ភ្នំពេញ៖ គណៈប្រតិភូ សម្ព័ន្ធក្រុមហ៊ុនហ្វុង (FUNG Group) ដែលដឹកនាំដោយ លោកបណ្ឌិត William Kwok Lun Fung ជាអគ្គនាយករង មកពីតំបន់រដ្ឋបាល ពិសេសហុងកុង បានបង្ហាញចំណាប់ អារម្មណ៍ខ្ពស់ ក្នុងការវិនិយោគលើ ឧស្សាហកម្មវាយនភ័ណ្ឌនៅកម្ពុជា ។

ការបង្ហាញចំណាប់អារម្មណ៍នេះ ធ្វើឡើងនៅពេល គណៈប្រតិភូសម្ព័ន្ធក្រុមហ៊ុនហ្វុង ចូលចួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃ ទី២ ខែកញ្ញា ឆ្នាំ២០២៤។

ថ្លែងក្នុងកិច្ចពិភាក្សានាឱកាសនេះ លោក ឧបនាយករដ្ឋមន្ត្រី បានរំលេចអំពីសក្តានុពលវិជ្ជមាននានា របស់កម្ពុជា មានជាអាទិ៍ សុខសន្តិភាព និង ស្ថិរភាពនយោបាយ លំនឹងម៉ាក្រូសេដ្ឋកិច្ច កម្លាំងពលកម្មវ័យក្មេង ដែលមាន លក្ខណៈរួចរាល់ សម្រាប់បរិវត្តកម្មឌីជីថល ហេដ្ឋារចនា សម្ព័ន្ធអន្តរមធ្យោបាយដែលបាន និងកំពុងអភិវឌ្ឍឱ្យកាន់ តែមានភាពសម្បូរបែប និង ប្រទាក់ក្រឡា។

បន្ថែមពីនោះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើង អំពីការគាំទ្រពីសំណាក់រាជរដ្ឋាភិបាល ដល់ការរីកលូតលាស់ នៃវិស័យធុរកិច្ចឯកជន ដោយមានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាសេនាធិការច្រកចេញ ចូលតែមួយក្នុងការសម្របសម្រួល ជាមួយនឹងបែបបទនៃការវិនិយោគដែលមានភាពបត់បែន សំដៅលើកកម្ពស់បរិយាកាស ធុរកិច្ចឱ្យកាន់តែមាន ជវភាព ភាពទាក់ទាញ ភាពអំណោយផលខ្ពស់ និងអនុគ្រោះបំផុត ។

ជាមួយគ្នានេះ គណៈប្រតិភូ នៃសម្ព័ន្ធក្រុមហ៊ុនហ្វុង ក៏បានសម្តែងនូវការស្ញើចសរសើរ ចំពោះការពន្យល់ បកស្រាយយ៉ាងក្បោះក្បាយ ពីមួយចំណុច ទៅមួយចំណុចរបស់ លោកឧបនាយករដ្ឋមន្ត្រី និងបានកត់សម្គាល់ លើការផ្លាស់ប្តូរមុខមាត់ របស់កម្ពុជា ក្នុងការត្រៀមខ្លួនសម្រាប់ទទួលវិនិយោគិនពីបរទេស ពិសេសការគិតគូរពីបរិស្ថាន ការប្រើប្រាស់នូវថាមពលកកើតឡើងវិញ និងការលើកកម្ពស់កម្លាំងពលកម្មរបស់ស្ត្រី ក្នុងវិស័យឧស្សាហកម្មពាក់ព័ន្ធ។

គណៈប្រតិភូ បានបង្ហាញនូវសុទិដ្ឋិនិយម ក្នុងការពិនិត្យលទ្ធភាព និងឱកាសដាក់ទុន វិនិយោគរបស់ខ្លួន មកកាន់ ព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខ ដោយផ្តោត ជាពិសេស លើឧស្សាហកម្មវាយនភ័ណ្ឌ និងឧស្សាហកម្មកាត់ដេរ ផលិតសម្លៀកបំពាក់ នៅតាមបណ្តា តំបន់សេដ្ឋកិច្ចពិសេស ដែលមានសក្តានុពលផងដែរ ៕
