏ជាការឆ្លុះបញ្ចាំងអំពីទឹកចិត្តមនសិការស្នេហាជាតិ មាតុភូមិ របស់ជនរួមជាតិខ្មែរយើង ដែលតែងតែត្រៀមខ្លួនជានិច្ចក្នុងការបូជាលះបង់ គ្រប់បែបយ៉ាងនៅក្នុងមហាចលនាជាតិ ដើម្បីបុព្វហេតុកសាង ការពារ និងអភិវឌ្ឍមាតុភូមិកម្ពុជា ដោយឈរលើមូលដ្ឋាន និងស្មារតីនៃខឿនការពារជាតិ របស់ប្រជាជននៅគ្រប់កាលៈទេសៈ»

សម្ដេចធិបតី បន្ថែមថា ក្រុមការងារមូលនិធិបាន និងកំពុងខិតខំរៀបចំលិខិតថ្លែងអំណរគុណ ជូនដល់ប្រជាពលរដ្ឋ ជាសប្បុរសជន ជាបន្តបន្ទាប់យ៉ាងសស្រាក់សស្រាំ ។ សម្ដេច បញ្ជាក់ថា «ទន្ទឹមគ្នានេះ ខ្ញុំក៏សូមបន្តអំពាវនាវ ដល់ជនរួមជាតិ មេត្តាបន្តចូលរួម ឱ្យបានកាន់តែច្រើនមូលមីបន្ថែមទៀត ហើយក្រុមការងារមូលនិធិ នឹងបន្តទទួលស្វាគមន៍ដោយក្តីរីករាយ»៕

To Top