ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីមានមោទនភាព ចំពោះ ជនរួមជាតិ បន្តបរិច្ចាគចូល មូលនិធិកសាងហេដ្ឋារចនា សម្ព័ន្ធតាមព្រំដែន

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសម្តែង នូវមោទនភាពក្រៃលែង ដែលមូលនិធិកសាង ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ទទួលការគាំទ្រយ៉ាងផុលផុស តាមរយៈការសស្រាក់សស្រាំ ចូលរួមបរិច្ចាគថវិកា មានតិច មានច្រើន ទៅតាមលទ្ធភាព និងប្រកបដោយស្នាមញញឹម សប្បាយរីករាយ ក្នុងធ្លុងមហាសាមគ្គីជាតិ និងស្មារតីខ្មែរតែមួយ ។

តាមរយៈបណ្តាញសង្គម នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចធិបតី បានលេីកឡេីងថា “ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំពិតជាមានមោទនភាពក្រៃលែង ដែលមូលនិធិមួយនេះ បានទទួលការគាំទ្រយ៉ាងផុលផុស ពីសំណាក់អង្គព្រះមហាក្សត្រ ព្រះមហាក្សត្រី ឥស្សរជនថ្នាក់ដឹកនាំ ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត កម្មករ និយោជិត អាជីវករ កសិករ និងប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស ជាពិសេស លោកយាយ លោកតា អ៊ំ ពូ មីង និងបងប្អូនជាច្រើន នៅតាមមូលដ្ឋានភូមិស្រុក តាមរយៈការសស្រាក់សស្រាំ ចូលរួមបរិច្ចាគថវិកា មានតិច មានច្រើនទៅតាមលទ្ធភាព និងប្រកបដោយស្នាមញញឹមសប្បាយរីករាយ ក្នុងធ្លុងមហាសាមគ្គីជាតិ និងស្មារតីខ្មែរតែមួយ” ។

សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា “ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំផ្ទាល់ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមថ្លែងអំណរព្រះគុណ និង អរគុណយ៉ាងជ្រាលជ្រៅ ប្រគេនថ្វាយជូន ចំពោះព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ អង្គព្រះមហាក្សត្រ ព្រះមហាក្សត្រី សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកយាយ លោកតា អ៊ំ ពូ មីង និងបងប្អូនជនរួមជាតិទាំងអស់ ចំពោះការចូលរួមចំណែកដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ ដែលនេះគឺជាវិភាគទានដ៏មានតម្លៃបំផុត និងមិន អាចកាត់ថ្លៃបានឡើយ ហើយក៏ជាការឆ្លុះបញ្ចាំងអំពីទឹកចិត្ត មនសិការ ស្នេហាជាតិ មាតុភូមិ របស់ជនរួមជាតិខ្មែរយើង ដែលតែងតែត្រៀមខ្លួនជានិច្ច ក្នុងការបូជាលះបង់គ្រប់បែបយ៉ាង នៅក្នុងមហាចលនាជាតិ ដើម្បីបុព្វហេតុកសាង ការពារ និងអភិវឌ្ឍមាតុភូមិកម្ពុជា ដោយឈរលើមូលដ្ឋាន និងស្មារតីនៃខឿនការពារជាតិ របស់ប្រជាជន នៅគ្រប់កាលៈទេសៈ” ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ សីហា ២០២៤ កន្លងទៅ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានប្រកាសបង្កើត “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន និងបានចាប់ពីថ្ងៃទី២៦ សីហា ២០២៤ មក ក្រុមការងារមូលនិធិ បានចាប់ផ្តើមទទួលការបរិច្ចាគថវិកាដោយស្ម័គ្រចិត្ត ពីជនរួមជាតិខ្មែរ គ្រប់ទិសទីទាំងក្នុង និងក្រៅប្រទេស៕

To Top