ព័ត៌មានជាតិ

ក្រសួងសាធារណការ បើកកិច្ចប្រជុំពិនិត្យ លើលទ្ធផលបឋម នៃគម្រោងសាងសង់ ផ្លូវតភ្ជាប់ពីក្រុង បានលុង ទៅតំបន់កន្ទុយនាគ

ភ្នំពេញ ៖ នៅថ្ងៃអង្គារទី៣ ខែកញ្ញា ឆ្នាំ២០២៤ លោក យិត បុណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំ កិច្ចប្រជុំពិនិត្យលើ លទ្ធផលបឋម នៃការសិក្សាសមិទ្ធលទ្ធភាព គម្រោងសាងសង់ផ្លូវតភ្ជាប់ ពីក្រុងបានលុង ខេត្តរតនគិរី ទៅតំបន់កន្ទុយនាគ (ព្រំដែនកម្ពុជា ឡាវ វៀតណាម) ដែលសិក្សាដោយក្រុមហ៊ុន សាជីវកម្មថ្នល់ និងស្ពានចិន (CRBC) ។

នៅក្នុងបទបង្ហាញនេះដែរ តំណាងក្រុមហ៊ុន CRBC បានលើកយកនូវចំណុចសំខាន់ៗដែលបានសិក្សា មកបង្ហាញជូនអង្គប្រជុំឱ្យបានជ្រាប រួមមានដូចជា៖ (១)ទិដ្ឋភាពទូទៅនៃគម្រោង (២) ការវិភាគលើទំហំសេដ្ឋកិច្ច និងទំហំចរាចរណ៍ (៣) ផែនការនៃការសាងសង់ (៤) ស្តង់ដារបច្ចេកទេសគោលនៃខ្សែផ្លូវ (៥) រយៈពេលនៃការសាងសង់ និង ការវិនិយោគសរុប (៦)ការវាយតម្លៃលើផ្នែកហិរញ្ញវត្ថុ និង (៧) ការសុំមតិយោបល់ ដើម្បីកែលម្អ និងជាធាតុចូលបន្ថែម សម្រាប់ការសិក្សានេះ។

បន្ទាប់ពីទទួលស្តាប់បទ បង្ហាញ ពីតំណាងក្រុមហ៊ុន CRBC រួចមក លោករដ្ឋលេខាធិការ បានលើកជាសំណួរបញ្ជាក់បន្ថែម ឱ្យបានច្បាស់លាស់ នូវចំណុចសំខាន់ៗ មួយចំនួនទាក់ទងបច្ចេកទេស សាងសង់តាមស្ថានភាពភូមិសាស្ត្រ ជាក់ស្តែង ការតម្រឹមខ្សែផ្លូវ ការសម្របសម្រួលជាមួយភាគី ពាក់ព័ន្ធជាដើម ធ្វើយ៉ាងណាឱ្យខ្សែផ្លូវនេះបម្រើឱ្យវិស័យដឹកជញ្ជូន ជំរុញកំណើនសេដ្ឋកិច្ច-សង្គមជាតិឱ្យកាន់តែរីកចម្រើន បម្រើដល់ធ្វើដំណើរប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយផ្លូវ ជាពិសេសគឺជាខ្សែក្រវាត់ព្រំដែន ដ៏សំខាន់ផងដែរ។

លើសពីនេះទៅទៀត លោករដ្ឋលេខាធិការ បានស្នើសុំឱ្យតំណាងក្រុមហ៊ុន CRBC សិក្សាពីលក្ខណៈបច្ចេកទេសស្របតាមបទដ្ឋានបច្ចេកទេសរបស់ក្រសួង និងផ្តល់ជាជម្រើសក្នុងសិក្សាយ៉ាងតិចចំនួន ០២ សម្រាប់ស្នើសុំយោបល់ឯកភាពពី លោករដ្ឋមន្រ្តី។

លោករដ្ឋលេខាធិការ គ្រោងនឹងដឹកនាំក្រុមការងារចុះពិនិត្យទីតាំងជាក់ស្តែង ដើម្បីវិភាគ វាយតម្លៃ និងប្រមូលទិន្នន័យឱ្យបានគ្រប់ជ្រុងជ្រោយ មុននឹងស្នើសុំយោបល់ឯកភាពពីថ្នាក់ដឹកនាំ សំដៅធានាឱ្យបានថាខ្សែផ្លូវដ៏សំខាន់មួយនេះនឹងផ្តល់ជាឧត្តមប្រយោជន៍ជាតិ និងមានគុណភាពល្អ៕

To Top