ព័ត៌មានជាតិ

រដ្ឋមន្ដ្រីអប់រំ ណែនាំមាតា បិតាកុំឱ្យកូនៗ មើលទូរស័ព្ទ ច្រើនហួសហេតុ

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ដើម្បីការសិក្សាកូនល្អ គឺទាមទារនូវការ ចូលរួមគាំទ្រ ពីសំណាក់ មាតា-បិតា អ្នកអាណាព្យាបាល ជួយតាមដាន និងដាស់តឿនជំរុញកូនៗ ឱ្យរៀនបន្ថែមនៅផ្ទះ ពិសេសកុំឱ្យកូនៗ មើលទូរស័ព្ទច្រើន ហួសហេតុ។

នាឱកាសអញ្ជើញទស្សនកិច្ចសាលាបឋមសិក្សាព្រែកកំពឹស ដើម្បីពិនិត្យវឌ្ឍនភាពគម្រោងការអប់រំមូលដ្ឋាន គាំទ្រដោយធនាគារពិភពលោក នាថ្ងៃទី២ កញ្ញា លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានថ្លែងអំណរគុណចំពោះការប្តេជ្ញាចិត្តរបស់សាលា ក្នុងការផ្តល់នូវការអប់រំប្រកបដោយគុណភាព និងការអនុវត្តកម្មវិធីរៀនពេញមួយថ្ងៃ ព្រមទាំងការចូលរួមគាំទ្រមិនថមថយម របស់មាតាបិតា អ្នកអាណាព្យាបាលសិស្ស ដើម្បីលើកកម្ពស់លទ្ធផល សិក្សាសិស្ស និងបានផ្តល់អនុសាសន៍ឱ្យក្រុមការងារជំនាញ សហការជាមួយសាលា ដើម្បីពិនិត្យមើលពីមូលហេតុ ដែលធ្វើឱ្យអត្រាសិស្សត្រួតថ្នាក់ខ្ពស់ ដោយត្រូវរួមគិត និង ដោះស្រាយបញ្ហានេះឱ្យបានល្អប្រសើរឡើង ក៏ដូចជា បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការរៀនពេញមួយថ្ងៃ ដែលជួយក្មេងពីការ យកម៉ោងទំនេរទៅដើរលេង មកជាការរៀនសូត្រ ។

លោកឧបនាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «ត្រូវចងចាំថាដើម្បីការសិក្សាកូនល្អ គឺទាមទារនូវការចូលរួមគាំទ្រពីសំណាក់មាតាបិតា អ្នកអាណាព្យាបាល ដែលជួយតាមដាន ដាស់តឿនជំរុញកូនៗ ឱ្យរៀនបន្ថែមនៅផ្ទះ សូមកុំឱ្យកូនៗមើលទូរស័ព្ទ ច្រើនហួសហេតុ ជាពិសេសគឺត្រូវបញ្ជូន កូនមកទទួលការអប់រំ តាំងពីកម្រិតមត្តេយ្យ ដើម្បីត្រៀមខ្លួនឱ្យរួចរាល់សម្រាប់ថ្នាក់បឋមសិក្សា និងពង្រឹងគ្រឹះចំណេះដឹង សម្រាប់ឈានទៅបន្តការសិក្សាកាន់តែខ្ពស់ ដើម្បីឈោងចាប់អនាគតភ្លឺស្វាងនាពេលអនាគត» ។

លោកស្រី Country Manager ប្រធាន​ធនាគារពិភពលោកប្រចាំកម្ពុជា ក៏បានបង្ហាញក្តីរីករាយ ដែលបានមកដល់សាលារៀនដោយផ្ទាល់ ឃើញយ៉ាងច្បាស់ពីសកម្មភាព នៃការបង្រៀន និងរៀនរបស់សិស្សានុសិស្ស ជាពិសេសគឺអាចមើលឃើញពីតម្រូវការ ក៏ដូចជាបញ្ហាប្រឈមផ្សេងៗ ដែលសាលាកំពុងជួបប្រទះជាក់ស្តែង ដើម្បីអាចបន្តចូលរួមជួយគាំទ្រ ឱ្យចំគោលដៅ ដោយគូសបញ្ជាក់ថា ធនគារពិភពលោកពិតជាយកចិត្ត ដាក់យ៉ាងខ្លាំងក្នុងការលើកកម្ពស់ វិស័យអប់រំនៅកម្ពុជា ។

គួរបញ្ជាក់ដែរថា ធនាគារពិភពលោក ( World Bank) បានគាំទ្រវិស័យអប់រំនៅកម្ពុជាតាមរយៈ គម្រោង អប់រំជាមូលដ្ឋាន (Basic Education 2025-2030) ដែលផ្តោតលើការលើកកម្ពស់ គុណភាពនៃការអប់រំ និងការបណ្តុះបណ្តាលនៅគ្រប់កម្រិត ការអនុវត្តកំណែទម្រង់សាលារៀន ការពង្រឹងគុណភាព នៃការបណ្តុះបណ្តាល និង វិធីសាស្រ្តបង្រៀនរបស់គ្រូបង្រៀន និងការលើកកម្ពស់ការអប់រំឌីជីថល។ ដើម្បីបង្កើតផលជះលើគុណភាពនៃការអប់រំទូទៅ គម្រោងត្រូវផ្តោតលើការ អប់រំថ្នាក់ដំបូង ការអប់រំឌីជីថល ការបង្រៀន និងការរៀនពេញមួយថ្ងៃ អាហារូបត្ថម្ភ និងសុខភាពសាលារៀន សម្រាប់ក្រុមជួបការលំបាក អភិបាលកិច្ចតាមវិស័យ និងការបណ្តុះបណ្តាលគ្រូ៕

To Top