ព័ត៌មានជាតិ

កម្ពុជា ចង់ឃើញការ វិនិយោគពី សហរដ្ឋអាមេរិក និងសហគមអ៊ឺរ៉ុប នៅកម្ពុជា កាន់តែច្រើនថែមទៀត

ភ្នំពេញ៖ ក្នុងពេលទទួល ជួបពិភាក្សាការងារ ជាមួយ លោកស្រី Bridgette L. Walker ភារធារីស្ថានទូត សហរដ្ឋអាមេរិក ប្រចាំកម្ពុជា នៅថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០២៤ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា បានបង្ហាញពីបំណងចង់ឃើញការ វិនិយោគពី សហរដ្ឋអាម៉េរិក និងសហគមអ៊ឺរ៉ុប នៅកម្ពុជាកាន់តែច្រើនថែមទៀត ។

នាឱកាសនោះឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវអំណរគុណដល់សហរដ្ឋអាម៉េរិក និងក្រុមហ៊ុនដែលបានដាក់ទុនវិនិយោគ នៅកម្ពុជានាពេលកន្លងមក ។ ជាក់ស្ដែង មានក្រុមហ៊ុនធំៗ របស់សហរដ្ឋអាម៉េរិកមួយចំនួន ដែលទទួលបាន ជោគជ័យលើការ វិនិយោគនៅកម្ពុជា ដូចជា ក្រុមហ៊ុនផលិតភេសជ្ជៈ Coca Cola ក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ គ្រុបភ្នំពេញ និងក្រុមហ៊ុន RMA Automotive (Cambodia) Co., Ltd ដែលដំឡើងរថយន្តម៉ាក FORD ក្នុងខេត្តពោធិ៍សាត់ជាដើម។

បន្ថែមពីនេះ លោក ឧបនាយករដ្ឋមន្ត្រី ឃើញឱ្យបានកាន់តែច្រើនថែមទៀត នូវការវិនិយោគពីសហរដ្ឋអាម៉េរិក និងសហគមអ៊ឺរ៉ុប នៅកម្ពុជា។ ជាមួយគ្នានេះ លោក ឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូន លោកស្រីភារធារី អំពីគម្រោងបេសកកម្មគោះទ្វារវិនិយោគិននៅសហរដ្ឋអាមេរិករបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងខែកញ្ញា ឆ្នាំ២០២៤នេះ សំដៅផ្សព្វផ្សាយ ពីបរិយាកាសវិនិយោគនៅកម្ពុជា និងស្វែងរកការបណ្ដាក់ទុន ពីក្រុមហ៊ុនអាម៉េរិកមកកម្ពុជាផងដែរ។

ក្រោមកិច្ចសម្របសម្រួលវិនិយោគ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា ជាសេនាធិការ ច្រកចេញចូលតែមួយ និងភាពបើកទូលាយរបស់កម្ពុជាជូនដល់វិនិយោគិនបរទេស លោក ឧបនាយករដ្ឋមន្រ្តី រំពឹងថាការវិនិយោគដោយផ្ទាល់ពីសហរដ្ឋអាម៉េរិក នឹងមានការកើន ឡើងនាពេលអនាគត។

ទន្ទឹមនឹងនេះ ជាការឆ្លើយតបទៅកាន់លោកស្រី Bridgette L. Walker ដែលបានសាកសួរអំពីវិស័យជាគោលដៅ ដែលរាជរដ្ឋាភិបាលព្យាយាមទាក់ទាញការវិនិយោគបន្ថែម លោក ឧបនាយករដ្ឋមន្ត្រី ក៏បានលើកបង្ហាញអំពីវិស័យគន្លឹះ រួមមានជាអាទិ៍ វិស័យយានយន្ត គ្រឿងបង្គុំអេឡិចត្រូនិក និង វិស័យកសិឧស្សាហកម្ម ជាដើម ដែលសុទ្ធសឹងជាវិស័យ នឹងបង្កើនតម្លៃបន្ថែមដល់សេដ្ឋកិច្ចកម្ពុជា។

ជាមួយគ្នានោះដែរ លោកស្រីភារធារី Bridgette L. Walker បានបង្ហាញនូវសុទិដ្ឋិនិយម អំពីកិច្ចខិតខំរបស់កម្ពុជា ក្នុងការទាក់ទាញវិនិយោគិន និងជូនពរជូន ដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឱ្យទទួលបានជោគជ័យក្នុងការ បេសកកម្មការងារ ក្នុងសហរដ្ឋអាម៉េរិក នាពេលខាងមុខ ។

បន្ថែមពីនេះ ចំពោះទំនាក់ទំនងទ្វេភាគី លោកស្រីរំពឹងថា កម្ពុជានិងសហរដ្ឋអាម៉េរិក នឹងរួមគ្នាបន្តកិច្ចសហប្រតិបត្តិការ នានាបន្ថែមទៀត ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង ឱ្យបានកាន់តែល្អប្រសើរ ថែមមួយកម្រិតទៀត ដែលនឹងរួម ចំណែកគាំទ្រ ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា៕

To Top