ព័ត៌មានជាតិ

CPIT Shanghai សន្យាជួយផ្សព្វផ្សាយ អំពីវិស័យទេសចរណ៍ និងការវិនិយោគឯកជន រវាងក្រុងសៀងហៃ និងកម្ពុជា

ភ្នំពេញ ៖ គណៈប្រតិភូ ក្រុមប្រឹក្សា សម្រាប់ការជំរុញ ពាណិជ្ជកម្មអន្តរជាតិ ទីក្រុងសៀងហៃ (CPIT Shanghai) ដឹកនាំដោយ លោក Zhou Minhao ដែលជាអគ្គនាយកបានជួបពិភាក្សា ជាមួយ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាលើការពិនិត្យ លទ្ធភាពផ្សព្វផ្សាយ អំពីការវិនិយោគឯកជន រវាងប្រទេសកម្ពុជា និងទីក្រុងសៀងហៃ។

នាឱកាសនៃជំនួប នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ លោក ឧបនាយករដ្ឋមន្ត្រី បានបង្ហាញការស្វាគមន៍ ចំពោះគណៈប្រតិភូ ទាំងអស់ ដែលបានអញ្ជើញ មកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានគូសរំលេច អំពីវិស័យជាអាទិភាព របស់រាជរដ្ឋាភិបាល ក្នុងការទាក់ទាញវិនិយោគ ដូចជា ការវិនិយោគលើគ្រឿងបង្គុំអេឡិចត្រូនិក វិស័យយានយន្ត វិស័យកសិកម្ម និងកសិ-ឧស្សាហកម្មជាដើម ។

លោកឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងនាមជាសេនាធិការ របស់រាជរដ្ឋាភិបាល នឹងរីករាយរង់ចាំផ្តល់កិច្ច សម្របសម្រួល ជូនដល់វិនិយោគិន ដែលមានបំណងស្វែងយល់ អំពីសក្ដានុពលកម្ពុជា មុននឹងឈានដល់ ការសម្រេចចិត្តដាក់ទុនវិនិយោគ។

នាឱកាសនោះដែរ លោក Zhou Minhao បានលើកឡើងថា ទស្សនកិច្ចនាឱកាសនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណង ដើម្បីពិនិត្យលទ្ធភាព ក្នុងការចូលរួម ផ្សព្វផ្សាយអំពីវិស័យទេសចរណ៍ ព្រមទាំងកិច្ចការពាណិជ្ជកម្ម និងការវិនិយោគឯកជន រវាងក្រុងសៀងហៃ និងប្រទេសកម្ពុជា។

ក្នុងនោះដែរ គណៈប្រតិភូ CPIT Shanghai ក៏បានលើកឡើង អំពីគោលបំណង ក្នុងការជួយផ្សព្វផ្សាយ នូវប្រព័ន្ធបច្ចេកវិទ្យាឌីជីថលថ្មី របស់ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា ក្នុងការគ្រប់គ្រង គម្រោងវិនិយោគ និងបានបង្ហាញឆន្ទៈ ក្នុងការសហការ រៀបចំសិក្ខាសាលា វេទិកាធុរកិច្ច ឬការផ្គូរផ្គងវិស័យឯកជន រវាងកម្ពុជា-សៀងហៃ នៅក្នុងទីក្រុងសៀងហៃ ដើម្បីជាការគាំទ្រដល់កាងារវិនិយោគ រវាងគ្នាផងដែរ៕

To Top