ព័ត៌មានជាតិ

ក្រុមហ៊ុនអភិវឌ្ឍ តំបន់សេដ្ឋកិច្ច ពិសេស Golden Port បង្ហាញជំហរ វិនិយោគនៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន Golden Port SEZ Development Co., Ltd. ដែលជាក្រុមហ៊ុន អភិវឌ្ឍតំបន់ សេដ្ឋកិច្ចពិសេស របស់ប្រទេសចិន បានបង្ហាញ ជំហរបស់ខ្លួនក្នុងការបណ្តាក់ទុន វិនិយោគនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីទទួលបាន ព័ត៌មាន លម្អិតអំពីលានុវត្តភាព និង អំណោយផល នៃបរិយាកាសវិនិយោគ ពីមន្ត្រីជាន់ខ្ពស់កម្ពុជា ជាលើកទី២ ។

ការបង្ហាញពីជំហរ របស់ក្រុមហ៊ុន Golden Portធ្វើឡើង នៅក្នុងជំនួបពិភាក្សាការងាររវាង លោក ជា វុទ្ធី អគ្គលេខាធិការ គណៈកម្មាធិការវិនិយោគកម្ពុជា ជាមួយមួយគណៈប្រតិភូ ក្រុមហ៊ុន វិនិយោគ ដឹកនាំដោយលោក កាំង ឡេង ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន Golden Port SEZ Development Co. Ltd នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤។

សេចក្តីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បញ្ជាក់ថា សមាសភាពគណៈប្រតិភូ ក្រុមហ៊ុនទាំងនោះ មានកម្មវត្ថុអាជីវកម្មក្នុងវិស័យ មួយចំនួន ដូចជា ការផលិតគ្រឿងម៉ាស៊ីនឧស្សាហកម្ម, ការផ្តល់សេវាដំណោះស្រាយ ប្រព្រឹត្តិកម្មទឹកកខ្វក់, ការផលិត ផលិតផលសម្រាប់ធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់, ការផលិតបរិក្ខាអគ្គិសនីនិងគ្រឿងអេឡិចត្រូនិក ការផ្តល់សេវា បច្ចេកទេសវិស្វកម្ម ពាក់ព័ន្ធនឹងបរិស្ថាន ការផលិតម៉ាស៊ីន សម្រាប់ដំណើរការវេចខ្ចប់, និងការផលិតអំពូលLED ។

នាឱកាសនៃជំនួបពិភាក្សាការងារ នោះ លោក ជា វុទ្ធី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះលោក កាំង ឡេ ដែលបានដឹកនាំគណៈប្រតិភូក្រុមហ៊ុនវិនិយោគជាលើកទី២ មកសិក្សាស្វែងយល់ឱ្យកាន់តែច្បាស់អំពី បរិយាកាស និងសក្តានុពលវិនិយោគនៅកម្ពុជា ដែលពោរពេញដោយភាពអំណោយផល។

ជាមួយគ្នានោះ លោក ជា វុទ្ធីបានធ្វើការ អធិប្បាយដោយសង្ខេប អំពីអំពីរចនាសម្ព័ន្ធ និងតួនាទីភារកិច្ច របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា ពិសេស ផ្តោតលើការជំរុញ ទាក់ទាញការវិនិយោគឯកជន ដែលបច្ចុប្បន្នកម្ពុជាមាន ច្បាប់ស្តីពីវិនិយោគ ប្រកបដោយភាពបើកចំហ មានតម្លាភាព និងអាចប៉ាន់ប្រមាណទុកជាមុនបាន។

បន្ថែមពីនេះ លោក ជា វុទ្ធី បានជូនវេទិកាទៅមន្ត្រីជំនាញធ្វើបទបង្ហាញស្តីពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាជូនគណៈគណៈប្រតិភូ ដើម្បីផ្ដល់ជូននូវព័ត៌មានពិស្តារអំពីបរិស្ថានវិនិយោគ ជាទូទៅ របបនៃការលើកទឹកចិត្តដ៏ទាក់ទាញ វិស័យអាទិភាព និងការធ្វើពិពិធកម្មសេដ្ឋកិច្ចតាមរយៈការបង្កើត តំបន់សេដ្ឋកិច្ចពិសេស ដើម្បីប្រែក្លាយកម្ពុជាពីការពឹងផ្អែកទាំងស្រុងទៅលើឧស្សាហកម្មអតិពលកម្ម សំដៅ ទាក់ទាញ និងចាប់យកឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់។

បន្ថែមលើការធ្វើបទបង្ហាញ លោក ជា វុទ្ធី ក៏បានគូសបញ្ជាក់ ពីកំណើនរំហូរវិនិយោគដ៏ គំហុកក្នុងរយៈពេល ១ឆ្នាំនៃរាជរដ្ឋាភិបាល នីតិកាលទី៧ ដែលលទ្ធផល នេះបានឆ្លុះបញ្ចាំងយ៉ាងជាក់ច្បាស់ពី ការជឿជាក់យ៉ាងមុតមាំពីសំណាក់ វិស័យឯកជនលើការដឹកនាំ ដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាល ដោយបានបន្ត ដាក់ចេញនូវវិធានការគាំទ្រ នានាជាបន្តបន្ទាប់ ដើម្បីកែលម្អបរិយាកាស ធុរកិច្ច និងវិនិយោគ។

ក្នុងឱកាសនៃកិច្ចប្រជុំនោះដែរ លោក កាំង ឡេង ប្រធានគណៈប្រតិភូបានថ្លែងអំណរគុណដល់ លោកអគ្គលេខាធិការ និងសហការី ដែលបានចំណាយពេលវេលាដ៏មមារញឹកទទួលជួបគណៈប្រតិភូ ព្រម ទាំងបានផ្តល់ជូននូវព័ត៌មានសំខាន់ៗ ដើម្បីជាមូលដ្ឋានសម្រាប់ក្រុមហ៊ុនសម្រេចចិត្ត។

បន្ទាប់ពីបានស្តាប់ បទបង្ហាញ និង អនុសាសន៍ ណែនាំរបស់លោក លេខាធិការ សមាជិកគណៈប្រតិភូ បានបង្ហាញនូវការ ចាប់អារម្មណ៍ យ៉ាងខ្លាំង ចំពោះបរិស្ថានវិនិយោគ ដ៏អំណោយ ផលរបស់កម្ពុជា ដោយបានលើកឡើង នូវសំណួរ ជាច្រើនពាក់ព័ន្ធ នឹងវិស័យដែលក្រុមហ៊ុន មានបំណងវិនិយោគ និងបានបង្ហាញ នូវជំហរវិជ្ជមាន ក្នុងការសម្រេចចិត្ត វិនិយោគនៅកម្ពុជា។

លោកអគ្គលេខាធិការ ជា វុទ្ធី បានសម្តែងនូវការស្វាគមន៍ និងគាំទ្រ ចំពោះគម្រោងវិនិយោគ របស់ក្រុមហ៊ុន និងបានជំរុញលើកទឹកចិត្ត ឱ្យក្រុមហ៊ុនឆាប់សម្រេចចិត្តបណ្ដាក់ទុនវិនិយោគនៅកម្ពុជាដើម្បី ចាប់យកឱកាសអំណោយ ផលសម្រាប់ធ្វើធុរកិច្ច និងឆាប់ទទទួលបានផលចំណេញ ៕

To Top