កំពង់ស្ពឺ ៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំមន្ត្រីបច្ចេកទេស ចុះពិនិត្យមើលគម្រោងដាំដើមត្នោត និងដើមឈើបៃតង ព្រមទាំងបានស្ដារ សម្អាតកូនរុក្ខជាតិតូចៗដុះក្នុងស្ទឹង ធ្វើឱ្យមានសម្រស់កាន់តែមានភាពទាក់ទាញ នៅតាមបណ្តោយដងស្ទឹងព្រែកត្នោត ស្ថិតក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ ។
បើតាមការឲ្យដឹងពីលោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ស្ពឺ លោកបានបញ្ជាក់ថា រូបលោកជាមន្ត្រីជំនាញ ក៏បានចូលរួមអមដំណើរលោក ជាម ច័ន្ទសោភ័ណអភិបាលខេត្តកំពង់ស្ពឺ ក្នុងការដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ អញ្ជើញចុះពិនិត្យស្ថានភាព អិចស្កាវ៉ាទ័រ កាយសំអាតច្រាំងស្ទឹង នៅតាមបណ្តោយដងស្ទឹងព្រែកត្នោត ចាប់ពីស្ពានខាងលិច រហូតដល់ទំនប់ ស្ទាក់ទឹកតាអួនខាងកើតផងដែរ។
ក្នុងនោះលោក ក៏បានណែនាំដល់អង្គភាពជំនាញពាក់ព័ន្ធទាំងអស់ត្រូវខិតខំជំរុញ និងយកចិត្តទុកដាក់តាមដានក្នុងការសំអាតអោយបានស្អាតល្អ លឿនឆាប់រហ័ស និងធានាអោយបាននៅសោភ័ណភាពល្អជូនប្រជាពលរដ្ឋ ដើម្បីត្រៀមសម្រាប់ថ្ងៃប្រារព្ធពិធីបុណ្យអុំទូកនៅខេត្តកំពង់ស្ពឺ នាពេលខាងមុខ។
យើងជាប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ យើងត្រូវនាំគ្នាស្រឡាញ់ ខេត្តរបស់យើង និងត្រូវនាំគ្នាសំអាតបរិស្ថាន ហើយមិនត្រូវបោះចោលសំរាម ពាសវាលពាក្យកាល ដែលបណ្ដាលឲ្យខូចខូចសណ្ដាប់ធ្នាប់ និងបរិស្ថានឡើយ ។ រដ្ឋបាលខេត្តមានគម្រោង ដាំរុក្ខជាតិពណ៌បៃតង និងកូនដើមត្នោត ជានិមិត្តសញ្ញាសម្រាប់សម្គាល់ខេត្តកំពង់ស្ពឺ ហើយក៏ជាសក្តានុពល របស់ខេត្ត ផ្នែកស្ករត្នោត ដែលផលិតស្ករនាំចេញទៅអឺរ៉ុបផងដែរ ៕
ដោយ ៖ សុខសុភ័ណ្ឌ រូបថតមជ្ឈមណ្ឌលដើមអំពិល