ភ្នំពេញ៖ សេនាសន្តិភាពដែលនាំបងប្អូន មកគ្រប់ទិសទី រួមទាំងបងប្អូនខ្មែរ មកពីអូស្រ្តាលី ជប៉ុន និងស៊ុយអែតផងនោះ ទៅកម្សាន្តនៅភូមិភាគឦសាន ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV ដែលដឹកនាំដោយលោក លី ហុង និង លោក យឿន យឿត ហើយសម្រាប់ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញទៅទស្សនាបង្គោលព្រំដែនលេខ៣០ ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ-ឡេថាញ់ និង បន្តធ្វើទស្សនកិច្ចនៅតំបន់មួយចំនួនទៀត។
ក្រោយដឹកនាំក្រុមការងារ និងប្រជាពលរដ្ឋមកពីក្រៅស្រុកមួយចំនួនផងនោះ លោក យឿន យឿត បានលើកឡើងថា ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ-ឡេថាញ់ មានក្លោងទ្វារបង្ហាញភាពច្បាស់លាស់ មានព្រំប្រទល់ប្រទេសទាំង២ មានសមត្ថកិច្ចប្រចាំការត្រួតពិនិត្យភ្ញៀវ មានប៉ាស្ព័រ លិខិត ហើយពុំចេញ-ចូលដោយសេរីទេដូចការលើកឡើងរបស់ជនអគតិមួយចំនួននោះឡើយ។
លោក យឿន យឿត បានបន្ថែមទៀតថា ថា « តាមរយៈកិច្ចសហការតំបន់ភូមិភាគឦសាន CLV-DTAនេះ បានជួយជំរុញវិស័យសេដ្ឋកិច្ចមានការ អភិវឌ្ឍន៍ និងរីកចម្រើនយ៉ាងខ្លាំង ជាពិសេសនៅតំបន់កន្ទុយនាគនេះតែម្តង។
ក្រោយលោក និងក្រុមការងារបានធ្វើទស្សនផ្ទាល់ និងឃើញនូវទិដ្ឋភាពជាក់ស្តែង ពីការខិតខំរបស់អាជ្ញាធរ ក៏ដូចជារាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍតំបន់ទាំងនោះហើយ លោកក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ទាំងក្នុងប្រទេសក្រៅប្រទេស កុំជឿព័ត៌មានភូតកុហកថា ទឹកដីយើងបាត់បង់ ហើយបើចង់ដឹងកាន់តែច្បាស់ និងជៀសវាងការចាញ់បោកការឃោសនារបស់ជនអគតិមួយក្តាប់តូចនោះ សូមបងប្អូនមកទស្សនាផ្ទាល់ ខណៈរាជរដ្ឋាភិបាលនឹងដឹកបងប្អូន ឲ្យមកទស្សនាដោយមិនគិតថ្លៃ ជារៀងរាល់ចុងសប្តាហ៍នោះ៕



