ព័ត៌មានជាតិ

ក្រសួងការងារ ចេញសេចក្តី ជូនដំណឹង ស្តីពីរបៀបតាមដានវឌ្ឍនភាព សំណើសុំសេវាសាធារណៈ សំណើសុំចុះកិច្ចព្រមព្រៀង ឬទូទាត់ថវិកាពី ប.ស.ស. និងការដាក់ពាក្យទៅធ្វើការ នៅក្រៅប្រទេស

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ បានចេញសេចក្តីជូនដំណឹង ស្តីពីរបៀបតាមដានវឌ្ឍនភាព សំណើសុំសេវាសាធារណៈ សំណើសុំចុះកិច្ចព្រមព្រៀង ឬទូទាត់ថវិកាពី ប.ស.ស. និងការដាក់ពាក្យទៅធ្វើការនៅក្រៅប្រទេស ។

ក្រសួងការងារ បញ្ជាក់ថា ដើម្បីធានានូវគណនេយ្យភាព តម្លាភាព និងសុចរិតភាព នៃការផ្តល់សេវាសាធារណៈ របស់ក្រសួង, ការស្នើសុំ ចុះកិច្ចព្រមព្រៀង មូលដ្ឋានសុខាភិបាល ជាមួយ ប.ស.ស., សំណើសុំទូទាត់ថវិកា ជូនមូលដ្ឋានសុខាភិបាលជាដៃ គូ ប.ស.ស. និងការដាក់ពាក្យស្នើសុំចេញ ទៅធ្វើការនៅ ក្រៅប្រទេស នាពេលកន្លងមក ក្រសួងបានដាក់ឱ្យដំណើរការ នូវប្រព័ន្ធតាមដានវឌ្ឍនភាពសំណើ សុំសេវាសាធារណៈ ឬពាក្យស្នើសុំនានា (Tracking System) ដែលអនុញ្ញាតឱ្យ អ្នកស្នើសុំទាំងអស់ អាចតាមដាននូវវឌ្ឍនភាព សំណើសុំរបស់ខ្លួនថាកំពុង ស្ថិតនៅក្នុងដំណាក់កាលណាមួយ ។
ក្នុងន័យនេះ ដើម្បីបង្ការការឆបោក ឬការមិនទទួលខុសត្រូវ របស់បុគ្គលណាមួយ ជាថ្មីម្តងទៀត ក្រសួង សូមជូនដំណឹង និងលើកទឹកចិត្តដល់សាធារណជន កម្មករនិយោជិត និយោជក និងម្ចាស់មូលដ្ឋានសុខាភិបាល សូមបន្តប្រើប្រាស់ប្រព័ន្ធតាមដានវឌ្ឍនភាពសេវាសាធារណៈ ឬពាក្យស្នើសុំនានា (Tracking System) នេះ ឱ្យបាន ទូលំទូលាយ ដោយអនុវត្ត ដូចខាងក្រោម ៖
១-នៅពេលស្នើសុំសេវានានា ត្រូវទាមទារលេខកូដ តាមដានសេវាសម្រាប់ តាមដានសំណើរបស់ខ្លួន ។
២-ក្រោយទទួលបានលេខកូដ ត្រូវវាយបញ្ចូលលេខកូដនេះ នៅក្នុងគេហទំព័រ https://tracking.mlvt.gov.kh/ ដើម្បីតាមដានវឌ្ឍនភាព សំណើរបស់ខ្លួនថាកំពុង ស្ថិតនៅក្នុងដំណាក់កាលណា ។

សម្រាប់ព័ត៌មានបន្ថែម សាធារណជន កម្មករនិយោជិត និយោជក និងម្ចាស់មូលដ្ឋាន សុខាភិបាល អាច ទំនាក់ទំនងមកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈប្រព័ន្ធ Hotline លេខ ១២៨៦” ឬ “១២៩៧២ ក្រុមតេលេក្រាម “សម្រាប់និយោជក” (https://t.me/EmployerChat) និងក្រុមតេលេក្រាម “សម្រាប់កម្មករ និយោជិត” (https://t.me/KhmerWorkerChat) ដែលអាចភ្ជាប់តាមរយៈការស្កេន QR Code ខាងក្រោម។
ជាមួយគ្នានេះ សាធារណជន កម្មករនិយោជិត និយោជក និង ម្ចាស់មូលដ្ឋានសុខាភិបាល ដែលមានការ មិនពេញចិត្ត ឬមានមន្ទិលសង្ស័យ ឬមានបំណងចង់ប្តឹង បុគ្គលណាមួយក៏អាចដាក់ពាក្យបណ្តឹងអនាមិកតាមរយៈ គេហទំព័រ https://feedback.mlvt.gov.kh ផងដែរ៕

To Top