ភ្នំពេញ ៖ ក្នុងក្របខ័ណ្ឌមូលនិធិពិសេស សម្រាប់គម្រោង កិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង ឆ្នាំ២០២៤ កម្ពុជានឹងទទួល បានហិរញ្ញប្បទានដែល មានទឹកប្រាក់ប្រមាណ ២លានដុល្លារ សម្រាប់អនុវត្តគម្រោង៨។
គម្រោងទាំង៨នេះ គឺគ្របដណ្តប់ លើផ្នែកទេសចរណ៍ សកម្មភាពដោះមីន កសិកម្ម អភិវឌ្ឍន៍ជនបទ ការលើកកម្ពស់ ការយល់ដឹង ពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ការជំរុញសេដ្ឋកិច្ចក្នុងតំបន់ ការអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ក៏ដូចជាការកសាងសមត្ថភាព និងការគ្រប់គ្រងហានិភ័យទឹកជំនន់។
សម្រាប់កម្ពុជាទទួល បានហិរញ្ញប្បទាន២លានដុល្លារ នេះ នឹងធ្វើឡើងក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីមូលនិធិពិសេស សម្រាប់គម្រោងកិច្ច សហប្រតិបត្តិការ មេគង្គ-ឡានឆាងឆ្នាំ២០២៤ នាថ្ងៃ៥ កញ្ញា រវាងលោក ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេសខ្មែរ និងលោក វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស នាថ្ងៃ៣ កញ្ញា។
សូមបញ្ជាក់ថាក្នុងរយៈពេល៧ឆ្នាំកន្លងមកនេះ មូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានផ្តល់ហិរញ្ញប្បទានដល់គម្រោង ប្រមាណ៩០នៅកម្ពុជា ដែលបង្ហាញពីការប្តេជ្ញាចិត្ត របស់កម្ពុជា និងចិន ក្នុងការរួមចំណែកដល់ការ កសាងសហគមន៍វាសនារួម នៃសន្តិភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់បណ្តាប្រទេសមេគង្គ-ឡានឆាងទាំងអស់ ៕