ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ និងចែកជូនវិញ្ញបនបត្រ បញ្ជាក់ស្នាដៃការងារ និងសរសើរដល់មន្ត្រីនិវត្តន៍ជន នៃក្រសួងអភិវឌ្ឍន៍ជនបទចំនួន ១១រូប ដែលជាធ្លាប់បំរើការ និងមានស្នាដៃនាពេលកន្លងមក។

ជាកិច្ចចាប់ផ្តើម លោក ផល សុខសំណាង ប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិក បានធ្វើរបាយការណ៍សង្ខេបជូនអង្គពីធី។

បន្ទាប់ពីបានស្តាប់របាយសង្ខេបរួចមក លោក ឆាយ ឫទ្ធិសែន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា សេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត និងពរសព្ទសាធុការពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនចំពោះអង្គពិធីទាំងមូល ។

លោករដ្ឋមន្រ្តី ក៏បានសម្តែងនូវការកោតសរសើរ និងការដឹងគុណចំពោះនិវត្តន៍ជនគ្រប់រូបដែលបាចូលរួមអភិវឌ្ឍប្រទេសជាតិ ពិសេសការងារលើវិស័យអភិវឌ្ឍន៍ជនបទ នាពេលកន្លងមក។
លោករដ្ឋមន្រ្ដី បានបន្តមានប្រសាសន៍ទៀតថា វីរភាព និងសមិទ្ធិផលទាំងអស់នេះគឺទុកជាបទពិសោធន៍សម្រាប់មន្ត្រីរាជការបន្តវេនជំនាន់ក្រោយ ដើម្បីបន្តខិតខំសម្រេច ឲ្យបានសមិទ្ធិផលថ្មីៗ បន្ថែមទៀតស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសម្រេចឱ្យ បាននូវចក្ខុវិស័យកម្ពុជា ក្លាយជាប្រទេសមានប្រាក់ចំណូល កម្រិតខ្ពស់ក្នុងឆ្នាំ២០៥០ ។

គួរជម្រាបជូនផងដែរថា ក្រសួងអភិវឌ្ឍន៍ជនបទបានបង្កើត សមាគមសង្គហមិត្ត ដើម្បីលើកកម្ពស់រឹតបន្តឹង ចំណងសាមគ្គីភាព មិត្តភាព នៃមន្ត្រីគ្រប់រូបក្នុងក្របខណ្ឌ ក្រសួងអភិវឌ្ឍន៍ឱ្យកាន់តែរឹងមាំថែមទៀត ៕






