ព័ត៌មានជាតិ

សម្ដេចតេជោ ស្នើឱ្យពិចារណាចុះបញ្ជីរួមគ្នា លើបេតិកភណ្ឌមួយចំនួនរវាងកម្ពុជា-ថៃ-ឡាវ-មីយ៉ាន់ម៉ា

SHS MEDIA

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យមានការពិចារណាលើការចុះបញ្ជីរួមគ្នា លើបេតិកភណ្ឌមួយចំនួន រវាង កម្ពុជា-ថៃ-ឡាវ-មីយ៉ាន់ម៉ា។

ក្នុង​ឱកាសអនុញ្ញាតឱ្យលោក Cherdkiat ATTHAKOR ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលានៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជា-ថៃ ជាប្រទេសជិតខាងនឹងគ្នា ដែលមានវប្បធម៌ និងទំនៀមទម្លាប់ស្រដៀងគ្នា។

សម្ដេចក៏បានអរគុណដល់ប្រទេសថៃ ដែលក្លាយជាដៃគូដ៏សំខាន់ក្នុងការវិនិយោគ ក្នុងប្រទេសកម្ពុជា។ ការទៅមករកគ្នារវាងប្រទេសទាំងពីរ យើងត្រូវតែបើកទូលាយបន្ថែមទៀត ដើម្បីឱ្យប្រជាជនប្រទេសទាំងពីរ មានឱកាសទៅធ្វើទស្សនកិច្ចស្វែងយល់ផ្សេងៗ ក៏ដូចជាការទៅពិនិត្យព្យាបាលជំងឺជាដើម។ ក្នុងនោះ ប្រទេសថៃបានក្លាយទៅបង្អែកដ៏សំខាន់ សម្រាប់ប្រទេសជិតខាង ដូចជាប្រទេសឡាវ មីយ៉ាន់ម៉ា កម្ពុជា ដើម្បីស្វែងរកសេវាព្យាបាលជំងឺ ដែលមានតម្លៃសមស្រប ហើយថៃក៏មានមន្ទីរពេទ្យជាច្រើន ដែលជាប់នឹងព្រំដែនប្រទេសកម្ពុជាផងដែរ ហើយសម្ដេចបានផ្ដល់អនុសាសន៍ ថាគួរតែបង្កើនការតភ្ជាប់បន្ថែមទៀត។

សម្តេចតេជោ ​បានអរគុណដល់កីឡាករប្រដាល់ថៃ ដែលបានមកចូលរួមប្រកួតកីឡា ជាបន្តបន្ទាប់នៅប្រទេសកម្ពុជា ហើយសម្តេចតេជោក៏បានស្នើឱ្យភាគីកម្ពុជានិងភាគីថៃ ពិចារណាលើការចុះបញ្ជីរួមគ្នា លើបេតិកភណ្ឌមួយចំនួន ជាមួយប្រទេសមីយ៉ាន់ម៉ា និងឡាវ ដែលជាប្រទេសប្រកាន់ ព្រះពុទ្ធសាសនា​ដូចគ្នា ចៀសវាងការដណ្ដើមកម្មសិទ្ធិគ្នា ទៅវិញទៅមក ឧទាហរណ៍ដូចជា ពិធីបុណ្យសង្ក្រាន្ត ជាដើម។

សម្ដេចតេជោ បញ្ជាក់ថា «ប្រសិនបើយើងអាចចុះបញ្ជីរួមគ្នាបានមែននោះ វាជាការបង្ហាញពីការសាមគ្គីភាព និងជាគំរូដ៏ល្អដល់អ្នកជំនាន់ក្រោយ ដើម្បីកុំឱ្យមានការដណ្ដើមគ្នា ថាជារបស់ជារបស់ប្រទេសនេះ របស់ប្រទេសនោះ» ។

ពាក់ព័ន្ធនឹងវិស័យទេសចរណ៍សម្ដេចតេជោ បានលើកឡើងពីគំនិតផ្ដួចផ្ដើម របស់អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ លើរូបមន្ត Visa 2 + X គឺចាប់ផ្ដើមពីកម្ពុជា និងថៃ បូកនិងប្រទេសផ្សេងទៀត។ តាមរយៈរូបមន្តនេះ ការស្នើសុំ Visa តែមួយតែអាចទស្សនាប្រទេសកម្ពុជា និង/ឬប្រទេសថៃបាន។ សម្ដេច បានសម្តែងនូវក្តីសង្ឃឹមថា រដ្ឋាភិបាលនៃប្រទេសទាំងពីរ នឹងពិភាក្សាលើបញ្ហានេះ គឺចាប់ផ្ដើមពីប្រទេសកម្ពុជា និងថៃ ដល់ប្រទេសឡាវ និងប្រទេសមីយ៉ាន់ម៉ា ជាដើម។

សម្ដេច បានបន្តថា ក្រៅពីវិស័យសេដ្ឋកិច្ច ប្រទេសយើងទាំងពីរ ត្រូវរួមគ្នារួមចំណែកក្នុងការថែរក្សាវប្បធម៌ ហើយយើងក៏មានវេទិកាជាច្រើនទៀតដូចជា ACMECS, Mekong, អាស៊ាន និង RCEP ជាដើម ដែលយើងត្រូវពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរបន្ថែមទៀត៕

To Top