ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចេញព្រះរាជក្រឹត្យ ផ្តល់គោរមងារជូន ឧកញ៉ា មហាមន្ត្រី គុយ សុផល ជា «សម្តេច មហាមន្ត្រី គុយ សុផល»។

ទន្ទឹមគ្នានោះព្រះមហាក្សត្រ ក៏បានចេញព្រះរាជក្រឹត្យតែងតាំងមុខតំណែង សម្តេចមហាមន្ត្រី គុយ សុផល ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង ព្រះបរមរាជវាំង ជំនួសសម្តេចចៅហ្វាវាំង គង់ សំអុល ដែលទទួលមរណភាព។
ការត្រាស់បង្គាប់តែងតាំងនេះ ធ្វើឡើងបន្ទាប់ពីមានសំណើក្រាបបង្គំទូលថ្វាយរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។

សូមបញ្ជាក់ថា សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល សមាជិករដ្ឋសភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងជាអនុប្រធានកាកបាទក្រហមកម្ពុជា បានទទួលមរណភាព នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៨៖៣៥នាទីព្រឹក ក្នុងជន្មាយុ៩៤ឆ្នាំ ដោយជរាពាធ ៕


