ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានអះអាងថា នៅលើពិភពលោកនេះ ការងារខណ្ឌសីមា និងការបោះបង្គោលព្រំដែន គឺពឹងតែទៅលើផែនទីដែលមានការទទួលស្គាល់ជាអន្តរជាតិប៉ុណ្ណោះ ។
ការលើកឡើងរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាលនេះ ក្រោយពី លោកសម រង្ស៊ី បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី៣ កញ្ញាថា «ថ្ងៃនេះ ដឹកដៃយាយដើរលេង តាមស្រុកស្រែចំការ ដោយដើរតាមផែនទី Google Map មិនចេះវង្វេងទិសទេ” ។
ខណៈកាលពីថ្ងៃ១ កញ្ញាក៏លោកសម រង្ស៊ី បាននិយាយពីបញ្ហាព្រំដែន ជាមួយ Google Mapដែរថា “យើងបានផ្ទៀងផ្ទាត់ចំណុចកូអរដោនេភូមិសាស្ដ្រ បង្គោល ព្រំដែន: 11.67882781369281, 106.3168896623792 នេះជាមួយក្រុមហ៊ុនសេវាកម្មផែនទី ជាច្រើនទៀត ដែលបានប្រើជាមួយប្រព័ន្ធផ្កាយរណប។ យើងបានផ្ទៀងផ្ទាត់ដោយយកចំណុចកូអរដោនេភូមិសាស្ដ្រនេះដាក់ជាមួយផែនទី Apple Map, Microsoft Map (bing.com), Openstreet Map និង Google Map។ យើងបានលទ្ធផលដូចគ្នា គឺយើងឃើញថាបង្គោលព្រំដែនកម្ពុជា វៀតណាម បានរំកិលចូលដីខ្មែររាប់សិបគីឡូម៉ែត្រ ដូចដែលយើងបានផ្ទៀងផ្ទាត់ជាមួយផែនទី Google Map កាលពីដើមអ៊ីចឹង” ។
បន្ទាប់ពីបានឃើញសារបែបនេះហើយ តាមរយៈបណ្ដាញសង្គមនៅថ្ងៃ២ កញ្ញា នេះ លោក ប៉ែន បូណា បានឆ្លើយតបវិញថា ការបោកប្រាសដែល មិនចេះខ្មាសអៀន ទោះបីជាក្រុមអ្នកបច្ចេកទេស បានពន្យល់ច្បាស់លាស់អំពីផែនទី Google Map ថា ជាផែនទីរបស់ក្រុមហ៊ុនឯកជន ដែលគេបង្កើតឡើង ក្នុងគោលដៅធ្វើពាណិជ្ជកម្ម និងមិនមែនជាឧបករណ៍ សម្រាប់វាស់វែងព្រំដែន រវាងរដ្ឋនិងរដ្ឋក៏ដោយ ក៏បុគ្គលរូបនេះ នៅតែនិយាយដដែល ដោយមិនចេះអៀនខ្មាសទាល់តែសោះ ។ នេះដោយសារតែមនោគមន៍វិជ្ជា នយោបាយប្រឆាំង ជ្រុលនិយមបានដុះស្លែក្រាស់ពេក ក្នុងប្រព័ន្ធគំនិតរហូតមិនអាចកែបាន។
លោកបញ្ជាក់ថា «យើងសាកស្រមៃថា ប្រសិនបើបុគ្គលបែបនេះឡើងកាន់អំណាចដឹកនាំរដ្ឋាភិបាល ហើយស្រាប់តែប្រកាសយកផែនទី Google Map ដើម្បីវាស់វែងខណ្ឌសីមា និង ការបោះបង្គោលព្រំដែន ពេលនោះប្រទេសជិតខាងច្បាស់ជាអស់សំណើចផង ឆ្ងល់ផងថា មិនគួរមានមេដឹកនាំបែបនេះ នៅក្បែរខាងទាល់តែសោះ ។ កុំថាឡើយតែផែនទី Google Map ទោះបីជាផែនទីណា ក៏ដោយដែលផលិតដោយក្រុមហ៊ុនឯកជន ហើយមានគោលដៅពាណិជ្ជកម្ម គឺគ្មានតម្លៃសម្រាប់ការងារកំណត់ព្រំដែន រវាងរដ្ឋនិងរដ្ឋឡើយ”។
លោកបន្ដថា «នៅលើពិភពលោកនេះ ការងារខណ្ឌសីមានិងការបោះបង្គោលព្រំដែន គេពឹងផ្នែកតែទៅលើផែនទីដែលមានការទទួលស្គាល់ជាអន្តរជាតិ ហើយដែលប្រទេសជិតខាង ពាក់ព័ន្ធព្រមព្រៀងទទួល យកទាំងអស់គ្នា។ បើគ្រាន់តែរឿងប៉ុណ្ណឹងមិនអាចយល់បានផង តើខំធ្វើនយោបាយដើម្បីអ្វី? ឬចង់បានត្រឹមកុំឱ្យគេភ្លេចឈ្មោះ ទោះជាត្រូវគេសើចចំអកយ៉ាងណាក៏មិនខ្ចីឈឺ? »។
អ្នកនាំពាក្យ ក៏បានចាត់ទុកថា នេះជាមនោគមន៍វិជ្ជានយោបាយជ្រុលនិយមដ៏អាក្រក់បំផុត ដែលទាំងអស់គ្នាត្រូវរួមគ្នាលុបបំបាត់ឲ្យអស់ពីកម្ពុជា៕