ភ្នំពេញ ៖ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលើកឡើងថា ចាប់ពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤នេះ ថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះពិនិត្យ ស្ថានភាពការងារ និងសួរសុខទុក្ខកម្មករ និយោជិតបានចំនួន ៧៩ រោងចក្រ ដែលមានកម្មករនិយោជិត កំពុងបំពេញការងារ សរុបប្រមាណ ១៦ម៉ឺននាក់ ។ ការចុះពិនិត្យស្ថានភាពការងារ សាកសួរសុខទុក្ខ និងហូបបាយ ជាមួយកម្មករនិយោជិតនេះ ធ្វើឡើងក្រោមការណែនាំរបស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ។

លោករដ្ឋលេខាធិការ បានគូសបញ្ជាក់បន្ថែមថា តាមរយៈការចុះពិនិត្យ ស្ថានភាពការងារ សាកសួរសុខទុក្ខកម្មករ និយោជិតនេះដែរ ថ្នាក់ដឹកនាំនៃក្រសួងការងារ ក៏បានជួបពិភាក្សាការងារ ជាមួយប្រធានរដ្ឋបាល តំណាងនិយោជក និងបានត្រួតពិនិត្យលើការ អនុវត្តលក្ខខណ្ឌការងារ របស់រោងចក្រផងដែរ មានដូចជា ប្រាក់ឈ្នួលគោលអប្បបរមា , ការផ្តល់អត្ថប្រយោជន៍ផ្សេងៗ ពីនិយោជកជូនបងប្អូនកម្មករ និយោជិតស្រប តាមច្បាប់ការងារ, ការផ្តល់ប្រាក់រង្វាន់ធ្វើការងារទៀងទាត់, ប្រាក់រង្វាន់អតីតភាពការងារ, ថ្លៃស្នាក់នៅ, សោហ៊ុយធ្វើដំណើរ, ប្រាក់ថ្លៃបាយថ្ងៃត្រង់, ច្បាប់ឈប់សម្រាកប្រចាំឆ្នាំ,លក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ រួមនិងបរិយាកាសកន្លែងការងារ កន្លែងហូបបាយ អាហារដ្ឋានជាដើម ។

លោករដ្ឋលេខាធិការ សង្កេតឃើញថា បណ្តារោងចក្រ សហគ្រាសទាំងនោះ បានអនុវត្តច្បាប់ស្តីពីការងារ លក្ខខណ្ឌការងារ និងផ្តល់អត្ថប្រយោជន៍ បានពេញលេញ ដល់បងប្អូនកម្មករនិយោជិត ។ ជាពិសេសរោងចក្រ សហគ្រាសមួយចំនួនថែមទាំង ផ្តល់អត្ថប្រយោជន៍ ជូនបងប្អូនកម្មករនិយោជិត លើសពីគោលការណ៍ក្នុងច្បាប់ការងារទៀតផង។

លោករដ្ឋលេខាធិការ លើកឡើងថា ការចុះជួបផ្ទាល់ជាមួយបងប្អូនកម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាស គឺជាការគិតគូរយកចិត្ត ទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ទៅលើបងប្អូនកម្មករ និយោជិត នៅតាមរោងចក្រ សហគ្រាសទាំងអស់នៅទូទាំងប្រទេស ធ្វើយ៉ាងណាផ្សារភ្ជាប់ទំនាក់ទំនង កាន់តែជិតស្និទ្ធ រវាងរាជរដ្ឋាភិបាល ជាមួយបណ្តាម្ចាស់រោងចក្រ សហគ្រាស ជាពិសេសគឺធានានូវភាពសុខដុមរមនា រវាងបងប្អូនកម្មករនិយោជិត ជាមួយភាគីនិយោជក ។

លោករដ្ឋលេខាធិការបញ្ជាក់ថា ថ្នាក់ដឹកនាំនៃក្រសួងការងារនឹងបន្តចុះសាកសួរសុខទុក្ខ ហូបបាយជាមួយបងប្អូនកម្មករនិយោជិត និងពិភាក្សាការងារជាមួយ បណ្តាម្ចាស់រោងចក្រ សហគ្រាសនៅក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តផ្សេងៗទៀត ដើម្បីស្វែងយល់ពីស្ថានភាពការងារ និងតម្រូវការ របស់បងប្អូនកម្មករ និយោជិត ដែលជាកិច្ចការងារអាទិភាព របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបាន និងកំពុងយកចិត្ត ទុកដាក់អនុវត្ត ។ ទន្ទឹមនេះ លោករដ្ឋលេខាធិការ សូមអំពាវនាវ និងលើកទឹកចិត្តដល់ភាគីនិយោជករោងចក្រ សហគ្រាស បន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវបទដ្ឋានច្បាប់ស្តីពីការងារនៅកម្ពុជា ដើម្បីផ្តល់អត្ថប្រយោជន៍ ឱ្យបានពេញលេញ ដល់កម្មករនិយោជិត៕






