កណ្តាល ៖ លោក គួច ចំរើន អភិបាលខេត្តកណ្តាល បានដាក់បទបញ្ជា ដល់គណៈបញ្ជាការឯកភាពក្រុង-ស្រុក ត្រូវតែបន្តយកចិត្តទុកដាក់ខ្ពស់ ទៅលើការបង្ក្រាបបទល្មើសគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ គ្រោះថ្នាក់ចរាចរណ៍ និងការប្រើប្រាស់អាវុធជាតិ ជាផ្ទុះខុសច្បាប់ ក្នុងមូលដ្ឋានខ្លួន ឲ្យមានប្រសិទ្ធភាពខ្ពស់ សំដៅធ្វើឲ្យ ភូមិ ឃុំ មានសុវត្ថិភាព។
ការជំរុញនេះ ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងទិសដៅការងារអនុវត្តបន្តសម្រាប់ខែកញ្ញា របស់រដ្ឋបាលខេត្តកណ្តាល នៅថ្ងៃទី៣ កញ្ញា។
ពាក់ព័ន្ធនិងបញ្ហាគ្រឿងញៀន និងក្មេងទំនើង លោក គួច ចំរើន បានស្នើឲ្យគណៈបញ្ជាការឯកភាពថ្នាក់ខេត្ត និងក្រុង-ស្រុក ត្រូវតែបន្តអនុវត្តវិធានការ ផ្សព្វផ្សាយអប់រំណែនាំ និងចាត់វិធានការច្បាប់ឲ្យបានម៉ឺងម៉ាត់បំផុត ហើយរាល់ការចុះបង្ក្រាបបទល្មើស កងកម្លាំងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងកុំឲ្យមានគ្រោះថ្នាក់ផ្សេងៗ ក្នុងពេលបំពេញភារកិច្ច។
ចំពោះបញ្ហាសុវត្ថិភាពចរាចរណ៍ លោកថា ត្រូវដាក់កម្លាំងចាំផាកពិន័យ នៅតាមផ្លូវគោលដៅនានា ឲ្យបានជាប់ជាប្រចាំ ស្របទៅតាមច្បាប់ ដែលបានកំណត់ ។ ជាមួយគ្នានេះ ត្រូវបន្តបង្ក្រាបល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទឲ្យអស់ពីមូលដ្ឋាន ដោយចុះបង្ក្រាបប្រើវិធានការ ច្បាប់គ្មានការលើកលែង ។
បន្ថែមពីលើនេះ លោកអភិបាល ខេត្ត បានក្រើនរំលឹក ដល់កងកម្លាំងសមត្ថកិច្ច និងមន្ទីរពាក់ព័ន្ធ ត្រូវត្រួតពិនិត្យទៅលើរាល់ការ ផ្សព្វផ្សាយពាក់ព័ន្ធកន្លែងបើកលេងល្បែងស៊ីសងខុសច្បាប់ នៅតាមមូលដ្ឋានពីសំណាក់ សារព័ត៌មាននានា ដែលបានផ្សាយព័ត៌មានមិនពិត ត្រូវកោះហៅមកធ្វើការស្រាយបំភ្លឺ និងអប់រំណែនាំកុំឲ្យផ្សព្វផ្សាយព័ត៌មាន គ្មានការពិតបំពុលសង្គមតទៅទៀត ។
អភិបាលខេត្ត ក៏បានស្នើដល់កងកម្លាំងចម្រុះគណៈ បញ្ជាការឯកភាពក្រុង-ស្រុក រួមមាន៖ នគរបាល អាវុធហត្ថនិងកម្លាំងប្រជាការពារត្រូវសហការគ្នា ក្នុងការចុះត្រួតពិនិត្យអាវុធជាផ្ទុះដោយប្រទាក់ក្រឡាគ្នា នៅតាមគោលដៅផ្លូវសំខាន់ៗ ធ្វើយ៉ាងណាលុបបំបាត់ មិនឲ្យកើតមានឡើង នូវករណីការប្រើប្រាស់អាវុធជាតិផ្ទុះខុសច្បាប់ក្នុងមូលដ្ឋានជាដាច់ខាត់។
ជាមួយគ្នានេះដែរ ដោយសារពេលនេះ ជារដូវវស្សាមានភ្លៀងខ្យល់ លោកអភិបាលខេត្ត បានធ្វើការក្រើនរំលឹកដល់ អាជ្ញាធរក្រុង-ស្រុក ត្រូវត្រៀមលក្ខណៈទុកជាមុនក្នុងការជួយដោះស្រាយផ្សេងៗ និងត្រៀមជួយ សង្គ្រោះនៅពេលមានគ្រោះមហន្តរាយនានា កើតមានឡើងនៅមូលដ្ឋាន ពីព្រោះទុក្ខលំបាក និងអាយុជីវិតប្រជាពលរដ្ឋ គឺជារឿងសំខាន់ ដែលក្នុងនាមជាអាជ្ញាធរត្រូវ យកចិត្តទុកដាក់ខ្ពស់ ៕