ភ្នំពេញ ៖ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានលើកឡើងថា កម្ពុជា បានបន្ថែមសកម្មភាពថ្មីចំនួន៣ ដោយផ្តោតសំខាន់លើបញ្ហាយេនឌ័រ បរិស្ថាន និងមីនប្រឆាំងមនុស្សកែច្នៃក្នុងផែនការសកម្មភាពសៀមរាប-អង្គរ ឆ្នាំ២០២៥-២០២៩ សម្រាប់ការអនុវត្តអនុសញ្ញាអូតាវ៉ា។
នេះជាការថ្លែងរបស់លោកទេសរដ្ឋមន្រ្តី ក្នុងកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិគ្រោះយោបល់ផ្តល់ធាតុចូលលើផែនការសៀមរាប-អង្គរ ឆ្នាំ២០២៥-២០២៩ សម្រាប់ការអនុវត្តអនុសញ្ញាស្តីពីការហាមប្រាមគ្រាប់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) នៅថ្ងៃ៣ កញ្ញា ។
ក្នុងកិច្ចប្រជុំនោះ លោកទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា សហគមន៍អន្តរជាតិបានទទួលស្គាល់នូវផែនការសកម្មភាពទីក្រុងអូស្លូ ២០២០-២០២៤ មានប្រសិទ្ធភាពខ្ពស់ ហើយការអនុវត្តផែនការ សកម្មភាព នេះទទួលបានលទ្ធផលគួរជាទីកត់សម្គាល់ ដើម្បីសម្រេចបាននូវគោលដៅ របស់អនុសញ្ញាអូតាវ៉ា។
ផែនការសកម្មភាពទីក្រុងអូស្លូ ត្រូវបានយកមកប្រើប្រាស់ធ្វើជាមូលដ្ឋាន និងតាក់តែងសម្រាប់ការរៀបចំផែនការសកម្មភាពសៀមរាប-អង្គរឆ្នាំ២០២៥-២០២៩ ទោះបីមានបញ្ហាប្រឈមមួយចំនួនក៏ដោយ ស្របតាមការវិវត្តន៍នៃវិស័យសកម្មភាពមីនសកល ដើម្បីឆ្ពោះទៅរកពិភពលោកមួយដែលគ្មានមីន និងគ្មានអ្នកណាបន្តរងគ្រោះដោយសារមីនទៀត។
ដើម្បីឲ្យការអនុវត្តផែនការ សកម្មភាពសៀមរាប-អង្គរ មានលក្ខណៈគ្រប់ជ្រុងជ្រោយ កម្ពុជា បានខិតខំប្រឹងប្រែងបំពេញបន្ថែម និងប្រមូលធាតុចូលប្រកប ដោយការយកចិត្តទុកដាក់ពីគ្រប់វេទិការ ទាំងផ្លូវការ និងក្រៅផ្លូវការ ក្នុងនោះរួមមានសន្និសីទថ្នាក់តំបន់ កិច្ចប្រជុំរដ្ឋភាគី កិច្ចប្រជុំដៃគូ សិក្ខាសាលា ជំនួបពហុភាគី និងជំនួបទ្វេភាគី ជាដើម ក្នុងនោះកម្ពុជាបានដាក់បន្ថែមសកម្មភាពថ្មីសំខាន់ចំនួន ០៣ ក្នុងផែនការសកម្មភាពសៀមរាប-អង្គរ រួមមាន៖ បញ្ហាយេនឌ័រ បរិស្ថាន និងមីនប្រឆាំងមនុស្សកែឆ្នៃ។
លោកទេសរដ្ឋមន្រ្តីបន្តទៀតថា ផែនការសកម្មភាព សៀមរាប-អង្គរ ដែលនឹងត្រូវអនុម័តឲ្យប្រើប្រាស់ជាផ្លូវការក្នុងកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរ នៅខេត្តសៀមរាប ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ មាន ៩ជំពូក និង ៤៥សកម្មភាព ហើយ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងចុះហត្ថលេខាក្នុងកម្មវិធីបើក កិច្ចប្រជុំកំពូលសៀមរាប-អង្គរ។ ជាមួយគ្នានោះ ផែនការសកម្មភាពសៀមរាប-អង្គរ នឹងក្លាយជាឯកសារតម្រង់ទិស របស់អនុសញ្ញាអូតាវ៉ារយៈពេល ៥ឆ្នាំបន្តទៀត ដែលវានឹងត្រូវចារក្នុងប្រវត្តិសាស្ត្ររបស់អង្គការសហប្រជាតិ និងសកលលោកទាំងមូល។
សូមបញ្ជាក់ថា អនុសញ្ញាអូតាវ៉ា ឬហៅបានថាអនុសញ្ញាស្តីពីការហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស ឬហៅពេញថា អនុសញ្ញាស្តីពីការហាមប្រាម ការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីន ប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីនចោល។ អនុសញ្ញានេះ គឺជាការឆ្លើយតបគ្រប់ជ្រុង ជ្រោយរបស់សហគមន៍ អន្តរជាតិ ចំពោះបញ្ហាមនុស្សធម៌ ដែលបង្កឡើងដោយមីនប្រឆាំងមនុស្ស ដែលជាអាវុធដែលបង្កផលអាក្រក់ដ៏ធ្ងន់ធ្ងរ ទោះបីជាជម្លោះប្រដាប់អាវុធ បានបញ្ចប់ទៅជាច្រើនទសវត្សរ៍ក៏ដោយ៕