ភ្នំពេញ ៖ ទីភ្នាក់ងារជាតិ មុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំឱកាស ការងារក្នុងស្រុកចំនួន ៥៣ ២៩៦ កន្លែង ក្នុងវិស័យសំខាន់ៗចំនួនបីធំៗ សម្រាប់ សាធារណជន យុវជន ងាយស្រួល ជ្រើសរើស ចូលបម្រើការងារ តាមជំនាញ ដែលខ្លួនមាន ។ នេះបើតាមលោកកត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ ។

លោករដ្ឋលេខាធិការបានឱ្យដឹងថា ឱកាសការងារជាង៥ម៉ឺនកន្លែងនោះ ក្នុងវិស័យដូចជា វិស័យឧស្សាហកម្ម ចំនួន ៤០ ៧៥៣ កន្លែង វិស័យកសិកម្មចំនួន ៨៥៤៩ កន្លែង និង សេវាកម្មចំនួន៣ ៩៩៤ កន្លែង ដែលត្រូវបានប្រកាស ជ្រើសរើសនៅក្នុងបណ្តាខេត្តជាច្រើនដូចជា៖ ខេត្តកំពង់ស្ពឺ , ខេត្តកំពង់ឆ្នាំង, រាជរាធានីភ្នំពេញ, ខេត្តស្វាយរៀង, ខេត្តរតនគីរី, ខេត្តក្រចេះ, ខេត្តតាកែវ, ខេត្តកណ្តាល, ខេត្តបន្ទាយមានជ័យ, ខេត្តកោះកុង, និងបណ្តាខេត្តផ្សេងៗទៀត។

លោករដ្ឋលេខាធិការ ក៏បានណែនាំដល់ យុវជន សិស្ស និស្សិត ពិសេស សិក្ខាកាមដែលបានបញ្ចប់ វគ្គបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ប្រញាប់រួសរាន់ មកដាក់ពាក្យស្វែង រកការងារទៅ តាមជំនាញរបស់ខ្លួនដែលមាន ។ ប្រសិនបើមានចម្ងល់សូមទំនាក់ទំនងមកកាន់ប្រព័ន្ធ Hotline របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈលេខ 1297 ឬ 1286 រៀងរាល់២៤ ម៉ោងផងដែរ។

គូសបញ្ជាក់ផងដែរថា ចាប់ពីខែសីហា ឆ្នាំ២០២៣ ដល់ខែសីហា ឆ្នាំ២០២៤ ពោលគឺមួយឆ្នាំដំបូង នៃរាជរដ្ឋាភិបាល អាណត្តិទី៧ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសម្រេច បានសមិទ្ធិផល គួរឱ្យកត់សម្គាល់ លើកិច្ចការស្វែងរកឱកាសការងារ ជូនពលរដ្ឋកម្ពុជា ក្នុងនោះ NEA ទទួលបានអ្នកមកចុះឈ្មោះស្វែង រកការងារមានចំនួន ៤២,១១៣ នាក់។

ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) បានរៀបចំកម្មវិធី “វេទិកាការងារ” ជាច្រើនលើកជាប្រចាំ ដើម្បីបង្កើតកន្លែង ជួបគ្នាដោយងាយស្រួល រវាងនិយោជក និងអ្នកស្វែងរកការងារ ក្នុងការដាក់ពាក្យ និងសម្ភាសការងារភ្លាមៗ ដែលរួមមាន៖ កិច្ចសម្ភាសការងារ វេទិកាការងារ និងពិព័រណ៍ ការងារថ្នាក់ខេត្ត និងថ្នាក់ជាតិ ដែលក្រុមហ៊ុន សហគ្រាប់ធំៗជាច្រើន អាចចូលរួមដាក់ តាំងបង្ហាញឱកាសការងារជូនសាធារណជន។ លើសពីនេះ NEA ក៏មានមជ្ឈមណ្ឌលការងារចំនួន ១៤ និងមជ្ឈមណ្ឌលការងារចល័តចំនួន ៧ ដើម្បីផ្តល់សេវាការងារ ដោយផ្ទាល់ ជូនយុវជន សិស្ស/និស្សិតនៅតាមគ្រឹះស្ថាន អប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ និងសាកលវិទ្យាល័យនានា នៅទូទាំងប្រទេសផងដែរ៕



