ភ្នំពេញ៖ ប្រជាពលរដ្ឋកម្ពុជាបានថ្កោលទោសចំពោះសកម្មភាពក្រុមឧទ្ទាមក្រៅច្បាប់ ដឹកនាំដោយជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ធ្វើបាតុកម្មនៅកូរ៉េខាងត្បូង និងបណ្តាប្រទេសផ្សេងៗ ដែលមានចេតនាធ្វើបដិវត្តន៍ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមលេសកិច្ចសហប្រតិបត្តិការ CLV នាំឱ្យបាត់បងទឹកដី។
លោក យ៉ោក សុទ្ធី នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស NTTI ថ្លែងថា ក្នុងនាមប្រជាពលរដ្ឋម្នាក់រស់នៅក្នុងប្រទេសដែលកំពុងមានការអភិវឌ្ឍលើគ្រប់វិស័យ លោកមិនគាំទ្រដាច់ខាត និងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះសកម្មភាពបំផ្លាញរាជរដ្ឋាភិបាល ក្នុងបំណងធ្វើឱ្យប្រទេសជាតិវឹកវរ ចលាចល បាត់បង់សន្តិភាព។
លោកថ្លែងថា៖ «ក្នុងនាមខ្ញុំជាមន្ត្រីរាជការ ហើយក៏ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរម្នាក់ដែលកំពុងរស់នៅស្រុកខ្មែរ គឺខ្ញុំមិនគាំទ្រ ហើយខ្ញុំសូមថ្កោលទោសទាំងស្រុងចំពោះទង្វើទាំងអស់នេះ ព្រោះ កាលណាញុះញង់ធ្វើឱ្យមានបដិវត្តន៍ពណ៌ ធ្វើឱ្យសង្គ្រាមស៊ីវិលកើតឡើងចៀសមិនរួចទេ បើសិនជារឿងហ្នឹងទប់ស្កាត់មិនបាន» ។
លោកនាយកវិទ្យាស្ថាន NTTI បញ្ជាក់ថា បាតុកម្មនៅកូរ៉េខាងត្បូង គឺមេឧទ្ទាម សម រង្ស៊ី បំភ្លៃការពិតធ្វើឱ្យបងប្អូនពលករយល់ច្រឡំថា កិច្ចសហប្រតិបត្តិការ CLV នាំឱ្យបាត់បង់ទឹកដី ប៉ុន្តែការពិតពួកគេប្រើកម្លាំងពលករដើម្បីធ្វើបដិវត្តន៍ផ្តួលរំលំរដ្ឋាភិបាលកើតចេញពីការបោះឆ្នោត ធ្វើឱ្យពលរដ្ឋដែលមិនបានគិតគូរច្បាស់លាស់ ធ្លាក់ខ្លួនក្លាយជាជនក្បត់ជាតិជាមួយក្រុមឧទ្ទាមទាំងនោះ ដោយមិនដឹងខ្លួន។
លោក តែប តុន ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ បានលើកឡើងថា បាតុកម្មនៅកូរ៉េខាងត្បូង ក៏ដូចជាបណ្តាប្រទេសផ្សេងៗគឺមានក្រុមប្រឆាំងនៅពីក្រោយខ្នង ដឹកនាំ ដោយ សម រង្ស៊ី ដែលមានគោលបំណងចង់ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ មិនមែនជារឿងជំទាស់ការអភិវឌ្ឍនៅតំបន់ត្រីកោណនោះទេ។
លោកនិយាយថា៖ «ចំពោះខ្ញុំផ្ទាល់ សូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអ្នកដែលបញ្ជានៅពីក្រោយខ្នង និងអ្នកដែលចូលរួមមួយក្តាប់តូចក្នុងគោលបំណងធ្វើឱ្យរាជរដ្ឋាភិបាលដួលរលំ ហើយរឿងនេះ បើរាជរដ្ឋាភិបាលមិនខំប្រឹងទប់ស្កាត់ទេ អាចក្លាយជារឿងសង្គ្រាមស៊ីវិលរ៉ាំរៃក្នុងស្រុក ដែលធ្វើឱ្យប្រជាជនទាំងអស់មិនអាចរស់នៅបានសុខស្រួលនោះទេ»។
ប្រជាពលរដ្ឋម្នាក់ទៀតគឺ លោក ឌិន សំអាត បានលើកឡើងថា សកម្មភាពបាតុកម្មនៅកូរ៉េខាងត្បូង គឺជាការប្រឆាំងចង់ផ្តួលរំលំរាជរដ្ឋាភិបាល ក្រោមលេស CLV ដែលមិនអាចទទួលយកបាន។ ពលករនៅក្រៅប្រទេសគួរតែមានការគិតគូរឱ្យបានច្បាស់ មុននឹងចូលរួមសកម្មភាពទាំងនោះ ព្រោះក្បាលម៉ាស៊ីនដឹកនាំបាតុកម្ម ធ្វើឡើងដើម្បីតែផលប្រយោជន៍ ពោលគឺគេយកកម្លាំងពលករធ្វើបដិវត្តន៍ពណ៌ផ្តួលរំលំរដ្ឋាភិបាល និងដើម្បីប្រមូលលុយប៉ុណ្ណោះ។
លោកថ្លែងថា៖ «ក្នុងនាមប្រជាពលរដ្ឋម្នាក់ និងក្រុមគ្រួសារទាំងមូល ខ្ញុំសុំថ្កោលទោសចំពោះពួកគាត់តែម្តង ជាពិសេសគឺក្បាលម៉ាស៊ីនដឹកនាំធ្វើកូដកម្មហ្នឹង គឺសុំថ្កោលទោសគាត់តែម្តង បើសិនណាជារាជរដ្ឋាភិបាលមានច្រកណាដែលអនុវត្តច្បាប់ពួកគាត់ឱ្យវាសម អាហ្នឹងគួរតែអនុវត្ត អត់អាចបណ្តោយចឹងបានទេ» ៕