ព័ត៌មានជាតិ

ប្រធានរដ្ឋសភា ចាត់ទុកថា រាល់សមិទ្ធផល ដែលចិនទទួលបាន ក៏ជាមោទកភាពរបស់កម្ពុជា

ភ្នំពេញ ៖ សម្តេច ឃួន សុដារីប្រធានរដ្ឋសភាកម្ពុជា បានអបអរសាទរ ចំពោះការរីកចម្រើនដ៏ខ្លាំងងក្លា របស់ប្រទេសចិន និងចាត់ទុកថា រាល់សមិទ្ធផលដែលចិន ទទួលបានក៏ជាមោទកភាព របស់កម្ពុជា ។

ការលើកឡើងរបស់ប្រធានរដ្ឋសភានេះ នាព្រឹកថ្ងៃទី៣ កញ្ញា ក្នុងឱកាស អនុញ្ញាតឲ្យលោកស្រី ចុង មីង (Zong Ming) អនុប្រធានគណៈកម្មាធិការ អចិន្ត្រៃយ៍សភាតំណាងប្រជាជនចិន ក្រុងសៀងហៃ ចូលជួបសម្តែងការគួរសម។

ប្រធានរដ្ឋសភាបញ្ជាក់ថា ការជួយឧបត្ថម្ភរបស់ចិនមិនត្រឹមជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប៉ុណ្ណោះទេ តែបានធ្វើឲ្យកម្ពុជា មានឯករាជ្យភាពខាងនយោបាយ ការពារបាននូវបូរណភាពរបស់ខ្លួន ស្មើមុខស្មើមាត់ ជាមួយបណ្តាប្រទេសក្នុងតំបន់ និងសកលលោក ។

សម្តេចរដ្ឋសភាធិបតី ក៏បានលើកឡើង ពីចំណងមិត្តភាព ជាប្រពៃណីកម្ពុជា-ចិន ដែលបានពូនជ្រំ ថែរក្សាលើកកម្ពស់ឥតឈប់ឈរ ដោយថ្នាក់ដឹកនាំប្រទេស ទាំងពីរ នៅគ្រប់ជំនាន់តាំងពី ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងអតីតប្រមុខដឹកនាំកំពូលចិន មានលោកប្រធាន ម៉ៅ សេទុង  និង លោកនាយករដ្ឋមន្រ្តី ជូ អេងឡាយ ហើយទំនាក់ទំនងជាប្រវត្តិសាស្រ្តនេះ កាន់តែមានលក្ខណៈស៊ីជម្រៅខ្លាំងឡើង មកដល់បច្ចុប្បន្នដែលមានព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា លោក ស៊ី ជីនភីង និងសម្តេចតេជោ ហ៊ុន សែន ហើយបន្តមកសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលនាំមកនូវផលប្រយោជន៍មិនត្រឹមសម្រាប់ប្រទេសនិងប្រជាជនទាំងពីរនោះទេ តែថែមទាំងដល់ចំណងមិត្តភាពដែកថែមកម្ពុជា-ចិន និង បានចូលរួមចំណែកថែរក្សា លើកកម្ពស់វិបុលភាពប្រជាជាតិ នៅក្នុងតំបន់និងសកលលោក ថែមទៀតផង ។

សម្តេចបានសម្តែងការជឿជាក់ថា តាមរយៈដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំសភាប្រជាជនចិនក្រុងសៀងហៃនៅក្នុងឱកាសនេះ នឹងជំរុញលើកកម្ពស់ ដល់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរកាន់តែសកម្មនិងស៊ីជម្រៅ នាំមកនូវសមិទ្ធផលថ្មីៗថែមទៀត ដល់វិស័យទេសចរណ៍ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងធ្វើឲ្យកិច្ចសហប្រតិបត្តិការរដ្ឋសភាកម្ពុជា និងសភាប្រជាជនចិនក្រុងសៀងហៃ ពង្រឹងពង្រីកថែមទៀត នៅគ្រប់កម្រិតផងដែរ៕

To Top